ក្រុមយុវជន និង សង្គម​ស៊ីវិល​រិះគន់​ការ​បណ្តោយ​ឲ្យ​ជនជាតិ​ចិន​ប្រើ​រថយន្ត​ស្លាក​លេខ​រដ្ឋ​ខុសច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2018-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន​កំពុង​លាង​រថយន្ត​ស្លាក​លេខ​រដ្ឋ។ រូបថត៖ ហ្វេសបុក
ជនជាតិ​ចិន​កំពុង​លាង​រថយន្ត​ស្លាក​លេខ​រដ្ឋ។ រូបថត៖ ហ្វេសបុក
Photo: RFA

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ របប​ក្រុងភ្នំពេញ​ថា បណ្ដោយ​ឲ្យ​ជនជាតិ​ចិន​បើក​រថយន្ត​ពាក្យ​ស្លាក​លេខ​រដ្ឋ (​រដ្ឋាភិបាល​) ស្លាក​លេខ​ខម (កង​យោធពល​ខេមរភូមិន្ទ) និង​ស្លាក​លេខ នប (​អគ្គស្នងការ​នគរបាល​ជាតិ) ដោយ​សេរី។ ពួកគេ​ចាត់​ទុក​ទង្វើ​បែបនេះ ជះឥទ្ធិពល​អាក្រក់​ដល់ រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា និង​ជា​ករណី​ខុសច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី ដែល​ពលរដ្ឋ​ចិន​បាន​ប្រើប្រាស់​រថយន្ត​ពាក្យ​ស្លាក​លេខ​រដ្ឋ ទាហាន​និង​ប៉ូលិស​ខុសច្បាប់។ ពួកគេ​រក​ឃើញ​ថា មាន​រថយន្ត​ពាក្យ​ស្លាក​លេខ​រដ្ឋ ខម និង នប​មួយ​ចំនួន កំពុង​ត្រូវ​បាន​ជន​ជាតិ​ចិន​ប្រើប្រាស់​តាម​ផ្លូវ​សាធារណៈ និង​មាន​រថយន្ត​ពាក់​ស្លាក​លេខ​ខម​ខ្លះ ត្រូវ​បាន​ជនជាតិ​បើកបរ ជួប​គ្រោះថ្នាក់​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី អង្កេត​ឃើញ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន បាន​ជួល​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ខម និង​នប ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​បារម្ភ​ថា នៅ​ពេល​ដែល​ជនជាតិ​ចិន ប្រើប្រាស់​ស្លាក​លេខ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជាតិ និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​៖ «ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ណាស់ ដោយសារ​ទង្វើ​អមនុស្សធម៌​របស់​ចិន គឺ​គាត់​អាង​លុយ​អាង​អី គាត់​ជួល​ឡាន ខម មានអំណាច​អួត​ក្អេងក្អាង​គឺ​គាត់​បើកឡាន​ព្រហើន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​នោះ ហើយ​គាត់​អាង​យក​លុយ​ទៅ​សូក អ៊ីចឹង​ប្រជាជន​យើង​ស្លាប់​ដោយ​អយុត្តិធម៌»

លោក មួង សូនី បន្ថែម​ថា កន្លងមក​សមត្ថកិច្ច និង​មន្ត្រីរាជការ​មួយ​ចំនួន បាន​ប្រើប្រាស់​ឡាន​ស្លាក​លេខ រដ្ឋ ខម និង នប បម្រើ​ប្រយោជន៍​ឯកជន​បំពាន​ច្បាប់។ រីឯ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ធ្លាប់​ព្រមាន​ធ្ងន់ៗ​ថា នឹង​ចាត់វិធានការ​រឿង​នេះ​ដែរ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​ឃើញ​តែ​មួយ​ប្រាវ ឬ​ភ្លើង​ចំបើង៖ «ការ​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​សិទ្ធិ​បើកឡាន​ពាក្យ​ស្លាក​លេខ​រដ្ឋ និង​ខម គឺជា​រឿង​អាម៉ាស់​យ៉ាង​ធំ ដែល​យក​កិត្តិ​យស​ជាតិ​យក​ទៅ​លក់។ សូម​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ម៉ឺងម៉ាត់ កុំ​បណ្ដោយ​បន្ត​ឲ្យ​មានរឿង​រាវ​អ៊ីចឹង​ទៀត»

កន្លងទៅ លោក ទៀ បាញ់ ធ្លាប់​ប្រកាស​ថា នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រីរាជការ សមត្ថកិច្ច និង​បុគ្គល​ទាំងឡាយ​ណា​ ដែល​ប្រើប្រាស់​ឡាន​ពាក់​ស្លាក​លេខ​ខម ខុសច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ និង​ពលរដ្ឋ​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃទី២៣ វិច្ឆិកា ព្រោះ​លោក កំពុង​ជាប់រវល់​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ តែ​ទូរស័ព្ទ​ហៅចូល​គ្មាន​អ្នកទទួល នៅ​ថ្ងៃ២៣ វិច្ឆិកា។ ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ហេតុផល​ពី​យ៉ាង​សំខាន់ៗ នាំ​ឲ្យ​មានការ​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ ខម និង នប គឺ​ទី ១ ការ​លក់​ស្លាក​លេខ​ទាំងនេះ​ឲ្យ​ជនជាតិ​ចិន ពី​សំណាក់​អាជ្ញាធរ​កម្ពុជា និង​ទី​២ សមត្ថកិច្ច​ខ្លះ​បាន​ជួល​រថយន្ត​ស្លាក​លេខ​ទាំងនេះ​ឲ្យ​ជនជាតិ​ចិន។ លោក​អង្កេត​ឃើញ​ថា នៅ​គ្រា​ដែល​ជនជាតិ​ចិន​បើកឡាន ពាក្យ​ស្លាក​លេខ​ទាំងនេះ សមត្ថកិច្ច​តាម​ផ្លូវ​មិន​ហ៊ាន​សួរនាំ​នោះ​ទេ ខណៈ​ដែល​ជន​ជាតិ​ចិន​ភាគច្រើន គ្មាន​ប័ណ្ណបើកបរ​របស់​កម្ពុជា​ឲ។ លោក​បារម្ភ​ថា នៅ​ពេល​ជនជាតិ​ចិន​ពាក្យ​ស្លាក​លេខ​រដ្ឋ ខម និង នប ពួកគេ​អាច​គេច​ពី​វិធានការ​ផ្លូវច្បាប់ ប្រសិនបើ ជនជាតិ​ចិន​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា ប្លន់ និង ចោរកម្ម ក្នុង​ប្រទេស​កម្ពុជា​៖ «កន្លងមក​យើង​ឃើញ​ហើយ ជនជាតិ​ចិន​បាន​ប្រើប្រាស់​ស្លាក​លេខ​ទំនើបៗ ដើម្បី​ជា​មធ្យោបាយ ចាប់ជំរិត ប្លន់​នៅ​ខេត្ត​ព្រះសីហនុ។ ប្រសិនបើ​មាន​ប្រភេទ​បទល្មើស​ដែល​កើតឡើង​ដោយ​ក្រុម​ជនជាតិ​ចិន ហើយ​រថយន្ត​ពាក្យ​ស្លាក​លេខ​រដ្ឋ ខម និង​នប អ្នក​ដែល​រង​ផល​ប៉ះពាល់ ឬ​ភាព​អាម៉ាស​នោះ​គឺ ស្ថាប័ន​ដែល​គ្រប់គ្រង​ស្លាក​លេខ​រដ្ឋ ខម និង នប​តែម្ដង អត់​មាន​នរណា​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រួប​នេះ សង្កត់ធ្ងន់​ថា សមត្ថកិច្ច​ដែល​បណ្ដោយ​ឲ្យ​ជនជាតិ​ចិន​ប្រើប្រាស់​ស្លាក​រថយន្ត​រដ្ឋ ខម និង នប ដើម្បី​ពាក់​ស្បែ​ខ្លា​រកស៊ី នៅ​កម្ពុជា គឺជា​ទង្វើ​មើលងាយ​ដល់​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា​បំពាន​ច្បាប់ ហើយ​អាជ្ញាធរ​ដែល​ឃុបឃិត​ជួល​រថយន្ត​ស្លាក​លេខ​ទាំងនេះ ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ។

ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​វាក្យខណ្ឌ​ទី២ នៃ​មាត្រា ៩ ចែងថា យោធិន​ត្រូវ​មាន​អព្យាក្រឹត្យ ភាព​ក្នុង​មុខ​នាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ការប្រើប្រាស់​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​សកម្មភាព​នយោបាយ​ណាមួយ៕'

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល