មន្ត្រីសង្គមស៊ីវិលថា ការដោះស្រាយសំណុំរឿងជាង ១៣ម៉ឺនករណីរបស់ក្រសួងយុត្តិធម៌មិនឆ្លុះបញ្ចាំងពីយុត្តិធម៌សង្គម
2024.10.12
មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីតាមប្រព័ន្ធតុលាការរបស់ក្រសួងយុត្តិធម៌ នៅមិនទាន់ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលរដ្ឋនៅឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ប្រកាសថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤ សំណុំរឿងជាង ១៣ម៉ឺនករណី (១៣២.៥០៥) ត្រូវបានដោះស្រាយជូនពលរដ្ឋ ក្រោយពេលក្រសួងទទួលបានពាក្យបណ្ដឹងជាង ១៨ម៉ឺនករណី (១៨០.៦៦១)។
មន្ត្រីសង្គមស៊ីវិលអះអាងថា ក្រសួងយុត្តិធម៌មិនបានដោះស្រាយបញ្ហាចំគោលដៅជូនពលរដ្ឋនោះទេ ខណៈដែលសំណុំរឿងពលរដ្ឋរងគ្រោះដីធ្លី អ្នកការពារសិទ្ធិមនុស្ស និងអ្នកទោសនយោបាយ នៅតែគ្មានដំណោះស្រាយ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែតុលា ថា លោកសាទរ ដែលក្រសួងយុត្តិធម៌បានដោះស្រាយសំណុំរឿងជូនពលរដ្ឋ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី សំណុំរឿងក្ដីធំៗ នៅតែមិនទាន់ដោះស្រាយនៅឡើយ។ លោកកត់សម្គាល់ឃើញថា សំណុំរឿងក្ដីមួយចំនួន ដូចជា វិវាទដីធ្លី ការចាប់ខ្លួនសកម្មជនសង្គម និងនយោបាយ នៅតែអូសបន្លាយគ្មានការដោះស្រាយ ដែលធ្វើឱ្យជនរងគ្រោះរងភាពអយុត្តិធម៌ម្ដងហើយម្ដងទៀត។
លោក នី សុខា៖ «ខ្ញុំយល់ថា តុលាការគួរតែពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានលឿន គឺជារឿង ដែលយើងអបអរហើយ ប៉ុន្តែ ការដោះស្រាយលឿនមិនឆ្លុះបញ្ចាំង ១០០ភាគរយថា ទទួលបានយុត្តិធម៌ទេ សំខាន់ការដោះស្រាយលឿន ហើយមានប្រសិទ្ធភាព និងមានយុត្តិធម៌សម្រាប់ភាគីក្ដី។ មិនមែនត្រឹមតែឃើញពីការដោះស្រាយលឿនទេ គឺយើងចង់ឃើញដោះស្រាយលឿន ហើយភាគីក្ដីទទួលបានយុត្តិធម៌ត្រឹមត្រូវ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ កាលពីថ្ងៃទី១០ ខែតុលា បានបង្ហាញលទ្ធផលរយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការថា មានសំណុំរឿងជាង ១៣ម៉ឺនករណី (១៣២.៥០៥) ត្រូវបានដោះស្រាយ។ ក្រសួងយុត្តិធម៌បានបង្ហាញថា ក្នុងការដោះស្រាយនេះ ស្ថាប័នយុត្តិធម៌កំណត់យកសំណុំរឿងអាទិភាពចំនួន៤ រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងក្មេងទំនើង។ ក្នុងសំណុំរឿងអត្រានុកូលដ្ឋានដោះស្រាយបាន ៤ម៉ឺនករណី (៤០.៦៤១) គ្រោះថ្នាក់ចរាចរណ៍ជាង ៣ពាន់ករណី (៣.៦៩៦) និងក្មេងទំនើងជិត ៦រយករណី (៥៨៩)។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដោះស្រាយបញ្ហារបស់ក្រសួងយុត្តិធម៌នេះ គឺមិនស្របនឹងការចង់បានរបស់អង្គការជាតិ និងអន្តរជាតិ ពោលគឺ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មិនបានដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ដែលជាបញ្ហាចម្បង។ លោកសង្កេតឃើញថា ស្ថាប័នយុត្តិធម៌បច្ចុប្បន្ន មិនឈរលើគោលការណ៍ឯករាជ្យ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋឡើយ ពីព្រោះរាប់ចាប់ពីឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម រហូតដល់ចៅក្រម គឺសុទ្ធតែជាសមាជិកបក្សកាន់អំណាច។
លោក ស៊ឹង សែនករុណា៖ «ប្រព័ន្ធអនុវត្តច្បាប់នៅកម្ពុជា អ្នកដែលទន់ខ្សោយ អ្នកដែលក្រីក្រតូចទាបហ្នឹង គឺតែងតែចាញ់ក្ដីជាមួយអ្នកមានលុយ មានអំណាច ហើយអ្នក ដែលមានបក្ខពួកនិយម បក្ខពួកសែស្រឡាយ។ អ៊ីចឹង ចង់ធ្វើបានអ្នកណា ក៏ធ្វើបាបបានអ៊ីចឹង ពួកគាត់រស់នៅក្នុងភាពភ័យខ្លាច ទោះបីមានការរំលោភបំពានអីផ្សេងៗ អាចថា គាត់អត់ធ្មត់បាន គាត់អត់ធ្មត់ គាត់ចៀសវាងបាន គាត់ចៀសវាង»។
មន្ត្រីសង្គមស៊ីវិលអះអាងថា ប្រសិនបើស្ថាប័នយុត្តិធម៌នៅតែធ្វើការដោយគ្មានតម្លាភាព និងមិនអាចរកយុត្តិធម៌ជូនពលរដ្ឋ នោះនឹងអាចធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ហើយឈានដល់ការផ្ទុះកំហឹងជាមួយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។