អ្នកទោស​ជាង​ ១០០​នាក់​ នៅ​មិនទាន់​​បាន​ដោះលែង​ទេ កាល​​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ ហេង រស្មី
2019-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
RFA

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ គឺ​ លោក​ ជិន ម៉ាលីន​ ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ទី១៥​ មេសា​ថា ព្រះមហាក្សត្រ​កំពុង​ពិនិត្យ​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​លើក​លែងទោស និង​បន្ធូរបន្ថយ​ដល់​ទណ្ឌិត​នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​នេះ។

លោក​បញ្ជាក់​ថា ចំនួន​ពិត​ប្រាកដ​ចំពោះ​ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​នេះ មិន​អាច​បញ្ជាក់​បាន​ទេ​ថា មាន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ ក្នុងចំណោម១៣៤នាក់ ដែល​ស្នើសុំ​ដោយ​លោក ហ៊ុន សែន ទៅ​ព្រះមហាក្សត្រ​កាល​ពី​ដើម​ខែ​មេសា។ រី​ឯ​ថ្ងៃ​ដោះ​លែង​ទណ្ឌិត​ទាំង​នេះ នៅ​ពេល​ណា​នោះ លោក ជិន ម៉ាលីន ក៏​មិន​ទាន់​បញ្ចេញ​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​បាន​ដែរ៖ «តួលេខ​ប្រាកដ​ផ្លូវការ​នៃ​ការ​លើក​លែងទោស​ និង​បន្ធូរបន្ថយ​ទោស​ហ្នឹង​គឺ​មិន​ទាន់​អាច​ផ្សព្វផ្សាយ​បាន​ទេ​ លុះ​ត្រា​តែ​ព្រះរាជ្យក្រឹត្យ​ចេញ​ជា​ផ្លូវការ​តែ​ម្ដង​ ទើប​តួលេខ​ហ្នឹង​ផ្លូវ​ការ​ ហើយ​មកដល់​ដំណាក់​កាល​នេះ គឺ​គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ពិនិត្យ​សម្រេច​រួច​ទៅ​ហើយ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មួយ​រូប​ទៀត គឺ​លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ថា ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ទណ្ឌិត ៤៦០នាក់ ដែល​ឆ្មាំ​ពន្ធនាគារ​ផ្ដល់​ឈ្មោះ​ឲ្យ​មក គឺ​មាន​តែ ១៣៤នាក់​ទេ ដែល​ត្រូវ​ស្នើសុំ​លោក ហ៊ុន សែន ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ​អនុគ្រោះ​ទោស។

ក្នុង​នោះ មាន​ទណ្ឌិត ៥៧នាក់ (ស្រី ៦នាក់) ត្រូវ​ស្នើសុំ​បន្ថយ​ទោស ៦ខែ។ ទណ្ឌិត ១៩នាក់ (ស្រី ២នាក់) ស្នើសុំ​បន្ថយ​ទោស ៩ខែ។ ទណ្ឌិត ៤០នាក់ (ស្រី ១៧នាក់) ស្នើសុំ​បន្ថយ​ទោស ១២ខែ។ ទណ្ឌិត ២នាក់ (ស្រី ២នាក់) ស្នើសុំ​បន្ថយ​ទោស​ពី​មួយ​ជីវិត មក​ត្រឹម ២០ឆ្នាំ និង ១៦នាក់ (ស្រី ១នាក់) ត្រូវ​ស្នើសុំ​លើក​លែង​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល