ពលរដ្ឋ​រង​អំពើ​អយុត្តិធម៌​សង្គម​គ្មាន​ជំនឿ​លើ​តុលាការ​ថា អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់

ដោយ ហ៊ុំ ចំរើន
2024.03.30
ពលរដ្ឋ​រង​អំពើ​អយុត្តិធម៌​សង្គម​គ្មាន​ជំនឿ​លើ​តុលាការ​ថា អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ថ្លែង​មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​យត្តិធម៌

ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​សង្គម​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ថា អសមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ និង​បាត់បង់​សិទ្ធិ​សេរីភាព​។ ពួកគាត់​អះអាង​ថា ចាប់តាំងពី​ពួកគាត់​រង​ការរំលោភ​សិទ្ធិ​ស្ថាប័ន​តុលាការ​មិនដែល​ចេញមុខ​ធានា​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​ពួកគាត់​ឡើយ។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី​លើកឡើង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ថា អាច​ផ្ដល់​ភាព​ត្រឹមត្រូវ និង​ធានា​ដល់​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដល់​ពួកគាត់​ឡើយ ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​រង​ការរើសអើង​នៅពេល ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​យុត្តិធម៌។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​លុប​បឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែមីនា ថា លោកស្រី​ចង់​ឃើញ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ បង្ហាញ​ឆន្ទៈ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់​ពិតប្រាកដ​កុំ​បាន​តែ​ទ្រឹស្ដី​ដើម្បី​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ។ លោកស្រី​បន្ត​ថា នៅ​ពេល​ដែល​សហគមន៍​លោកស្រី​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​រដ្ឋមន្ត្រី ឬ​សាលា​រាជធានី​ភ្នំពេញ​តែង​រក​ការរើសអើង និង​រារាំង​ពី​សំណាក់​អាជ្ញាធរ។

លោកស្រី សឿន ស្រីសុទ្ធ៖ «ខ្ញុំ​សូម​ឱ្យ​សម្ដី​របស់​ឯកឧត្ដម កើត រិទ្ធិ សូម​ឱ្យ​ក្រសួងយុត្តិធម៌​ចុះ​មក​ដោះស្រាយ​សហគមន៍​សំរោង​ត្បូង​បឹងតាមោក​របស់​ពួក​ខ្ញុំ​ឱ្យ​ដូច​សម្រែក​ដែល​លោក​ស្រែក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​កុំ​បានតែ​ស្រែក​ឱ្យ​តែ​ល្អ​ស្ដាប់​តែ​អត់​ល្អមើល»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ រៀបចំ​ពិធី​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​២០២៣ និង​កំណត់​ទិសដៅ​ការងារ​ជា​អាទិភាព​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែមីនា​នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ថ្លែង​ថា គឺជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​ក្រសួងយុត្តិធម៌​បើក​ទទួល​គ្រប់​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ដែល​អះអាង​គ្មាន​ភាព​យុត្តិធម៌​។ លោក​ប្ដេជ្ញាចិត្ត​មិន​គេចវេះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឡើយ។

លោក កើត រិទ្ធិ៖ «​ឯកឧត្ដម លោកជំទាវ ជួយ​គិត​រឿង​នេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ​ជា​ការ​សម្រេចចិត្ត​ខាង​នយោបាយ​ដ៏​ធំ ស្ដាប់​អ្វី​ដែល​លោកជំទាវ ជី លាង លើកឡើង​សាធារណមតិ​គេ​និយាយ​សុទ្ធតែ​តុលាការ​នេះ​អយុត្តិធម៌​ចេះ​ចុះ​គ្រប់​រឿង​ទាំងអស់ ប៉ុន្តែ​បើជា​យើង​ធ្វើ​អី​។ ប៉ុន្តែ​ជា​យើង​ធ្វើ​អី​ឥឡូវ​អយុត្តិធម៌​ខ្ញុំ​ថាបើ​ទ្វារ​ដាក់​មក​ដាក់​ឱ្យ​ខ្ញុំ ខ្ញុំ​មើល​ឱ្យ​ជា​សេចក្ដី​ក្លាហាន​មួយ​ខ្ញុំ​ត្រូវការ​ពេលវេលា​ច្រើន​ខែ​ក្នុង​ការ​សម្រេចចិត្ត»

ថ្វី​ត្បិត​លោក កើត រិ​ទ្ធិ អះអាង​បែបនេះ​ក្ដី ក៏​កន្លងទៅ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី​មួយចំនួន​តែង​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​បែរ​ជា​មាន​អាជ្ញាធរ​រារាំង ប្រើ​អំពើ​ហិង្សា និង​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ជាដើម។

សកម្មជន​ដីធ្លី​ខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ថ្លែង​ថា លោកស្រី​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងយុត្តិធម៌​ជិត​១០​ដង ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ និង​ត្រូវ​ជាប់​ពន្ធនាគា​រទាំង​អយុត្តិធម៌​ថែម​ទៀត ដូច្នេះ​លោកស្រី​មិន​ជឿ​លើ​សម្ដី​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក កើត រិទ្ធិ នោះ​ឡើយ។

លោកស្រី ផាវ ញ៉ើង៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​និយាយ​ជា​គោលនយោបាយ​របស់​គេ​ថ្មី​មួយទៀត​គេ​និយាយ​ឱ្យ​ពលរដ្ឋ​ឆោតល្ងង់​អ៊ីចឹង​។ ប៉ុន្តែ​ខ្ញុំ​ល្ងង់​មែន​តែ​ខ្ញុំ​ជាប់ពន្ធនាគារ​ខ្ញុំ​បាន​ចេះដឹង​ខ្លះ​ហើយ​ដោយសារ​អី​ដោយសារ​ដឹង​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​លើ​មាត់​របស់​គេ​ទេ ប្រសិនបើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ច្បាប់​គឺ​ពួក​ខ្ញុំ​អត់​ត្រូវ​បាត់បង់​ដីធ្លី ហើយ​អត់​ត្រូវ​ចោទប្រកាន់​អី​ទៀត​ទេ ត្រូវតែ​ទម្លាក់​បទ​ប្រកាន់​ហើយ​ឱ្យ​ដី​ពួក​ខ្ញុំ​មកវិញ​អាហ្នឹង​បាន​យុត្តិធម៌​មែន​។ អានេះ​មិនមែន​យុត្តិធម៌​ទេ ឱ្យ​ពួក​ខ្ញុំ​ជំពាក់​លុយ​ធនាគារ​ឱ្យ​គ្រួសារ​វិនាស​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ដូច​សង្វេគ​ដល់ក»

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ពលរដ្ឋ​រងគ្រោះ​មួយចំនួន​ហាក់​អស់ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ដោយសារ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់។ ផ្ទុយ​ទៅវិញ​លោក​ថា មានតែ​ការ​ចាប់​ចង ការ​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​នៅ​ពេល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌។

លោក នី សុខា៖ «ខ្ញុំ​ក៏​រង់​ចាំ​មើល​ដែល​ថា ការ​តាំង​ចិត្ត​របស់​ក្រសួង​នៅ​ពេល​នេះ​ថា វា​អាច​ជា​ពន្លឺ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​រយៈពេល​យូរ​មក​ហើយ​ឬក៏​យ៉ាងណា​។ កន្លងមក​មានការ​លើក​ឡើង​មានការ​ដោះស្រាយ​មាន​ស្ថាប័ន​ច្រើន​ហើយក៏​ប៉ុន្តែ​ដំណើរ​ដោះស្រាយ​វា​អត់​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​ដោះស្រាយ​ទាំងអស់​ហ្នឹង»

ទោះជា​យ៉ាងណា ក្រុម​ពលរដ្ឋ​រងគ្រោះ​ដូចជា សកម្មជន​សង្គម ក្រុម​សហជីព និង​សកម្មជន​នយោបាយ​ជាពិសេស​ពលរដ្ឋ​រង​ការរំលោភ​យក​ដីធ្លី នៅ​បឹង​តា​មោក​កំពុង​រស់នៅ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ កូន​បោះបង់​ការ​សិក្សា ក៏​លោក កើត រិទ្ធិ មិន​អើពើ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​ឡើយ។ កាន់តែ​អាក្រក់​ជាង​នេះ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ​មួយចំនួន​បាន​នាំគ្នា​រត់​ពួន​ក្នុង​ព្រៃ​ក្រោយ​អាជ្ញាធរ​តាម​ចាប់ខ្លួន​ដោយសារ​ពួកគាត់​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ស្លាប់។

ក្រុម​ពលរដ្ឋ​រងគ្រោះ​ចង់​ឃើញ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​មានការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​ពិតប្រាកដ​ជាជាង​មានតែ​ការ​លើកឡើង​ឱ្យ​តែ​ល្អ​មើល៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។