អ្នកច្បាប់​អះអាង​ថា ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​នៃ​ការស៊ើបអង្កេត​ជា​ការ​រំលោភច្បាប់

ដោយ ហេង សាកល
2017-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។
Photo: RFA

អ្នកច្បាប់​អះអាង​ថា មន្ត្រី​អនុវត្ត​ច្បាប់​កំពុង​អង្គុយ​លើ​ច្បាប់ ស្រប​ពេល​ដែល​ប្រទេស​កំពុង​មាន​វិបត្តិ​នយោបាយ។ អ្នក​ច្បាប់​ថា ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត ទៅ​សារព័ត៌មាន​ផ្សព្វផ្សាយ និង​សាធារណៈ ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​បុគ្គល។

លោក​មេធាវី ហែម សុជាតិ ពន្យល់​ថា ការ​ស៊ើបអង្កេត​ក្នុង​រឿង​ព្រហ្មទណ្ឌ ត្រូវ​តែ​ធ្វើ​ឡើង​ជា​ការ​សម្ងាត់។ លោក​មេធាវី​បន្ត​ថា បុគ្គល​ទាំងឡាយ ដែល​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត ជាពិសេស​ចៅក្រម ចៅក្រម​ខាង​អយ្យការ មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ​ជាដើម ត្រូវតែ​រក្សា​ការសម្ងាត់​នៃ​វិជ្ជាជីវៈ។ «»

លោក​មេធាវី ហែម សុជាតិ បន្ត​ថា មាន​តែ​ចៅក្រម​អយ្យការ​ប៉ុណ្ណោះ ដែល​ច្បាប់​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ កាលណា​បើ​ចៅក្រម​អយ្យការ​យល់​ឃើញ​ថា​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​ពី​រឿង​ណាមួយ​ជា​ព័ត៌មាន​មិន​ពិត។ ការ​លើក​ឡើង​របស់​មេធាវី​នេះ ក្រោយ​ពេល​ដែល​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ព័ត៌មាន និង​រូបភាព​សម្ងាត់​នៃ​ការស៊ើបអង្កេត អតីត​បុគ្គលិក​អាស៊ីសេរី​ម្នាក់ ទៅ​ឱ្យ​ស្ថាប័ន​កាសែត​គាំទ្រ​លោក ហ៊ុន សែន ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​អតីត​បុគ្គលិក​អាស៊ីសេរី។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន គឺ​លោក​មេធាវី កែវ វ៉ាន្នី បាន​ប្រតិកម្ម​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នៃ​ការស៊ើបអង្កេត​នេះ។ លោក​មេធាវី​លើក​ឡើង​ថា ការ​បញ្ចេញ​ព័ត៌មាន​នេះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ស៊ើបសួរ​នៃ​រឿង​ក្ដី ព្រមទាំង​ប៉ះពាល់​ដល់​សេចក្ដី​វិនិច្ឆ័យ​រឿង​ក្ដី​នេះ​នៅ​ពេល​ខាងមុខ។

លោក​មេធាវី​អះអាង​ថា ទង្វើ​របស់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​កូន​ក្ដី​លោក​យ៉ាង​ធ្ងន់ធ្ងរ ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​ក្រុម​គ្រួសារ​កូន​ក្ដី​លោក​ផង​ដែរ។ «»

លោក​មេធាវី​បញ្ជាក់​ថា លោក​នឹង​ចាត់វិធានការ​ដាក់ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​ដើម្បី​វែកមុខ​ជន​ដែល​បញ្ចេញ​ព័ត៌មាន​នេះ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។ «»

មាត្រា​៣១៤ នៃ​ក្រមព្រហ្មទណ្ឌ បទ​ប៉ះពាល់​ដល់​អាថ៌កំបាំង​វិជ្ជាជីវៈ ចែងថា បុគ្គល​ដែល​កាន់កាប់​ព័ត៌មាន​ដែល​មាន​លក្ខណៈ​អាថ៌កំបាំង ដោយ​មូលហេតុ​នៃ​ស្ថានភាព​មុខរបរ មុខងារ ឬ​បេសកកម្ម​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​មួយ​សែន​រៀល ទៅ​ពីរ​សែន​រៀល ប្រសិនបើ​បុគ្គល​នោះ​បង្ហាញ​ព័ត៌មាន​នេះ ដល់​បុគ្គល​ដែល​គ្មាន​សមត្ថកិច្ច​ដើម្បី​ដឹង​ពី​ព័ត៌មាន​នេះ។

លោក​មេធាវី ហែម សុជាតិ ពន្យល់​បន្ត​ថា បើ​ទោះ​បី​ជា​តុលាការ​ផ្ដន្ទាទោស​បុគ្គល​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ថតរូប ឬ​ថត​វីដេអូ​អាសអាភាស​ក៏ដោយ ក៏​តុលាការ​មិន​អាច​ចេញ​សេចក្ដី​សម្រេច​បង្គាប់​ឱ្យ​ស្ថាប័ន​សារព័ត៌មាន ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​រឿង​នេះ​បាន​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​ចោទប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ពី​បទ​លួច​ផលិត​ព័ត៌មាន​ឲ្យ​បរទេស ក្រោយ​ពេល​ឃាត់ខ្លួន​ខុសច្បាប់​អស់​រយៈពេល ៤​ថ្ងៃ នៅ​ស្នងការ​ក្រុងភ្នំពេញ។

លោក​មេធាវី កែវ វ៉ាន្នី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ថា ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុងភ្នំពេញ បាន​កោះហៅ​កូនក្ដី​របស់​លោក​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ខាងមុខ។ លោក​មេធាវី​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បញ្ចេញ​រូប និង​វីដេអូ​អាសអាភាស ដែល​អះអាង​ថា ជា​របស់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ម្នាក់ ទៅ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល