មេធាវី​ប្ដឹង​សាទុក្ខ​សំណុំរឿង​អតីត​​អ្នក​យក​ព័ត៌មាន​​អាស៊ី​សេរី​​ទៅ​​សាលាឧទ្ធរណ៍

ដោយ ថន ថារ៉ូ
2019-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។
RFA

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​តម្រូវ​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​បន្ថែម​ទៀត​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​មិន​គួរ​មានការ​ស៊ើប​អង្កេត​ទៀត​នោះ​ទេ ព្រោះ​សវនាការ​នា​ពេល​កន្លងមក គ្មាន​ខ្វះ​ចន្លោះ​ត្រង់ណា​ឡើយ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក សំ ចំរើន ថ្លែង​ថា លោក​បាន​យក​បណ្តឹង​សាទុក្ខ​នេះ​ដាក់​ជូន​តុលាការ កាលពី​ថ្ងៃ​១៤ តុលា​កន្លង​ទៅ។ លោក​ឱ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ មិន​ពេញ​ចិត្តនឹង​ការសម្រេច​ស៊ើបអង្កេត​សំណុំរឿង​ឡើងវិញ​នោះ​ឡើយ ទើប​បាន​ជា​ពួកគេ​សម្រេច​ប្តឹង​សាទុក្ខ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​បដិសេធ​នីតិវិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ៖ «យើង​សុំ​ឱ្យ​សាលាឧទ្ធរណ៍​បដិសេធ​សាលក្រម​ចាត់​របៀប​ហ្នឹង ហើយ​សម្រេច​អង្គ​សេចក្តី​លើ​សំណុំរឿង​ទាំងមូល​ឡើងវិញ ដោយ​ផ្អែកលើ​ភស្តុតាង និង​ឯកសារ​ដែល​មាន​ក្នុង​សំណុំរឿង​ត្រឹម​ថ្ងៃ​ដែល​តុលាការ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ហ្នឹង​តែម្ដង ព្រោះ​បើ​យើង​រង់ចាំ​តទៅទៀត​មិន​ដឹង​ថា ពេលវេលា​ហ្នឹង​ដល់ពេល​ណា​ទេ​នឹង​អាច​ធ្វើ​ការ​ជំនុំជម្រះ​ឡើង​វិញ​ម្តង​ទៀត​បន្ទាប់ពី​ការ​ស៊ើបសួរ​បន្ថែម»

ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ តុលា បាន​ចាត់តាំង និង​បង្គាប់​ឱ្យ​ចៅក្រម​ស៊ើបសួរ ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​ចំណុច​មួយ​ចំនួន ដូចជា ព័ត៌មាន​នៅ​ក្នុង​ឧបករណ៍​ផ្ទុក (Hard Drive) ដែល​លោក អ៊ួន ឈិន បាន​ប្រគល់​ឱ្យ​មន្ត្រី​ទូត​អាមេរិក​នៅ​ពេល​អាស៊ីសេរី​បិទ​ការិយាល័យ​នៅ​ភ្នំពេញ និង​​គោលដៅ​នៃ​ការប្រើប្រាស់​ឧបករណ៍​ទាំងឡាយ​របស់​លោក អ៊ួន ឈិន ដែល​បម្រើ​ឱ្យ​វិជ្ជាជីវៈ​សារព័ត៌មាន។ តុលាការ​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ស៊ើបអង្កេត​បន្ថែម​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​ត្រូវ​អូស​បន្លាយ​តទៅ​មុខ​ទៀត ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

