ក្រុម​មេធាវី​នឹង​ទៅ​ជួប​លោក កឹម សុខា នៅ​ថ្ងៃ​សុក្រ​នេះ

ដោយ ហេង សកល
2018-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ពួកគេ​នឹង​ទៅ​ជួប​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​សុក្រ ទី​០៥ ចុង​សប្ដាហ៍​នេះ។

លោក​មេធាវី សំ សុគង់ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​មេធាវី​នឹង​ជម្រាប​លោក កឹម សុខា អំពី​ដីកា​កោះ​របស់​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​កោះហៅ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ក្តី​លោក កឹម សុខា។ លោក​មេធាវី បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុម​មេធាវី នឹង​ពិភាក្សា​នីតិវិធី​រឿង​ក្តី​ជាមួយ​លោក កឹម សុខា ព្រមទាំង​ប្រាប់​លោក​អំពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ​ផង​ដែរ។

លោក ម៉ម សូណង់ដូ ក៏បាន​បញ្ជាក់​ដែរ​ថា លោក​នឹង​មិន​អាច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​លោក​ដាក់គុក​ជាថ្មី​ទៀត​ឡើយ ព្រោះ​ការ​កោះហៅ​លោក​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នេះ គ្រាន់តែ​ជា​អន្ទាក់​របស់​រដ្ឋាភិបាល ដែល​ចង់​ចាប់ខ្លួន​លោក​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ជំហរ​នឹង​មិន​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ ដោយសារ​លោក​មិន​ចង់​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក សម្រាប់​បទល្មើស ដែល​តុលាការ​ចោទ លោក កឹម សុខា នោះ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​លោក​ឱ្យ​ចូល​ខ្លួន ឆ្លើយ​បំភ្លឺ​អំពី​ដំណើររឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​កម្មវិធី​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​វិទ្យុ​សំបុក​ឃ្មុំ កាលពី​លោក កឹម សុខា ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ។

លោក ម៉ម សូណង់ដូ ស្នើ​ឱ្យ​តុលាការ​គួរតែ​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ព័ត៌មាន​ទៅ​បំភ្លឺ​ទើប​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា វិទ្យុ​សំបុក​ឃ្មុំ បាន​ជួល​ម៉ោង​ឱ្យ​ស្ថាប័ន ដែល​មាន​ច្បាប់ ពី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឱ្យ​បើក​អង្គការ​ត្រឹមត្រូវ ដូច្នេះ​គួរតែ​កោះហៅ​រដ្ឋមន្ត្រី​ទាំងពីរ​នេះ ទៅ​ឆ្លើយ​បំភ្លឺ​ដែរ។

ដីកាកោះ​អញ្ជើញ​លោក ម៉ម សូណង់ដូ ធ្វើឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​សាកសួរ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​គ្មាន​វត្តមាន​មេធាវី កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែ​ធ្នូ។ លោក កឹម សុខា ប្រាប់​មេធាវី​ថា លោក​នឹង​ឈប់​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ទៀតហើយ ព្រោះ​ការ​សួរចម្លើយ​លោក​ក្នុង​ពន្ធនាគារ ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល