ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងអ្នកឃ្លាំមើលបញ្ហាសង្គម រិះគន់របបលោក ហ៊ុន សែន ខណៈរបបនេះ ប្រញាប់ប្រញាល់អនុម័តសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីសញ្ជាតិ ឲ្យបានរួចរាល់ នៅមុនការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា មកដល់។ ពួកគេព្រួយបារម្ភថា ច្បាប់ថ្មីនេះ អាចនឹងក្លាយជាគ្រោះមហន្តរាយថ្មីមួយទៀតសម្រាប់អនាគតប្រទេសជាតិ ពូជសាសន៍ខ្មែរ និងអធិបតេយ្យកម្ពុជា ប្រសិនបើច្បាប់នេះត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើ និងចូលជាធរមាន ក្រោយឆ្លងកាត់ព្រឹទ្ធសភា និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនាពេលឆាប់ៗនេះ។
ការរិះគន់ជាបន្តបន្ទាប់នេះ ធ្វើឡើងនៅក្រោយពេលដែលរដ្ឋសភាជាតិ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ នៅក្នុងសម័យប្រជុំលើកទី១០ របស់ខ្លួន កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីនេះ។ ហើយច្បាប់នេះ បច្ចុប្បន្ន កំពុងបញ្ជូនបន្តទៅព្រឹទ្ធសភា រួចទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអនុម័តបន្ត មុននឹងសម្រេចឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាធរមានដោយព្រះមហាក្សត្រ។ ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ នឹងបើកផ្លូវឲ្យជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជា ក្លាយជាពលរដ្ឋខ្មែរស្របច្បាប់ ក្រោយបំពេញតាមលក្ខខណ្ឌកំណត់មួយចំនួនដែលមានចែងកំណត់ក្នុងច្បាប់នេះ។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ «សែន ស្រណោះ» សរសេរបរិយាយថា «វាជារឿងចៃដន្យពេកហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានខិតជិតមកដល់ ដែលច្បាប់សញ្ជាតិ នឹងកែប្រែជនបរទេសពីខុសច្បាប់ មកជាស្របច្បាប់វិញ»។ ម្ចាស់គណនីដដែលសរសេរបន្តថា ដូចតាមការគ្រោងទុក គណៈប្រតិភូវៀតណាម បានស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យជួយការពារជនជាតិវៀតណាម ដែលមករស់នៅកម្ពុជា ដែលលោកថា នេះជាកាលៈទេសៈគាប់ជួនគ្នាល្អណាស់។
មិនខុសគ្នាប៉ុន្មានពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សែន ស្រណោះ» នេះដែរ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ នគរគោកធ្លក ម៉ែន ណាត ដែលជាស្ថាបនិកមួយរូបនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងនិយាយរិះគន់ឥតសំចៃដល់របបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ និងព្រំដែន សរសេរថា រដ្ឋសភាខុសច្បាប់ទៅហើយ ហើយគិតនាំគ្នាអនុម័តច្បាប់ ដែលលោក ហៅថា ជាច្បាប់ដ៏ឆ្កួតលីលា សំដៅផ្ដល់សិទ្ធិស្របច្បាប់ដល់ជនជាតិវៀតណាម តាមសំណើជាហូរហែរបស់មេដឹកនាំវៀតណាម។ លោក ម៉ែន ណាត សរសេរបន្តថា យើងសូមច្រានចោលនូវច្បាប់ទាំងឡាយណាដែលប្រាសចាកពីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ ហើយយើងក៏សូមរក្សាសិទ្ធិលុបចោល ឬធ្វើនិរាករណ៍ច្បាប់ទាំងនោះ ដរាបណាកម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំល្អ។
ដោយឡែក អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ណែវ សំអុល សរសេរថា យ៉ាងយូរ ៣០ឆ្នាំទៀត ខ្មែរ នឹងក្លាយជាជនជាតិភាគតិចលើទឹកដីកំណើតរបស់ខ្លួនហើយ។ រីឯ អ្នកប្រើប្រាស់ហ្វេសប៊ុក ដាក់ឈ្មោះថា «ក្រុងអង្គរធំ» សរសេរថា «បើយ៉ាងនេះ ជនជាតិវៀតណាម និងចិន ក្លាយជាខ្មែរហើយ ឯខ្មែរក្លាយជាជនជាតិភាគតិចវិញហើយបើអ៊ីចឹងនោះ»។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ក្រចេះ ខេត្តខ្ញុំ» សរសេរថា «ខ្ញុំមិនសុខចិត្តទេ» រីឯម្ចាស់គណនីឈ្មោះ ប៉ុន សាចារ៉ា (Ponn Sachara) សរសេរថា «គួរឲ្យសោកស្ដាយណាស់ ខ្មែរអើយ ចាក់អង្ករ យកអង្កាម»។
ជុំវិញរឿងរ៉ាវនៃការប្រញាប់អនុម័តពង្រាងច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា អាចមានពាក់ព័ន្ធនឹងករណីដែលរបបលោក ហ៊ុន សែន រងសម្ពាធពីរដ្ឋាភិបាលវៀតណាម ដែលតែងតែស្នើឲ្យរបបនេះ ជួយផ្តល់កិច្ចគាំពារ និងជួយសម្រួលដល់ពលរដ្ឋដើមកំណើតវៀតណាមរបស់ខ្លួន ដែលកំពុងតែរស់នៅក្នុងទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន។ លោកថា ការស្នើសុំពីសំណាក់ភាគីវៀតណាម គឺតែងតែធ្វើឡើងនៅរៀងរាល់ពេលដែលមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត និងរបបរដ្ឋវៀតណាម មកកម្ពុជាម្តងៗ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់អំពីហេតុផលមួយទៀតនៃការព្យាយាមអនុម័តច្បាប់នេះ ដែលលោកថា គឺមិនខុសពីការអនុម័តសន្ធិសញ្ញាបំពេញបន្ថែមអំពីរឿងព្រំដែនកាលពីឆ្នាំ២០០៥ កន្លងទៅ ដើម្បីធ្វើឲ្យអ្វីដែលខុសច្បាប់ទៅជាស្របច្បាប់៖ «អត់ហ៊ានបញ្ជូនគេទៅវិញ គឺធ្វើឲ្យស្របច្បាប់ ក៏ដូចជាសន្ធិសញ្ញាអត់ស្របច្បាប់រវាងវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជាមុនហ្នឹង ម្លោះហើយគេធ្វើសន្ធិសញ្ញាបំពេញបន្ថែមហ្នឹង ទទួលស្គាល់សន្ធិសញ្ញាដែលអត់ស្របច្បាប់ ឲ្យទៅជាស្របច្បាប់វិញ។ របៀបអ៊ីចឹង គឺជនជាតិវៀតណាមដែលមកហ្នឹងគឺ តាមពិតហ្នឹង គឺសឹងតែខុសច្បាប់ទាំងអស់គ្នាហ្នឹងបាទ ! តាំងពីជំនាន់រដ្ឋកម្ពុជា តាមពិតតាំងពីឆ្នាំ១៩៧៩មក គឺជនជាតិវៀតណាមហ្នឹង។ ខ្ញុំឆែកមើលព្រះរាជក្រឹត្យប៉ុន្មានឆ្នាំ ក្រោយអ៊ុនតាក់ (UNTAC) មក គឺវាអត់មានជនជាតិវៀតណាមសុំចូលសញ្ជាតិតាមរយៈច្បាប់ស្ដីពីសញ្ជាតិនោះទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ ផ្ដល់សិទ្ធិអំណាចឲ្យនាយករដ្ឋមន្ត្រីខ្លាំងលើសលប់ពាក់ព័ន្ធនឹងការផ្តល់សញ្ជាតិ ឲ្យដល់ជនបរទេសនេះ។ ការណ៍នេះ លោកថា ធ្វើឲ្យរដ្ឋសភាពុំមានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចបញ្ហាសំខាន់ដែលអាចប៉ះពាល់ដល់អាយុជីវិតជាតិនេះ ដែលការណ៍នេះ បើកផ្លូវឲ្យមានភាពងាយស្រួលក្នុងការរំលោភអំណាចពីសំណាក់នាយករដ្ឋមន្ត្រី៖ «វាអាចមានអំពើពុករលួយ ដល់ថ្ងៃក្រោយទៅ វាអាចប៉ះពាល់ដល់ជនជាតិ ឬអធិបតេយ្យរបស់ជាតិយើង ព្រោះតាមរយៈហ្នឹងគឺ របៀបអញ្ចឹង ឲ្យគេនៅស្រួលៗពេក វាដូចជារបៀបគេហៅថា អាចយកប្រទេសកម្ពុជាធ្វើជាអាណានិគម តាមរយៈការបញ្ចូលជនជាតិគេមកកាន់តែច្រើនទៅៗ»។
បន្ថែមពីលើនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ អះអាងថា ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ ធ្វើឡើងដោយពុំមានការពិគ្រោះយោបល់ឲ្យបានផុលផុសជាមួយពលរដ្ឋទូទៅ និងយុវជនឡើយ។ លោកថា ច្បាប់នេះ ធ្វើឡើងដោយសភាឯកបក្សរបស់របបក្រុងភ្នំពេញ ដែលពុំមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូច្នេះរបបនេះ មិនគួរប្រញាប់ប្រញាល់អនុម័តនោះទេ ព្រោះវាអាចជារឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៅវិញនាពេលអនាគត។
សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ មិនមែនជាការធ្វើវិសោធនកម្មទៅលើច្បាប់សញ្ជាតិចាស់កាលពីឆ្នាំ១៩៩៦ ឡើយ ក៏ប៉ុន្តែ ជាការបង្កើតច្បាប់ថ្មី ដោយរក្សាទុកនូវបទបញ្ញត្តិទាំងឡាយនៃច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦ ដែលនៅមានលក្ខណៈសមស្របសម្រាប់យកមកអនុវត្តនៅក្នុងបរិបទនាពេលបច្ចុប្បន្ននៅឡើយ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឡើងថ្លែងការពារសេចក្ដីព្រាងច្បាប់ថ្មីនេះ ថ្លែងថា សញ្ជាតិខ្មែរ គឺជាចំណងគតិយុត្តិ និងនយោបាយដែលភ្ជាប់បុគ្គលទៅនឹងប្រទេសកម្ពុជា ហើយតាមរយៈចំណងនេះ រូបវន្តបុគ្គល ត្រូវចាត់ទុកជាប្រជាពលរដ្ឋខ្មែរ។ លោកថា ការបង្កើតច្បាប់ថ្មីស្ដីពីសញ្ជាតិនេះឡើង គឺដោយសារច្បាប់ចាស់ មិនសមស្របសម្រាប់អនុវត្តក្នុងស្ថានភាពសង្គមបច្ចុប្បន្ន។
អគ្គលេខាធិការរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង ធ្លាប់ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣១ ឧសភា នេះថា ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ ធ្វើឡើងដើម្បីចែងឲ្យបានលម្អិតជាងមុន ពាក់ព័ន្ធនឹងបញ្ហាស្ដីពីសញ្ជាតិ ដោយផ្អែកគោលការណ៍សំខាន់ៗចំនួន ៤ ដែលត្រូវបានអនុវត្តជាសាកល។ គោលការណ៍ទាំង ៤ នោះរួមមាន ការទទួលបានសញ្ជាតិខ្មែរពីកំណើត ការផ្ដល់សញ្ជាតិតាមចំណងអាពាហ៍ពិពាហ៍ ការផ្តល់សញ្ជាតិតាមការស្មុំកូន និងការផ្តល់សញ្ជាតិតាមការផ្តល់វិភាគទាន ឬវិនិយោគជាដើម។ លោកបញ្ជាក់ថា ច្បាប់ថ្មីនេះ មិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ជាក់លាក់នៃការវិនិយោគ ឬការផ្តល់វិភាគទាន ពីសំណាក់ជនបរទេស ដើម្បីទទួលបានសញ្ជាតិឡើយ ដោយទុកវិសាលភាពនេះ ឲ្យនាយករដ្ឋមន្ត្រីជាអ្នកកំណត់ តាមរយៈការចេញអនុក្រឹត្យនាពេលខាងមុខ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ច្បាប់ថ្មីនេះ ក៏មានចែងអំពីខ្លឹមសារនៃការផ្ដល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ៖ «បាទ ! យើងមានកំណត់ថា ជនបរទេសដែលស្នាក់នៅកម្ពុជាយូរ ហើយនឹងមានលក្ខណៈមួយចំនួនដូចជា ចេះភាសាខ្មែរ ចេះសរសេរអក្សរខ្មែរ ... មានលក្ខណៈមួយចំនួន គឺមានសិទ្ធិសុំចូលសញ្ជាតិ។ ការសុំចូលសញ្ជាតិហ្នឹង គឺស៊ីសងនឹងរដ្ឋាភិបាលពិនិត្យមើល ថាតើគួរអាចឲ្យចូលបាន ឬអត់។ ប្រហែលជា ១០ឆ្នាំ។ កូនកើតនៅស្រុកខ្មែរ ប្រហែលជាអាច ៣ឆ្នាំ។ ខ្ញុំមិនមានច្បាប់នៅហ្នឹងមុខទេ ប៉ុន្តែ ប្រហែលប៉ុណ្ណឹង បាទ»។
យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ច្បាប់ថ្មីនេះ មិនមានចែងពីការដកសញ្ជាតិ របស់ពលរដ្ឋខ្មែរទាំងឡាយណាដែលប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ដូចជាអំពើក្បត់ជាតិ ឬធ្វើអំពើទាំងឡាយណាដែលមិនបម្រើដល់ផលប្រយោជន៍ប្រទេសកម្ពុជាឡើយ ដោយលោកអះអាងថា ផ្អែកតាមរដ្ឋធម្មនុញ្ញ សញ្ជាតិរបស់ពលរដ្ឋខ្មែរគ្រប់រូប មិនអាចត្រូវបានដកហូតដោយរដ្ឋឡើយ លុះត្រាតែមានការស្នើសុំពីសាមីខ្លួនដែលចង់លាលែងសញ្ជាតិ។ ហេតុដូច្នេះ លោកថា អ្នកដែលប្រព្រឹត្តិបទល្មើសផ្សេងៗ ត្រូវជាប់ទោសទៅតាមច្បាប់កំណត់ដដែល ហើយនៅតែជាប់កាតព្វកិច្ចដូចពលរដ្ឋខ្មែរទូទៅដែរ។
ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ ពុំមានចែងកំណត់ថា នាយករដ្ឋមន្ត្រី ឬសមាជិករដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល ឬស្ថាប័នជាន់ខ្ពស់របស់ជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយនោះឡើយ។ ច្បាប់ថ្មីនេះ ចែងថាជនបរទេសណាដែលកាន់កាប់ ប្រើប្រាស់ ឬក្លែងបន្លំ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជា នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។
លោកបណ្ឌិត ឡៅ ម៉ុង ហៃ មើលឃើញថា ការព្រួយបារម្ភនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ដែលថា ជោគវាសនាប្រទេសកម្ពុជា និងពូជសាសន៍ខ្មែរ អាចនឹងក្លាយជាជនជាតិភាគតិចរស់នៅលើទឹកដីកំណើតរបស់ខ្លួន ដូចករណីទឹកដីកម្ពុជាក្រោមនោះ គឺជាការព្រួយបារម្ភសមហេតុផល ដោយផ្អែកតាមកត្តាប្រវត្តិសាស្ត្ររបស់កម្ពុជា៖ «ជាការព្រួយបារម្ភសមហេតុផលហើយព្រោះយើងមានប្រវត្តិសាស្ត្រអ៊ីចឹងហើយ។ យើងត្រូវការរៀនសូត្រពីប្រវត្តិសាស្ត្រ ពីព្រោះអីយើងគ្រប់គ្រងគេអត់បានទេបាទ ! ជាពិសេសនៅពេលដែលគេកាន់កាប់សេដ្ឋកិច្ចយើងកាន់តែច្រើនទៅៗ ដូចជាជនជាតិចិន ដូចជនជាតិវៀតណាមអ៊ីចឹង គឺយើងទៅត្រួតត្រាគេលែងបាន។ ហើយគេអាចទិញ និយាយភាសាសាមញ្ញទៅ គឺទិញអ្នកដឹកនាំយើងបាន»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ស្នើឲ្យមានការកែប្រែច្បាប់នេះជាបន្ទាន់ ហើយមិនត្រូវចែងពីលក្ខខណ្ឌណាមួយ ដែលមានជាលក្ខណៈជាការបន្ធូរបន្ថយ និងជួយសម្រួលដល់ការផ្ដល់សញ្ជាតិ ឲ្យដល់ជនបរទេសនោះឡើយ។ ផ្ទុយទៅវិញ លោកថា ច្បាប់ថ្មីស្ដីពីសញ្ជាតិ គួរតែមានការដាក់កំហិត និងរឹតបន្តឹងចំពោះករណីនេះ ជាពិសេសមិនត្រូវផ្តល់សិទ្ធិអំណាចដល់នាយករដ្ឋមន្ត្រីលើសលប់នោះទេ ដែលជាហេតុធ្វើឲ្យរដ្ឋសភា ពុំមានសិទ្ធិក្នុងការត្រួតពិនិត្យមើលក្នុងការផ្ដល់សញ្ជាតិនេះ ដែលលោក ហៅថាជាគ្រោះថ្នាក់ដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។