គ្រួសារ​និង​មេធាវី​គ្រោង​ស្នើ​សុំ​ធានា​ឲ្យ​លោក ស៊ាង ចែត នៅ​ក្រៅ​ឃុំ

0:00 / 0:00

មេធាវី​ការពារ​ក្តី​របស់​មេឃុំ​គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់​ឃុំ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ឲ្យ​កូន​ក្តី​របស់​ខ្លួន គឺ​លោក ស៊ាង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ មេធាវី លោក សំ សុគង់ ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក ស៊ាង ចែត និង​លោក ស៊ាង ចែត ផ្ទាល់​អះអាង​ថា នឹង​មិន​រត់​គេច​ខ្លួន​ទេ។

ការ​អះអាង​របស់​មេធាវី​ការពារ​ក្តី និង​ក្រុម​គ្រួសារ​របស់​លោក ស៊ាង ចែត បែប​នេះ ក្នុង​ពេល​ពួកគេ​មក​សាលាដំបូង​រាជធានី ឃ្លាំមើល​ការ​សាកសួរ​របស់​តុលាការ​ទៅ​លើ​លោក ស៊ាង ចែត បន្ថែម នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា។ ប៉ុន្តែ​ការ​សាកសួរ​នេះ ត្រូវ​បាន​តុលាការ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក្រោម​ហេតុផល​ថា តុលាការ​ជាប់​រវល់។

មេធាវី​ការពារ​ក្តី​លោក ស៊ាង ចែត គឺ​លោក សំ សុគង់ និយាយ​ថា ក្រោយ​កូន​ក្ដី​លោក​ចូល​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ខាង​មុខ លោក​នឹង​ស្នើ​ទៅ​តុលាការ​ដើម្បី​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​ដោយ​ការ​ធានា​ពី​ក្រុម​គ្រួសារ​លោក ស៊ាង ចែត និង​លោក ស៊ាង ចែត ផ្ទាល់៖ «បើ​សិន​មាន​ការ​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ខាង​មុខ​នេះ ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​មួយ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​មាន​គ្រួសារ​លោក ស៊ាង ចែត និង​លោក​ផ្ទាល់​ថា គាត់​នឹង​មិន​គេចវែស និង​ចូល​បំភ្លឺ​គ្រប់​នីតិវិធី​របស់​តុលាការ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​មេ​ឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ភរិយា​របស់​លោក ស៊ាង ចែត លោកស្រី ស្រេង សុខឃឿន ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍​មក​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ។ ទាក់ទង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ​ដែរ ហ្វេសប៊ុក (Facebook) ឈ្មោះ "រឿង​ពិត CNRP” កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា បាន​ទម្លាយ​កិច្ចសន្ទនា​មួយ​ឈុត​ថ្មី​ទៀត​ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹម សុខា ដែល​និយាយ​ទៅ​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ប្រាប់​ទៅ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ឲ្យ​រក្សា​ជំហរ​ដូច​ដែល​នាង​បាន​បកស្រាយ​ប្រាប់​សមត្ថកិច្ច និង​អង្គការ​សិទ្ធិ​មនុស្ស​លើក​ដំបូង។

​មេធាវី​ការពារ​ក្តី​លោក ស៊ាង ចែត លោក សំ សុគង់ ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ ក្រុម​មេធាវី​កំពុង​ស្វែង​រក​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក​ទាក់ទង​ការ​ចោទ​ប្រកាន់​ថា កូន​ក្ដី​របស់​លោក​យក​ប្រាក់​ពីរ​លាន​រៀល ឬ ៥០០​ដុល្លារ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី៖ «ក្រុម​មេធាវី​ការពារ​ឲ្យ​លោក​មេ​ឃុំ​ក៏​ព្យាយាម​លុប ឬ​ក៏​​ភស្តុតាង​ដោះ​បន្ទុក​ដើម្បី​បង្ហាញ​ទៅ​តុលាការ​ថា ភស្តុតាង​លុយ​ពីរ​លាន​រៀល និង​ភស្តុតាង​ផ្សេងៗ​ហ្នឹង ជា​ភស្តុតាង​ដែល​យើង​មិន​អាច​ដាក់​បន្ទុក​លើ​កូន​ក្ដី»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​លោក ស៊ាង ចែត មក​អង្គភាព​ដើម្បី​សាកសួរ​ជុំវិញ​រឿង​ទឹក​ប្រាក់ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ការ​នាំ​ខ្លួន​នោះ បន្ទាប់​ពី​អ្នកនាង ខុម ចាន់តារាទី បាន​សរសេរ​លិខិត​ចំហ​មួយ​លើក​ឡើង​ថា លោក ស៊ាង ចែត ផ្ដល់​ប្រាក់ ៥០០​ដុល្លារ​ដើម្បី​ឲ្យ​នាង​និយាយ​កុហក​ថា គ្មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សំណុំ​រឿង​នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​មន្ត្រី​អង្គការ​សហប្រជាជាតិ លោក សឺន សាលី ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​លោក សឺន សាលី មិន​ទាន់​ចូល​ខ្លួន​បំភ្លឺ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។