តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​អ្នក​បឹងកក់​និង​សាលាក្រុង​នៅ​ខែ​ក្រោយ

ដោយ ខែ សុណង
2016-08-27
Share
ស្ត្រី​សកម្មជន​ដីធ្លី​ ៦២០ សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី បូ ឆវី (រូប​ជាប់​ខ្នោះ​ដៃ) និង​លោកស្រី ង៉ែត ឃុន ក្នុង​បន្ទប់​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥។
Photo: RFA

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ប្ដឹង​ពលរដ្ឋ​សហគមន៍​បឹងកក់ ៤​នាក់ កាល​ពី​ចុង​ឆ្នាំ​២០១១។ មេធាវី​អ្នក​បឹងកក់ នៅ​មិន​ទាន់​ឆ្លើយ​តប​ថា នឹង​ចូល​ខ្លួន​ជម្រះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​គម្រោង​បើក​សវនាការ​នេះ។

មេធាវី​ការពារ​ក្ដី​ពលរដ្ឋ​សហគមន៍​បឹងកក់ ឲ្យ​ដឹង​ថា តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​កូន​ក្ដី​របស់​គាត់​ឲ្យ​ចូល​ខ្លួន​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។

មេធាវី​នៃ​អង្គការ​លីកាដូ (LICADHO) អ្នកស្រី សាម សុគន្ធា ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ថា សាលា​រាជធានី​ភ្នំពេញ ជា​ដើម​បណ្ដឹង​ប្ដឹង​កូន​ក្ដី​របស់​អ្នកស្រី ៣​នាក់ គឺ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន លោកស្រី បូ ឆវី និង​លោកស្រី គង់ ចន្ថា ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​បឹងកក់ ម្នាក់​ទៀត គឺ​លោកស្រី ហេង មុំ ពី​បទ​ប្រមាថ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ ទោះ​យ៉ាង​ណា​មេធាវី​រូប​នេះ មិន​ទាន់​បញ្ជាក់​ថា នឹង​ចូល​ខ្លួន​ជម្រះ​តាម​ការ​កោះ​ហៅ​នោះ​ទេ។

ទាក់ទង​ការ​កោះ​ហៅ​នេះ ពលរដ្ឋ​បឹងកក់ លោកស្រី បូ ឆវី មាន​ប្រសាសន៍​ថា លោកស្រី​គ្រោង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ពីព្រោះ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ៖ «មន្ត្រី​អាជ្ញាធរ​គាត់​តែងតែ​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​មក​លើ​សកម្មជន​ដីធ្លី និង​សកម្មជន​ផ្សេងៗ​ទៀត វា​អត់​មាន​ចម្លែក​ទេ ក៏​យើង​អត់​មាន​ការ​ភ័យ​ខ្លាច​អ្វី​ទេ យើង​ទៅ​តាម​តុលាការ​ដែល​គេ​ហៅ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​នៅ​ថ្ងៃ​ទី​១៩ ជួយ​គាំទ្រ​ដល់​នាង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​ផង។ អត់​មាន​យុត្តិធម៌​ទេ​សព្វថ្ងៃ​នេះ យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ចង្អៀត​ហើយ និយាយ​រួម​អត់​មាន​ទាល់​តែ​សោះ​យុត្តិធម៌»

សាលា​រាជធានី​ភ្នំពេញ​ ជា​ដើម​បណ្ដឹង​បាន​ប្ដឹង​ពលរដ្ឋ​ក្នុង​កម្មវត្ថុ​ពលរដ្ឋ​សម្រុះ​ចូល​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​គ្រា​អ្នក​បឹងកក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី។ បទ​ប្រមាថ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​អាច​នឹង​មាន​ទោស​ពី ៦​ខែ ទៅ ១​ឆ្នាំ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​មតិ​ថា ជា​រឿង​អយុត្តិធម៌។ លោក​សង្កេត​ឃើញ​ថា ឫសគល់​នៃ​ដើម​ហេតុ​ដែល​ឈាន​ដល់​តុលាការ​ទាំង​អស់ គឺ​បាន​កើត​ចេញ​ពី​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ជូន​ពលរដ្ឋ។ លោក​ថា ការ​បង្ក្រាប ចាប់​ខ្លួន ចោទ​ប្រកាន់​ផ្សេងៗ ជា​ការ​ដាក់​បន្ទុក​បន្ថែម​ទៀត​ទៅ​លើ​ពលរដ្ឋ ជា​ចេតនា​មួយ​ក្នុង​ការ​វាយ​បំបាក់ គំរាមកំហែង ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​តវ៉ា។

លោក​ស្នើ​ឲ្យ​តុលាការ​ជម្រះ​ដោយ​ពឹងផ្អែក​លើ​អង្គហេតុ អង្គច្បាប់​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ដីធ្លី៖ «តុលាការ​ពឹង​ផ្អែក​ទៅ​លើ​វិជ្ជាជីវៈ ទៅ​លើ​ក្រម​សីលធម៌ ទៅ​លើ​អង្គហេតុ អង្គ​ច្បាប់ ហើយ​សង្ឃឹម​ថា សហគមន៍​ដីធ្លី​ទាំង​អស់ គាត់​នឹង​បាន​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់ ហើយ​ទុក​បញ្ហា​ដីធ្លី​ឲ្យ​ទៅ​អាជ្ញាធរ​លោក​ដោះស្រាយ​បញ្ចប់​ទៅ ព្រោះ​ឥឡូវ​សល់​តែ ១៩​គ្រួសារ​ទេ​ដែល​អត់​ទាន់​បាន អ៊ីចឹង​ដោះ (ស្រាយ) ឲ្យ​ចប់​ទៅ​បឹងកក់ អត់​មាន​អី​នឹង​បន្ត​ទៀត​ទេ។ បើ​សិន​នៅ​តែ​បន្ត​នេះ​ហើយ​ជា​ផល​លំបាក ហើយ​ការ​រិះគន់​ធ្លាក់​ទៅ​លើ​នរណា? បុគ្គល​មួយ​ចំនួន​ដែល​ទទួល​ផល​ប្រយោជន៍​រួច​ខ្លួន តុលាការ​និង​រដ្ឋាភិបាល​រង​គ្រោះ​ក្នុង​ការ​រិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​ទៅ​វិញ»

ក្នុង​ចំណោម​អ្នក​បឹងកក់ ​ទាំង​នោះ អ្នកស្រី ទេព វន្នី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ក៏​កំពុង​ជាប់​ចោទ ២​សំណុំ​រឿង​ផ្សេង​ទៀត គឺ​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បាន​ប្រព្រឹត្ត​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៣ ពេល​ដែល​អ្នក​បឹងកក់ និង​សហគមន៍​ដីធ្លី​ទាម​ទារ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា ដែល​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ម៉ូតូ​ឌុប នៅ​ឯ​ក្រសួង​យុត្តិធម៌ ហើយ​ពួកគេ​តវ៉ា​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី​ទៀត។ បទ​ចោទ​នេះ​អាច​នឹង​មាន​ទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ប៉ុន្តែ​មេធាវី​បាន​ដាក់​ពាក្យ​សុំ​អ្នកស្រី ទេព វន្នី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា។ ចំណែក​សំណុំរឿង​មួយ​ទៀត​នោះ អតីត​អ្នក​បឹងកក់ លោកស្រី លី មុំ ដែល​ធ្លាប់​ជា​ក្រុម​ធ្លាប់​តវ៉ា​ជាមួយ​អ្នកស្រី ទេព វន្នី ក៏​បាន​ប្ដឹង​អ្នកស្រី ទេព វន្នី ពី​បទ​ប្រមាថ គំរាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១២។ សំណុំ​រឿង​នេះ ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។ ដោយ​ឡែក​មេធាវី​អ្នកស្រី ទេព វន្នី អះអាង​ថា បណ្ដឹង​ជា​ច្រើន​ដែល​សហគមន៍​បឹងកក់ បាន​ប្ដឹង តុលាការ​ពុំ​ចាត់​ការ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល