ដើម​បណ្ដឹង​សោកស្ដាយ​ដែល​តុលាការ​កំពូល​បដិសេធ​មិន​សើរើ​សំណុំ​រឿង​រំលាយ​បក្ស​ប្រឆាំង

ដោយ វ៉ែន សុមេធ
2017-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត។ Photo/senate.gov.kh
សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត។ Photo/senate.gov.kh
Photo: RFA

ដើម​បណ្ដឹង​សម្ដែង​ការ​សោក​ចំពោះ​តុលាការ​កំពូល ដែល​បដិសេធ​មិន​ព្រម​សើរើ​សំណុំរឿង​រំលាយ​គណបក្ស​ប្រឆាំង​ឡើង​វិញ។ សង្គម​ស៊ីវិល​ហៅ​ការ​បដិសេធ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ។

​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត ហៅ​ការ​ទម្លាក់​ចោល​មិន​សើរើ​លើ​បណ្ដឹង​សុំ​រក្សា​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ និង​សុំ​រក្សា​រាល់​តំណែង​ទាំង​អស់​កុំ​ឲ្យ​ស្ថាប័ន​រដ្ឋ​យក​ទៅ​បែងចែក​គ្នា​ថា ជា​រឿង​អយុត្តិធម៌។ លោក សោ ចាន់ដេត យល់​ឃើញ​ថា បុគ្គល​នៅ​ក្នុង​គណបក្ស​ប្រឆាំង​មិន​បាន​ក្បត់​ជាតិ ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ​រាប់​ទាំង​សមាជិក​ក្រុមប្រឹក្សា។ លោក​ហៅ​ការ​អាសនៈ​ពី​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ជា​រឿង​អយុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត៖ «»។

​សេចក្ដី​ប្រកាស​របស់​តុលាការ នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ បាន​បញ្ជាក់​ហេតុផល​ថា មូលហេតុ​ចៅក្រម​មិន​ជំនុំជម្រះ​រឿង​ក្ដី​នេះ​ឡើង​វិញ ដោយសារ​សាលដីកា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ការ​ជំនុំ​ជម្រះ​សា​ជា​ថ្មី​ទេ គឺ​ជា​សាលដីកា​បិទ​ផ្លូវ​តវ៉ា។ សាលដីកា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នោះ បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ក៏​ត្រូវ​រង​ការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ថា​ជា​ការ​សម្រេច​ចិត្ត​ដ៏​គ្រោះថ្នាក់​ទាញ​កម្ពុជា ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ងាក​ទៅ​រក​របប​កុម្មុយនិស្ត។

​ពាក្យ​បណ្ដឹង​ដែល​តុលាការ​កំពូល​បដិសេធ​សើរើ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់​អះអាង​ថា មាន​គោលបំណង​ចង់​រក្សា​អាសនៈ​ក្រុមប្រឹក្សា​រាជធានី-​ខេត្ត ក្រុង-​ស្រុក ខណ្ឌ និង​ឃុំ-​សង្កាត់ របស់​បក្ស​ប្រឆាំង​ដែល​គណបក្ស​កាន់​អំណាច​យក​ទៅ​បែងចែក​គ្នា​ស្រេច​តែ​ចិត្ត​សុំ​រក្សា​សិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់​ក្បាល​ម៉ាស៊ីន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ១១៨​នាក់ ដែល​តុលាការ​កំពូល ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​សុំ​អោយ​តុលាការ​កំពូល ជំនុំជម្រះ​សាជាថ្មី​ឡើង​វិញ​ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់​ប្រកាស​ថា មិន​ទទួល​ស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ​ទេ​ដោយ​លោក​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ លោក​បន្ត​ថា បើ​ទោះ​ជា​ដឹង​ថា តុលាការ​មិន​ឯករាជ្យ ប៉ុន្តែ​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​កំពូល ពិចារណា​ឡើង​វិញ​ជុំវិញ​ការ​សម្រេច​ចិត្ត​រំលាយ​គណបក្ស​ប្រឆាំង​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ប្រទេស​ជាតិ។ ក្រោយ​ពេល​តុលាការ​បដិសេធ​ពាក្យ​បណ្ដឹង​នេះ សមាជិក​ដើមបណ្ដឹង​គឺ​លោក សោ ចាន់ដេត ថា តុលាការ​កំពូល​ជា​ស្ថាប័ន​គ្រប់គ្រង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច និង​មិន​ហ៊ាន​តវ៉ា​ជាមួយ​អ្នក​នយោបាយ​កាន់​អំណាច​នោះ​ទេ។

​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ដែល​ធ្លាប់​ប្រកាស​ប្រឆាំង​ដាច់​ខាត​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហៅ​ការ​មិន​សើរើ​ឡើង​វិញ​សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង​ថា ជា​ចេតនា​របស់​តុលាការ​កំពូល​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់។ លោក​យល់​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​លែង​មាន​ភាព​ស្រប​ច្បាប់​ចាប់​តាំង​ពី​ថ្ងៃ​ដែល​រដ្ឋាភិបាល​ប្រកាស​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការ​កម្ទេច​គណបក្ស​ប្រឆាំង៖ «»។

លោក ឡេង សេងហុង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ថា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​ធ្វើ​ពហិការ ឬ​សម្ដែង​មតិ​តាម​ច្បាប់​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​កំពូល ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

​សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង លោក សោ ចាន់ដេត អះអាង​ថា បើ​ទោះ​តុលាការ​កំពូល​បដិសេធ​តែ​គណបក្ស​ប្រឆាំង​នឹង​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Whatafu%K is he staring at? It's like a psycho having a mental problem just release from the mental clinic and selected to be a Khmer senator. What's a jerk!

Dec 16, 2017 11:26 AM

គេហទំព័រ​ទាំងមូល