សង្គម​ស៊ីវិល​នៅ​ខេត្ត​បាត់ដំបង​ប្រតិកម្ម​​នឹង​មន្ត្រី​អាវុធហត្ថ​ស្រុក​សំឡូត ដែល​ជំរិត​យក​ប្រាក់​ពី​ពលរដ្ឋ​ជិត​ ២០លាន​រៀល

ដោយ សុ ជីវី
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ែន សុវណ្ណ (ឆ្វេង) លោកស្រី កែវ ឈៀង (ស្ដាំ) ជន​រងគ្រោះ​នៃ​ការ​ជំរិត​យក​ប្រាក់ ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​មន្ត្រី​សម្របសម្រួល​សមាគម អាដហុក នៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រំចេក​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ថ្ងៃទី២ ខែ​មេសា ឆ្នាំ២០១៩។
លោក ម៉ែន សុវណ្ណ (ឆ្វេង) លោកស្រី កែវ ឈៀង (ស្ដាំ) ជន​រងគ្រោះ​នៃ​ការ​ជំរិត​យក​ប្រាក់ ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​មន្ត្រី​សម្របសម្រួល​សមាគម អាដហុក នៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រំចេក​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ថ្ងៃទី២ ខែ​មេសា ឆ្នាំ២០១៩។
រូបថត៖ សមាគម អាដហុក ខេត្ត​បាត់ដំបង

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​បាត់ដំបង​ បាន​ប្រតិកម្ម​ទៅ​​កងរាជអាវុធហត្ថ​នៅ​ស្រុក​សំឡូត​ ដែល​បាន​យក​ប្រាក់​ជិត ​២០​លាន​រៀល​ពី​ប្រជាពលរដ្ឋ​​ដើរ​លក់​ឆ្នោត​តាម​ផ្ទះ​ ដើម្បី​ជា​ថ្នូរ​ដោះលែង​ឲ្យ​មាន​សេរីភាព​ ថា​ជា​ការ​ជំរិត​យក​ប្រាក់​ពលរដ្ឋ​​ខុស​ច្បាប់។​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត មាន​ប្រសាសន៍​ថា​ មិន​ទាន់​បាន​ដឹង​បញ្ហា​នេះ​នៅ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ត្រៀម​បញ្ជូន​សំណុំរឿង​នេះ​ដាក់​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដោយ​ស្នើសុំ​ឱ្យ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​(Adhoc) ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ មេសា​ថា លោក​បាន​ចុះ​ស៊ើប​អង្កេត​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ ចំនួន ២គ្រួសារ គឺ​ឈ្មោះ ម៉ែន សុវណ្ណ និង​ឈ្មោះ កែវ ឈៀង រស់​នៅ​ស្រុក​សំឡូត​ដោយ​សង្ស័យ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំឡូត បាន​ចាប់​ពួក​គាត់​ជំរិត​យក​ប្រាក់​សរុប ១៨លាន​រៀល​(១៨.០០០.០០០) ដើម្បី​ជា​ថ្នូរ​ដោះ​លែង​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី១២ និង​ថ្ងៃ​ទី១៨ ខែ​មីនា​កន្លង​ទៅ។ លោក​អះអាង​ថា រឿង​នេះ​ជា​អំពើ​ខុស​ច្បាប់ ព្រោះ​បើ​ទោះ​បី​ជា​ពួក​គាត់​ដើរ​លក់​ឆ្នោត​តាម​ផ្ទះ​ក៏​ដោយ ក៏​សមត្ថកិច្ច​មិន​ត្រូវ​ធ្វើ​បែប​នេះ​ដែរ គឺ​ត្រូវ​ចាប់​ពួក​គាត់​យក​ទៅ​ដោះ​ស្រាយ​តាម​ច្បាប់ មិន​មែន​យក​ទៅ​គំរាម​ទារ​ប្រាក់​បែប​នេះ​ឡើយ៖ «គេ​យក​តួនាទី​ដើរ​ធ្វើ​អាជីវកម្ម​តែ​ម្ដង​ ហើយ​កំហុស​ដើរ​កាត់​កន្ទុយ​លេខ​ប៉ុណ្ណឹង​មិន​ត្រូវ​ធ្វើ​បែប​នេះ​ គឺ​ហៅ​អប់រំ​ណែនាំ​ ធ្វើ​កិច្ចសន្យា​លើក​ទី​១​ទី២​អី​ទៅ​ ហើយ​ពួកគាត់​យំ​ស្រែ​សស្រេកសស្រាក គាត់​ខ្ចី​លក់​គេ​យក​បង់​ឱ្យ​សមត្ថកិច្ច​ សូម្បី​តែ​ពួកគាត់​អង្វរ​សុំ​ចុះ​បន្តិចបន្តួច​មិន​បាន​ទេ​។គាត់​ថា​ចុះ​មេ​ឆ្នោត​ធំៗ​ម៉េច​ក៏​មិន​ធ្វើ​ មក​ធ្វើ​បាន​តែ​អា​តូចៗ​ ហើយ​បើ​គាត់​ខុស​អប់រំ​ណែនាំ​គាត់​ទៅ»

