តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ប៉ាវ ស៊ីណា តែ​តម្កល់​ទុក​បទ​ចោទ​ចំពោះ​មនុស្ស​ ៦​នាក់​ទៀត​ដដែល​

ដោយ ម៉ៅ សុធានី
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សម្ព័ន្ធ​​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ចូលរួម​ដឹកនាំ​កម្មករ​មក​ពី​រោង​កាត់ដេរ​នៅ​ខេត្ត​តាកែវ តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៥។
ប្រធាន​សម្ព័ន្ធ​​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ចូលរួម​ដឹកនាំ​កម្មករ​មក​ពី​រោង​កាត់ដេរ​នៅ​ខេត្ត​តាកែវ តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា។ ចំណែក សហការី​៦​នាក់​នៃ​សហភាព​សហជីព​នេះ ចៅក្រម​សម្រេច​រក្សា​ទុក​បទ​ចោទ​ដដែល ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៨ខែ ក្រោម​បទ​សម​គំនិត ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ពាក់​ព័ន្ធ​នឹង​បាតុកម្ម​នៅ​រោង​ចក្រ​អូសេអង់ (Ocean) កាល​ពី​ឆ្នាំ២០១២ ក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់​អាស៊ី​សេរី​ថា មូល​ហេតុ​ដែល​តុលាការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ​នៅ​ពេល​នេះ ដោយ​សារ​តែ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សាលក្រម​កំបាំង​មុខ​ដែល​ផ្ដន្ទាទោស​លោក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ២០១៨​។ ចំណែក​ករណី​សហការី ៦ផ្សេង​ទៀត លោក ប៉ាវ ស៊ីណា​ បញ្ជាក់​ថា ​ពួកគេ​នៅ​ជាប់​បទ​ចោទ​ដដែល ដោយ​សារ​ពួក​គេ​មិន​ដឹង​ ហើយ​នៅ​ធ្វើការ​តាម​​ខេត្ត​ឆ្ងាយ​ពី​ទីក្រុង ដែល​ជា​ហេតុ​ដែល​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សាលក្រម​កាល​ពី​ឆ្នាំ២០១៨ ទាន់​ពេល​វេលា៖ «បាទ!​មាន​ន័យ​ថា​សម្រាប់​ខ្ញុំ គឺ​រួច​រាល់​ហើយ។ ប៉ុន្តែ​ក្រុម​ការងារ​ខ្ញុំ​ដែល​មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​បទ​ចោទ​ហ្នឹង គឺ​ពួកគាត់​ហ្នឹង​បន្ត​ការ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ហ្នឹង​ដំណើរ​ការ​រឿង​ហ្នឹង​ឡើង​វិញ ដើម្បី​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ដូចគ្នា​ដែរ»

កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៨ តុលាការ​ក្រុង​ភ្នំពេញ ប្រកាស​សាលក្រម​កំបាំង​មុខ កាត់​ទោស​​លោក ប៉ាវ ស៊ីណា និង​សហការី ៦នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​​ម្នាក់ ៨ខែ ពី​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា និង​ជេរ​ប្រមាថ​ជា​សាធារណ ប្រព្រឹត្ត​នៅ​ ក្រុមហ៊ុន អូសេអង់ ហ្គាមិន ខូអិលធីឌី (Ocean Garment Co. Ltd) ស្ថិត​នៅ​ភូមិ​ផ្លូវ​ថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ និង​ទី១៤ ខែ​សីហា ឆ្នាំ២០១២។ មនុស្ស​ទាំង​ ៦នាក់​នោះ មាន​ឈ្មោះ លោក ឆេង ឆាន់ លោក ឆេង ស៊ីណន លោក ប៉ែន ស៊ីថូ លោក ហ៊ួន ប៊ុណ្ណា លោក ទុយ ស៊ួត ហៅ​ យិន​ ភឿន និង​លោក អ៊ុន វ៉ាន់ខុយ។

តាម​ច្បាប់​សហជីព ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា​ បើ​សិន​ជា​មេដឹកនាំ​សហជីព​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស គឺ​មិន​អាច​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​សហជីព​បាន​ទេ។ មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា បើ​ទោះ​បី​ជា​តុលាការ​កាត់​ទោស​ក្រុម​សហជីព​ហើយ​ព្យួរទោស​នោះ​ក៏​ដោយ ក៏​សាលក្រម​នោះ នៅ​តែ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​ដែរ។

កាល​ពី​ឆ្នាំ២០១២ នៅ​រោងចក្រ អូសេអង់ (Ocean) មាន​កម្មករ​រាប់​រយ​នាក់​ ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឲ្យ​ថៅកែ​បើក​​ប្រាក់​ខែ​ឲ្យ​ពួក​គេ និង​ទទួល​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។ លុះ​ក្រោយ​មក វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោង​ចក្រ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ ហើយ​មក​ដល់​ឆ្នាំ២០១៤ ថៅកែ​រោងចក្រ​ក៏​សម្រេច​បិទទ្វារ​លែង​ដំណើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល