តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​លោក ប៉ាវ ស៊ីណា និង​មន្ត្រី​សហជីព​លោក ៦នាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ ៨ខែ

ដោយ ជុន ច័ន្ទបុត្រ
2019.03.18
ប៉ាវ ស៊ីណា ២០១៧ ៦២២ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ សម្រេច​ផ្ដន្ទាទោស​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា និង​មន្ត្រី​សហជីព​របស់​លោក ៦ផ្សេង​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៨ខែ ក្រោម​បទ​សម​គំនិត ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ពាក់​ព័ន្ធ​នឹង​បាតុកម្ម​នៅ​រោង​ចក្រ​អូសេអង់ (Ocean) កាល​ពី​ឆ្នាំ២០១២ ក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ នៅ​ព្រឹក​ថ្ងៃ​ទី១៨ មីនា លោក ប៉ាវ ស៊ីណា ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្នុង​ពេល​តវ៉ា​របស់​កម្មករ​កាល​ពី​ឆ្នាំ២០១២ នោះ លោក​បាន​ការពារ​សិទ្ធិ​កម្មករ ដែល​រង​ការ​ប្រមាថ​សេចក្ដី​ថ្លៃ​ថ្នូរ​កម្មការិនី និង​បៀតបៀន​ផ្លូវ​ភេទ ពី​សំណាក់​អ្នក​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ម្នាក់ ប៉ុន្តែ​បែរជា​ថៅកែ​រោង​ចក្រ ដាក់​ពាក្យ​ប្ដឹង​លោក និង​សហការី ៦នាក់​ទៅ​វិញ។

កាល​ពី​ឆ្នាំ​២០១២ នៅ​រោងចក្រ អូសេអង់ (Ocean) មាន​កម្មករ​រាប់​រយ​នាក់​ ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឲ្យ​ថៅកែ​បើក​​ប្រាក់​ខែ​ឲ្យ​ពួក​គេ និង​ទទួល​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។ លុះ​ក្រោយ​មក វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោង​ចក្រ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ ហើយ​មក​ដល់​ឆ្នាំ២០១៤ ថៅកែ​រោងចក្រ​ក៏​សម្រេច​បិទទ្វារ​លែង​ដំណើរ។

តុលាការ​ក្រុង​ភ្នំពេញ ប្រកាស​សាលក្រម​កំបាំង​មុខ កាត់​ទោស​​លោក ប៉ាវ ស៊ីណា និង​មនុស្ស ៦នាក់​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ឲ្យ​ជាប់​ពន្ធនាគារ​​ម្នាក់ ៨ខែ ពី​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា និង​ជេរ​ប្រមាថ​ជា​សាធារណ ប្រព្រឹត្ត​នៅ​ ក្រុមហ៊ុន អូសេអង់ ហ្គាមិន ខូអិលធីឌី (Ocean Garment Co. Ltd) ស្ថិត​នៅ​ភូមិ​ផ្លូវ​ថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ និង​ទី១៤ ខែ​សីហា ឆ្នាំ២០១២។

នៅ​ក្នុង​ច្បាប់​សហជីព ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា​ បើ​សិន​ជា​មេដឹកនាំ​សហជីព​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស គឺ​មិន​អាច​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​សហជីព​បាន​ទេ។ មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា បើ​ទោះ​បី​ជា​តុលាការ​កាត់​ទោស​ក្រុម​សហជីព​ហើយ​ព្យួរទោស​នោះ​ក៏​ដោយ ក៏​សាលក្រម​នោះ នៅ​តែ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។