មេធាវី សំ ចំរើន ឱ្យ​ដឹង​ទៀត​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​នាក់​គ្មាន​លំនឹង​ផ្លូវចិត្ត​នោះ​ឡើយ ហើយក៏​មិន​អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​ត្រឹមត្រូវ​ដូច​ពេល​មុន​នោះ​ដែរ​។ ជាពិសេស​លោក​ថា ការសម្រេច​ស៊ើបអង្កេត​រឿង​ក្តី​បន្ត​ទៀត​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផ្លូវចិត្ត​របស់​កូន​ក្តី ដោយសារតែ​ពួកគេ​មិនបាន​ប្រព្រឹត្ត​កំហុស​​​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «គាត់​គិត​ថា ខ្លួន​គាត់​ច​ចេះតែ​ជាប់ជំពាក់​ក្នុង​នីតិវិធី មិន​ដាច់​ស្រឡះ មិន​ដឹង​ថា​ថ្ងៃ​ណា​គេ​ហៅ ថ្ងៃ​ណា​នឹង​មិន​រឿងរ៉ាវ​ត្រូវ​ឆ្លើយ​បំភ្លឺ​បែប​ណា ថ្ងៃ​ណា​នឹង​មាន​ភារកិច្ច​ជាមួយ​តុលាការ​បែប​ម៉េច​។ វា​មិនបាន​ជ្រះស្រឡះ អ៊ីចឹង​ធ្វើ​ឱ្យ​ពួកគាត់​ហ្នឹង​មិន​អាច​រក​ការងារ​ដែល​ស្ថិតស្ថេរ ដែល​រឹងមាំ​ដើម្បី​រក​ចំណូល​ឱ្យ​បាន​ដូច​កាលពី​ពួកគាត់​មុន​ត្រូវ​គេ​ឃុំឃាំង​នោះ​បាន​ទេ»

តុលាការ​របប​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ​“​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​បទ “​ផលិត​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង​៩ ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​បាន​បន្ត​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ចង់​បន្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏​មិន​អាច​ធ្វើ​បាន​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា តុលាការ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​អ្នក​ទាំងពីរ​នោះ​ឡើយ ក្នុង​ពេល​សវនាការ​កន្លង​មក។ ម្យ៉ាងវិញទៀត លោក​ថា តុលាការ​បាន​ប្រើ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ ដើម្បី​ដំណើរការ​រឿង​ក្តី​នេះ មិន​គួរ​អូស​បន្លាយ​តទៅទៀត​នោះ​ទេ​។ លោក​អំពាវនាវ​ដល់​សាលាឧទ្ធរណ៍ បដិសេធ​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​តម្រូវ​ឱ្យ​តុលាការ​ជាន់​ទាប​ប្រកាស​សាលក្រម​អង្គ​សេចក្ដី​ឱ្យ​បាន​ឆាប់៖ «យើង​តាមដាន​តាំងពី​ដំបូង​មក​ឃើញ​ថា វា​មិន​មាន​ភស្តុតាង ឬក៏​ធាតុ​ផ្សំ​នៃ​បទល្មើស​ណា​ដែល​អាច​ចោទប្រកាន់​អ្នក​ទាំងពីរ​ទៅតាម​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង​បានទេ អ៊ីចឹង​សង្ឃឹមថា ករណី​នេះ​សាលាឧទ្ធរណ៍​នឹង​បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​ហ្នឹង ហើយ​និង​ឱ្យ​ធ្វើ​ការ​ជំនុំជម្រះ និង​ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ទាំងពីរ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ពិនិត្យ​ឃើញ​ថា តុលាការ​គ្មាន​ភស្តុតាង​ពិតប្រាកដ​ណាមួយ​ដែល​បង្ហាញ​ថា អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប​បាន​ប្រព្រឹត្ត​បទល្មើស​ចារកម្ម​នោះ​ឡើយ​។ ក្រុម​សង្គម​ស៊ីវិល​យល់ថា ការ​បន្ត​សំណុំ​រឿង​នេះ​មានន័យ​ស្មើនឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប និង​អំពាវនាវ​ដល់​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការ​យាយី​អ្នកសារព័ត៌មាន​ឯករាជ្យ​តទៅទៀត ដោយ​ត្រូវ​បើកចំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល