តុលាការ​ថា​នឹង​បន្ត​ស៊ើបសួរ​សំណុំ​រឿង​បណ្ឌិត កែម ឡី ទោះ​គ្រួសារ​មិន​ទាន់​ប្ដឹង

ដោយ អ៊ុង សេរីវុទ្ធ
2016.10.17
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា ២០១៦ ៨៥៥ កូន​ទើប​កើត និង​ភរិយា​របស់​លោក កែម ឡី គឺ​លោកស្រី ប៊ូ រចនា នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា អះអាង​នៅ​ថ្ងៃ​ទី​១៧ តុលា ថា ចៅក្រម​ស៊ើបសួរ នៅ​បន្ត​​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ទោះបីជា ភរិយា​លោក កែម ឡី អ្នកស្រី ប៊ូ រចនា មិន​មក​តាម​ការ​កោះហៅ​ជា​លើក​ទី​ពីរ​នេះ​ក្ដី។

បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ដោយ​អ្នកស្រី​និង​កូនៗ​ទាំង​៥​របស់​អ្នកស្រី កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​រង់ចាំ​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣។ រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​ទើប​សម្រាល​កូន​ប្រុស​ទី៥ បាន​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកស្រី ប៊ូ រចនា បាន​អះអាង​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៥ តុលា ថា អ្នកស្រី​នឹង​មិន​មក​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ឡើយ ព្រោះ​មក​ទល់​ពេល​នេះ អ្នកស្រី​មិន​បាន​ទទួល​បាន​ដីកា​កោះ​ទាំង​លើកទី១ និង​លើក​ទី​២ ហើយ​ក៏​មិន​ទាន់​ពឹង​ពាក់​មេធាវី​សម្រាប់​រឿង​នេះ​ទៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​៤ តុលា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​អះអាង​ថា ចៅក្រម​ស៊ើបសួរ​បាន​កោះ​ហៅ​អ្នកស្រី ប៊ូ រចនា ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី នៃ​ឃាតកម្ម​នេះ​២​លើក​មក​ហើយ។

បើ​ទោះ​បី​ជា តុលាការ​ក្រុង​ភ្នំពេញ​អះអាង​ថា ខ្លួន​នៅ​បន្ត​ស៊ើបសួរ និង​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក្ដី ក៏​ពន្លឺ​នៃ​អំពី​ឃាតកម្ម​​នេះ​ត្រូវ​បាន​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​លើក​ឡើង​ថា ករណីនេះ ហាក់​មាន​ការ​លាក់លៀម និង​គ្មាន​តម្លាភាព ព្រោះ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ស្ដារ​ម៉ាត (Star Mart) ស្ដុប​កាល់តិច (Caltex) និង​នៅ​ក្បែរ​នោះ​ជាច្រើន​កន្លែង មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ចបង្ហាញ​ជា​សាធារណៈ​ ដូច​ករណី​ឃាតកម្ម​ផ្សេងៗ​ទៀត​ឡើយ។ ចំណែក​មេខ្លោង​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ ក៏​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នោះ​ទេ ក្រៅ​ពី​ជនជាប់ចោទ​ម្នាក់ ឈ្មោះ អឿត អាង ហៅ​ជួប សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។