អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) រកឃើញថា សភាពចង្អៀតណែនក្នុងពន្ធនាគារបានក្លាយជាបញ្ហាមួយដ៏សំខាន់ ដែលបង្កផលប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ និងផ្ដល់ផលវិបាកដល់មន្ត្រីពន្ធនាគារ និងសង្គមទាំងមូល។ អង្គការនេះស្នើឱ្យតុលាការបញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នដែលមិនចាំបាច់ ដើម្បីឱ្យអាចដោះស្រាយបញ្ហានេះបាន។
អង្គការសិទ្ធិមនុស្សលីកាដូ សម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្រោយរកឃើញថា ចំនួនអ្នកជាប់ឃុំបានកើនឡើងជាគំហុក មិនធ្លាប់មានពីមុនមក។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូចេញផ្សាយនៅរសៀលថ្ងៃទី១ វិច្ឆិកា ឱ្យដឹងថា ពន្ធនាគារចំនួន ១៨ ក្នុងចំណោម ២៨ កន្លែងនៅទូទាំងប្រទេស ដែលអង្គការនេះបានឃ្លាំមើល មានអ្នកជាប់ពន្ធនាគារច្រើនជាងមួយភាគបី គឺជាអ្នកដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ អ្នកជាប់ឃុំក្នុងពន្ធនាគារទាំង ១៨ នោះ មានចំនួនជិត ២ ម៉ឺន ៦ពាន់នាក់ (២៥,៩២៦០) ក្នុងនោះជិត ១ ម៉ឺននាក់ (៩,៥២៧) គឺជាអ្នកជាប់ឃុំបណ្ដោះអាសន្ន។ អង្គការលីកាដូរកឃើញទៀតថា ក្នុងពន្ធនាគារមួយចំនួន មានអ្នកជាប់ឃុំច្រើនជាងពាក់កណ្តាល មិនទាន់ត្រូវបានតុលាការបើកសវនាការជំនុំជម្រះនៅឡើយ ខណៈច្បាប់មិនអនុញ្ញាតឱ្យឃុំខ្លួនជនជាប់ចោទ លើសរយៈពេល ២២ ខែនោះឡើយ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះ កើតឡើងក្រោយមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអនុវត្តនីតិវិធីឃុំខ្លួនបណ្ដោះអាសន្ន ដែលមិនចាំបាច់ជាច្រើនករណី។ លោកបន្តថា ស្ថានភាពចង្អៀតណែនបែបនេះ ប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំធ្ងន់ធ្ងរ ហើយក៏បង្កការលំបាកដល់មន្ត្រីពន្ធនាគារផងដែរ៖ «ដោយសារតែកន្លែងស្នាក់នៅ និងកន្លែងដេកហ្នឹង មានភាពចង្អៀតណែន ហើយអ្នកទោសខ្លះអាចផ្លាស់ប្ដូរវេនគ្នាគេង ហើយការចេញចូលយកខ្យល់អាកាសហ្នឹង ក៏វាមិនគ្រប់គ្រាន់ដែរ គឺត្រូវប្ដូរវេនគ្នា ហើយទាក់ទងនឹងសម្ភារៈប្រើប្រាស់ និងម្ហូបអាហារ ក៏មានការខ្វះខាតផងដែរ។ បញ្ហាស្ត្រីដែលមានកូនរស់នៅតាមម្ដាយនៅក្នុងពន្ធនាគារ គឺមានការកើនឡើង។ បច្ចុប្បន្ន គឺមានស្ត្រីច្រើនដែលមានកុមារតូចតាមម្ដាយទៅរស់នៅក្នុងពន្ធនាគារក្រោមអាយុ ៣ឆ្នាំ ហើយមួយទៀតគឺស្រ្តីដែលមានផ្ទៃពោះក៏ត្រូវមានផលលំបាកផ្នែកសុខភាព ហើយនិងស្ត្រីដែលពពោះ ហើយសម្រាលកូនហ្នឹង ក៏ត្រូវទទួលរងបញ្ហាសុខភាពនេះដែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ កត់សម្គាល់ថា ច្បាប់របស់កម្ពុជាចែងអំពីគោលការណ៍សិទ្ធិសេរីភាពជាមូលដ្ឋាន ជាជាងការឃុំខ្លួនបណ្ដោះអាសន្ន ប៉ុន្តែការអនុវត្តជាក់ស្ដែងរបស់អាជ្ញាធរ និងតុលាការ គឺមិនទាន់បានត្រឹមត្រូវ និងពេញលេញនៅឡើយ។
អង្គការលីកាដូរកឃើញថា ការប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុ ធ្វើឱ្យស្ថានភាពពន្ធនាគារដែលចង្អៀតណែនស្រាប់ កាន់តែធ្ងន់ធ្ងរឡើង ហើយធនធានសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារដែលកំពុងមានតិចតួចស្រាប់ កាន់តែខ្វះខាត។ បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងដល់ជនងាយរងគ្រោះមួយចំនួន ដូចជា កុមារដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ឬស្ត្រីមានផ្ទៃពោះដែលសម្រាលកូនក្នុងពន្ធនាគារ ជាដើម។ អង្គការលីកាដូរកឃើញថា បច្ចុប្បន្ននេះមានស្ត្រីមានផ្ទៃពោះចំនួន ៣០នាក់ ម្ដាយចំនួន ១៣៥នាក់ និងកុមារអាយុក្រោម ៣ ឆ្នាំចំនួន ១៣៨ នាក់ កំពុងរស់នៅក្នុងពន្ធនាគារចំនួន ១៨កន្លែងនៅទូទាំងប្រទេស។ ក្នុងចំណោមស្ត្រីដែលកំពុងជាប់ពន្ធនាគារទាំងអស់នោះ មានជាងពាក់កណ្តាលមិនទាន់ត្រូវបានតុលាការផ្ដន្ទាទោសពីបទល្មើសជាក់លាក់ណាមួយនៅឡើយ ហើយអំឡុងពេលនៃការវិវឌ្ឍរបស់កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ពួកគេមិនសូវទទួលបានអាហារូបត្ថម្ភបន្ថែមនោះទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព តាមទូរស័ព្ទជាច្រើនដង នៅថ្ងៃទី១ វិច្ឆិកា ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា ក៏មិនលើកទូរស័ព្ទដូចគ្នា ក៏ប៉ុន្តែលោកធ្លាប់បានទទួលស្គាល់ថា ពន្ធនាគារពិតជាមានសភាពចង្អៀតណែនខ្លាំងពិតប្រាកដមែន ក្រោយពេលរបបក្រុងភ្នំពេញអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០១៧ នោះមក។
លោក អំ សំអាត ថ្លែងថា ដំណោះស្រាយរឿងនេះ គឺតុលាការត្រូវដោះលែងជនជាប់ចោទមួយចំនួនឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយភ្ជាប់នូវលក្ខខណ្ឌចាំបាច់នានា រហូតដល់ថ្ងៃសវនការជំនុំជម្រះរឿងក្តីជនទាំងនោះ។ លោកបញ្ជាក់ថា ការធ្វើបែបនេះជាការគោរពសិទ្ធិពលរដ្ឋ និងកាត់បន្ថយសម្ពាធទៅលើជនជាប់ឃុំរាប់ពាន់នាក់ និងមន្ត្រីពន្ធនាគារជាច្រើន ដែលកំពុងជួបប្រទះស្ថានភាពលំបាក និងយ៉ាប់យ៉ឺនជារៀងរាល់ថ្ងៃ ក្នុងពន្ធនាគារទាំងអស់នៅកម្ពុជា៖ «យើងពិនិត្យមើលដូចជាបទល្មើសណា ដែលវាមជ្ឈិមកម្រិតស្រាលដែលគួរតែអនុញ្ញាតឱ្យនៅក្រៅឃុំ យើងគួរតែអនុញ្ញាតទៅ។ ហើយបទល្មើសមជ្ឈិមណាដែលគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ហ្នឹង គួរតែអនុញ្ញាតឱ្យនៅក្រៅឃុំ គួរតែឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ហើយយើងមានវិធានការផ្សេងទៀត ដូចជាការដាក់ប្រាក់តម្កល់ ដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធតុលាការ។ នេះជាការជួយសម្រួលទៅដល់ភាពចង្អៀតណែននៃពន្ធនាគារផងដែរ ប្រសិនបើយើងអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួននោះ»។
អង្គការសិទ្ធិមនុស្សលីកាដូអះអាងថា ការប្រើប្រាស់នីតិវិធីដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នបានត្រឹមត្រូវ ចំពោះបទល្មើសដែលមិនមានហិង្សា នឹងផ្ដល់ប្រយោជន៍ច្រើនដល់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌទាំងមូល។ ការអនុវត្តបែបនេះ ជាការលើកទឹកចិត្តឱ្យមានការចាត់អាទិភាពរឿងក្តីទៅតាមភាពធ្ងន់ធ្ងររបស់ករណីនីមួយៗ និងកាត់បន្ថយការងារច្រើនហួសហេតុរបស់ស្ថាប័នតុលាការ។ បន្ថែមពីលើនេះ វិធីនេះក៏អាចផ្ដល់ផលវិជ្ជមានដល់សង្គមផងដែរ គឺកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ថែរក្សាចំណងគ្រួសារឱ្យនៅល្អ និងការពារកុមារពីការទទួលយកឥទ្ធិពលអវិជ្ជមានពីការរស់នៅក្នុងពន្ធនាគារ៕