ពលរដ្ឋ​រស់​នៅ​ភូមិ​អូរ​រំចេក​ ឃុំ​អូរ​សំរិល ស្រុក​សំឡូត​ លោក ម៉ែន សុវណ្ណ រៀបរាប់​ថា កាល​ពី​រសៀល​ថ្ងៃ​ទី១២ ខែ​មីនា លោក​បាន​ដើរ​លក់​ឆ្នោត​តាម​ផ្ទះ​អ្នក​ស្រុក​នៅ​ក្នុង​ឃុំ​អូរ​សំរិល ស្រាប់​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ចំនួន ៤នាក់ បាន​ចាប់​រូប​លោក​ដឹក​​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក ហើយ​បង្ខំ​ឱ្យ​លោក​បង់​ប្រាក់​ចំនួន ១២លាន​រៀល រួច​ដោះ​លែង​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ បើ​មិន​ដូច្នេះ​ទេ​សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាការ​ខេត្ត​បាត់ដំបង។ លោក​ថា នេះ​ជា​រឿង​អយុត្តិធម៌​មក​លើ​រូប​គាត់​ ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​គ្រាន់​តែ​ដើរ​លក់​ឆ្នោត​បន្តិចបន្តួច ដើម្បី​បាន​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​នោះ៖ «គេ​ថា ខ្ញុំ​ខុស​ច្បាប់​ដើរ​លក់​ឆ្នោត ហើយ​គេ​ក៏​ចាប់​ខ្ញុំ​យក​ទៅ ហើយ​គេ​មិន​ណែនាំ​អី​ទេ គឺ​គេ​ជំរិត​យក​លុយ​តែ​ម្ដង ហើយ​ពេល​ខ្ញុំ​ប្រគល់​លុយ​គេ​ឱ្យ​ផ្ដិត​មេដៃ​ក្រដាស​ស ហើយ​គេ​ថា យប់​ហើយ​ទៅ​ផ្ទះ​ទៅ​ចាំ គេ​បំពេញ​តាម​ក្រោយ គឺ​ប្រៀប​ដូច​ជា​ចោរ​ចាប់​ជំរិត​ហើយ គេ​យក​របស់​របរ​ខ្ញុំ​ពី​ក្នុង​ខ្លួន​អស់​រលីង​ គឺ​រង​អំពើ​អយុត្តិធម៌​ខ្លាំង​ណាស់។ ខ្ញុំ​ខ្ចី​លុយ​គេ​យក​ទៅ​ឱ្យ​សមត្ថកិច្ច​មិន​ដូច្នេះ​ទេ មិន​ដោះ​លែង​ទេ»

លោក​បន្ត​ថា នៅ​ពេល​សាកសួរ និង​ជំរិត​ទារ​ប្រាក់​នោះ​ លោក​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​ក៏​នៅ​ទី​នោះ​ដែរ ក៏​ប៉ុន្តែ​លោក​មិន​អើពើ​ស្ដាប់​ការ​អង្វរ​សុំ​ឱ្យ​ដោះលែង​នោះ​ទេ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត លោក ជួប នោ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​បាន​ដឹង​រឿង​ការ​ជំរិត​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា កន្លង​មក​ ខាង​លោក​បាន​ចាប់​ពលរដ្ឋ​ដើរ​លក់​ឆ្នោត​តាម​ភូមិ​បាន​ជា​ច្រើន​នាក់ យក​មក​អប់រំ​ឱ្យ​ឈប់​លក់​ឆ្នោត​បន្ត​ទៀត ហើយ​ក៏​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​មាន​ការ​យក​លុយ​កាក់​នោះ​ទេ៖ «ទេ! អា​នេះ​ខ្ញុំ​ដឹង​ដែរ​ដល់​អ៊ីចឹង ចាំ​មើល​ខ្ញុំ​សួរ​ទៅ​កូន​ចៅ​ខ្ញុំ​មើល។ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ខ្ញុំ​ជាប់​ប្រជុំ​នៅ​បាត់ដំបង ២ថ្ងៃ​ហើយ ព្រោះ​អី​ល្បែង​ស៊ីសង​ការ​បង្ក្រាប​បទ​ល្មើស​វា​មាន តែ​ដល់​ពេល​យក​លុយ​យក​កាក់​ជាង ១០លាន​វា​អត់​មាន​ទេ»

ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធានការ​លើ​រឿង​នេះ​តាម​ច្បាប់ និង​ស្នើ​សុំ​មេបញ្ជាការ​ឱ្យ​ដក​អាវុធហត្ថ​រូប​នេះ​ចេញ​ពី​ស្រុក​សំឡូត ព្រោះ​ពួក​គាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ទៅ​ថ្ងៃ​ខាង​មុខ។ពលរដ្ឋ​អះអាង​ថា ក្នុង​ឆ្នាំ២០១៩ នេះ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤នាក់​ហើយ​ ដែល​ត្រូវ​មន្ត្រី​អាវុធហត្ថ​ស្រុក​នេះ ជំរិត​យក​ប្រាក់​ពី​ពួក​គាត់​ដោយសារ​តែ​ការ​ដើរ​លក់​ឆ្នោត​តាម​ភូមិ​នោះ ហើយ​បញ្ហា​នេះ​នឹង​កើត​មាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត ប្រសិន​បើ​មិន​អាជ្ញាធរ​ចាត់​វិធានការ​ទៅ​លើ​ជន​ល្មើស​ទៅ​តាម​ច្បាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល