លោក អ៊ូ វីរៈ ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2016-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ តាម​កាល​កំណត់​របស់​តុលាការ គឺ​នៅ​ថ្ងៃ​ទី​១២ ឧសភា។ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១២ ឧសភា លោក និង​មេធាវី​របស់​លោក បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​វេលា​ម៉ោង ៩​ព្រឹក ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក អ៊ូ វីរៈ ចាត់​ទុក​ថា ការ​ប្ដឹង​ប្រឆាំង​រូប​លោក គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៖ «អ្វី​ដែល​ខ្ញុំ​ការពារ​សេរីភាព​បញ្ចេញ​មតិ​នេះ គឺ​សម្រាប់​យុវជន​ដែល​ជា​ពន្លក​ទើប​តែ​ដុះ ពួកគាត់​ចាប់​ផ្ដើម​តាមដាន​បញ្ហា​សង្គម។ មួយ​ទៀត​យើង​ព្រួយ​បារម្ភ​នោះ ខ្ញុំ​ខ្លាច​ប្រទេស​កម្ពុជា មាន​នយោបាយ​ប្រេះ​ឆា ខ្ញុំ​ព្រួយ​បារម្ភ​ពី​សេរីភាព​បញ្ចេញ​មតិ​រួម​តូច ខ្ញុំ​តែង​តែ​មាន​ជំហរ​ជា​អ្នក​កណ្ដាល។ ខ្ញុំ​តែង​និយាយ​ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ​សរសើរ។ អ្នក​ដែល​មាន​ជំហរ​ដូច​ខ្ញុំ គឺ​តិច ខ្ញុំ​ត្រូវ​តែ​ការពារ​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ»

លោក អ៊ូ វីរៈ បន្ថែម​ថា លោក​នឹង​មិន​ទៅ​ណា​ទេ។ លោក​នឹង​នៅ​តតាំង​រឿង​ក្ដី​នេះ​ដល់​ទី​បញ្ចប់ ព្រោះ​ថា ការ​តតាំង​រឿង​ក្ដី​នេះ មិន​ត្រឹម​តែ​ជា​ការ​ការពារ​ខ្លួន​លោក​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​ទេ គឺ​លោក​ការពារ​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា។

ដើម​បណ្ដឹង​ប្ដឹង​លោក អ៊ូ វីរៈ គឺ​លោក សុខ ឥសាន ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច។ លោក សុខ ឥសាន និង​មេធាវី​របស់​លោក គឺ​លោក គី ទិច បាន​ចូល​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ទាក់ទង​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា។

បន្ទាប់​ពី​ចូល​ទៅ​បំភ្លឺ​បន្ថែម​ដល់​ព្រះរាជអាជ្ញា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា សក្ខីកម្ម​របស់​លោក គឺ​ផ្អែក​លើ​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​និយាយ​អំពី​ការ​វិភាគ​របស់​លោក អ៊ូ វីរៈ ថា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

NEM MEX

ពី ​នេម មេច ) (Paris, France

លោក​ អ៊ូ វិរះ ពេលលោកឡើង តុលាការ ដើម្បី
បំភ្លឺ ករណិយរបស់លោកនោះ សូមនាំ មិត្តខ្មែរ និង
បរទេសទៅ​ខ្លះផង ។ ដើម្បីពិនិត្យ​មើល ក្បួន
ក្រលិចក្រឡុចរបស់ពួកអ្នកចោទសួរតាមវិធី KGB ។
គួរឆ្លើយកាពារ តាមរបៀបកុម្មុយនិស្ត កុុំប្រើតក្កវិជ្ជា
(LOGIQUE)តាមលិទ្ធប្រជាធិបតេយ្យ ពួកអស់លោក
នោះមិនយល់ទេ គឺ​ដូចយកទឹកទៅ ចាក់លើ
ក្បាលទា អិញ្ចឹង ! ! ៕

May 11, 2016 09:41 AM

គេហទំព័រ​ទាំងមូល