តុលាការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​រវាង​ជនជាតិ​ចិន​បើក​ឡាន​បុក​ពលរដ្ឋ​ស្លាប់ និង​អ្នក​ធ្វើ​កិច្ចការ​សង្គម

ដោយ ​មាន ឫទ្ធិ
2024.05.14
តុលាការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​រវាង​ជនជាតិ​ចិន​បើក​ឡាន​បុក​ពលរដ្ឋ​ស្លាប់ និង​អ្នក​ធ្វើ​កិច្ចការ​សង្គម តារា​តិកតុកជនជាតិ ឈ្មោះ បាហ្វីដូ (Ba Fido) គឺលោក ហ្វូ ចុងហ័រ (Fu Zhong Hua) (ឆ្វេង) ថតជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បង្ហោះលើហ្វេសប៊ុករបស់ខ្លួន​ កាលពីថ្ងៃទី៩ ឧសភា ២០២៤។
រូប៖ ហ្វេសប៊ុកលោក បាហ្វីដូ

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​សង្គម​លើកឡើង​ថា តុលាការ​បាន​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ខុសគ្នា រវាង​ការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​បើកឡាន​សេរី​ទំនើប​បុក​ពលរដ្ឋ​ស្លាប់​កាលពី​ខែកុម្ភៈ​នោះ ខុសពី​ការ​ផ្ដន្ទាទោស​សកម្មជន និង​សហជីព​។ ពួកគេ​រិះគន់​ទៀត​ថា ការ​អនុវត្ត​ស្តង់ដារ​ពីរ​ដូច្នេះ នឹង​ធ្វើ​ឱ្យ​សាធារណជន​រិះគន់​បន្ថែម​ទៀត​ថា តុលាការ​កាត់ក្ដី​មិន​ឈរ​លើ​គោលការណ៍ ឯករាជ្យ និង​យុត្តិធម៌។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ឃើញ​ថា ការសម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​ម្នាក់​ដែល​បុក​ពលរដ្ឋ​ខ្មែរ​ស្លាប់​ឱ្យ​ជាប់គុក ២​ឆ្នាំ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ប៉ុន្តែ​ការសម្រេច​បែបនេះ​ហាក់​ទំនង​មិនអាច​ធ្វើ​ឱ្យ​ជន​បង្ក​រាងចាល និង​មិនអាច​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរ​បាន​នោះ​ទេ។

លោក រស់ សុដ្ឋា បន្ថែម​ថា ពលរដ្ឋ​សាមញ្ញ រួម​ទាំង​ក្រុម​មន្ត្រី និង​អ្នក​មាន​អំណាច សុទ្ធតែ​ជា​អ្នក​ប្រឈម​រងគ្រោះ​តាម​ដងផ្លូវ​ដោយសារតែ​ជន​បើកបរ​ដោយ​ស្ថានភាព​ស្រវឹង ដូច្នេះ​តុលាការ​គួរ​ប្រើ​សិទ្ធ​សម្រេច ក្នុង​ការ​ផ្ដន្ទាទោស​ជន​បើកបរ​បុក​មនុស្ស​ស្លាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ផ្សេងទៀត​ដែល​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ប្រមាថ​ជីវិត​ពលរដ្ឋ។

លោក រស់ សុដ្ឋា៖ «ដើម្បី​ធានា​នីតិរដ្ឋ យើង​ត្រូវ​អនុវត្ត​ឱ្យ​ស្មើៗ​គ្នា​កុំឱ្យ​គិតថា ជនជាតិ​នេះ សាសន៍​នោះ អ៊ីចឹង​បាន​យើង​ត្រូវតែ​មានច្បាប់ ហើយ​ការអនុវត្ត​ច្បាប់​មិន​ថា អ្នកណា​ទេ​ត្រូវ​គោរព​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​ច្បាប់​គឺ​ធ្វើ​ឡើង ដើម្បី​ធានា​បញ្ចៀស​នូវ​បញ្ហា កើតឡើង​ក្នុង​សង្គម។ ប្រសិនជា​យើង​អនុវត្ត​ច្បាប់​បាន​ល្អ​ប្រសើរ មិន​រើសមុខ​ធ្វើ​មនុស្ស​ក្នុង​សង្គម​មានការ​ភ័យខ្លាច​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស»

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​បែបនេះ ស្ដែង​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា បានសម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន​ដែល​ជា​បក្ខពួក​តារា​តិកតុក ឈ្មោះ បាហ្វីដូ (Ba Fido) គឺ​លោក ហ្វូ ចុងហ័រ (Fu Zhong Hua) ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ និង​រត់គេច​ខ្លួន បន្ទាប់​ពី​លោក និង​បក្ខពួក​បើកឡាន​ក្នុង​ល្បឿន​លឿន​បណ្ដាល​ឱ្យ​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម នៅ​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ កន្លង​ទៅ។

ទោះជា​យ៉ាងណា តុលាការ​បាន​សម្រេច​ឱ្យ​ពិរុទ្ធជន ហ្វូ ចុងហ័រ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ និង​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​បន្ថែម​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា។

ការ​សម្រេច​របស់​តុលាការ​បែបនេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​អ្នកមាន​លុយ​មាន​អំណាច និង​លើ​ក្រុម​អ្នកធ្វើ​កិច្ច​ការងារ​សង្គម​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដូចជា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ជាដើម​មាន​ស្តង់ដារ​ពីរ បើ​ទោះបីជា​ពួកគាត់​ប្រើ​សិទ្ធិ​ជា​មូលដ្ឋាន​រិះគន់​បញ្ហា​សង្គម និង​ការពារ​ប្រយោជន៍​កម្មករ ហើយ​ត្រូវ​បាន​រង​ការចោទប្រកាន់​រហូត​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ក៏​តុលាការ​មិន​យោគយល់​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែរ។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស ជាពិសេស​ជនបរទេស​ដែល​បង្ក​អសន្តិសុខ​សង្គម ស្ថាប័ន​តុលាការ​គួរ​ធ្វើឡើង​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​យុត្តិធម៌។

លោក ប៉ោ មករា៖ «មួយទៀត​វា​អាច​ថា កម្ពុជា​នៅពេល​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ​វា​បង្ហាញ​ពី​នីតិរដ្ឋ​កម្ពុជា​ហ្នឹង​ត្រូវ​បាន​ចាក់គ្រឹះ​ឱ្យ​រឹងមាំ សម្រាប់​ពង្រឹង​សង្គម​ប្រជាធិបតេយ្យ​។ តែ​បើសិនជា​អ្នក​អនុវត្ត​ច្បាប់ ឬ​តួអង្គ​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង ប្រកាន់​បក្ខពួក​និយម អ្នកនេះ​ជា​សកម្មជន អ្នកនេះ​ជា​អ្នកប្រឆាំង នៅពេល​អនុវត្ត​ទៅ​ធ្វើ​ឱ្យ​ចេញ​ស្តង់ដារ​នៃ​ការ​អនុវត្ត​ហ្នឹង​ពីរ អ៊ីចឹង​វា​អត់​ស្មើភាព​គ្នា អត់​មាន​ភាព​យុត្តិធម៌​ក្នុង​សង្គម»

ក្រុម​អ្នក​តាមដាន​សង្គម​ចង់​ឃើញ​តុលាការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ជនល្មើស ឬ​ជន​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ និង​ដើម្បី​ព្រមាន​ដល់​ជន​ផ្សេងទៀត​ឱ្យ​គោរព​ច្បាប់ និង​អាយុជីវិត​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​ផ្លូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។