តុលាការ​របបលោក​ ហ៊ុន សែន​ កាត់​ទោស​អ្នក​កាសែត​អូស្ត្រាលី​ឱ្យ​ជាប់​ពន្ធនាគារ​ ៦ឆ្នាំ ពី​បទ​ចារកម្ម​

វិទ្យុ​អាស៊ី​សេរី
2018.08.31
Jame-Ricketson ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
រូបថតគេ​ផ្ដល់​ឲ្យ

តុលាការ​របប​ លោក​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​ទី៣១ សីហា សម្រេច​​ផ្តន្ទាទោស​អ្នក​កាសែត​អូស្ត្រា​លី លោក​ ជេមស៍ រីកខិតសិន​ (James Ricketson) ឱ្យ​ជាប់​ពន្ធនាគារ​ ៦ឆ្នាំ​ ពី​បទ​ធ្វើ​ចារកម្ម។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​សម្រេច​ក្តីនេះ​ ជា​រឿង​អយុត្តិធម៌​​សម្រាប់​​លោក​ ជេមស៍ ដោយ​សារ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​បង្ហាញ​ពី​អំពើ​ចារកម្ម​ ដែល​លោក​​បាន​ប្រព្រឹត្ត​ឡើយ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​ លីកាដូ (LICADHO) លោក​ អំ សំអាត សម្តែង​ការ​សោកស្តាយ​ចំពោះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញដែល​សម្រេច​ផ្តន្ទាទោស​លោក​ ជេមស៍ រីកខិតសិន​ (James Ricketson) ទាំង​ដែល​សវនាការ​រយៈពេល​ ៧ថ្ងៃ​កន្លងម​ក​ តុលាការ​មិន​មាន​ភស្តុតាង​ជាក់​លាក់​បង្ហាញ​​ពីអំពើចារកម្ម​របស់​អ្នក​កាសែត​អូស្ត្រាលី​នោះ​ឡើយ៖ «»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​លោក​​ ជេមស៍ រីកខិតសិន មាន​ពិរុទ្ធភាព​ និង​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៦ឆ្នាំ ក្រោម​បទ​ចោទ​ “​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​​ការ​ការពារ​ជាតិ” តាម​មាត្រា ៤៤៦ និង​ ៤៣៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ទោះជាយ៉ាង​ណា នៅក្នុង​សវនាការ​សួរ​ដេញ​ដោលកន្លង​មក​​ លោក​ ជេមស៍ រីកខិតសិន បាន​បដិសេធ​ថា សកម្មភាព​ដែល​លោក​បាន​ធ្វើ​នោះ​ មិន​មែន​ជា​ការ​ធ្វើ​ចារកម្ម​ឡើយ ប៉ុន្តែ​សកម្មភាព​នោះ គឺ​ជា​ការ​អនុវត្ត​វិជ្ជាជីវៈ​អ្នក​កាសែត និង​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​ស្តីពី​ស្ថានភាព​រស់​នៅ​ជាក់​ស្តែង​របស់​ពលរដ្ឋ​ខ្មែរ​ក្រី​ក្រ។ លោក​បញ្ជាក់​ថា គោល​​​បំណង​នៃ​​ការ​​ធ្វើ​​ភាព​យន្ត​ឯកសារ​នោះ គឺ​ដើម្បី​​កៀរគរ​រក​ថវិកា​ជួយ​ដល់​ពលរដ្ឋ និង​កុមារ​​ក្រីក្រ​កម្ពុជា ដែល​រស់​នៅលើ​គំនរ​​សំរាម​​តែ​​ប៉ុណ្ណោះ ហើយ​លោក​ក៏​បាន​សុំ​ទោស​ផង​ដែរ ប្រសិន​បើ​ការងារ​ដែល​លោក​បាន​ធ្វើ​កន្លង​មក​ប៉ះពាល់​ដល់​មុខ​​មាត់​​របស់​​រដ្ឋា​ភិបាល​​​កម្ពុជា។

មន្ត្រី​នាំពាក្យ​សមាគម​ អាដហុក​ (ADHOC) លោក​ សឺង សែន​ករុណា ថ្លែ​ងថា សាល​ក្រម​នេះ​ជារឿង​អយុត្តិ​ធម៌​​សម្រាប់​លោក ជេមស៍ រីកខិតសិន ព្រោះ​សកម្ម​របស់​លោក​មិន​អាចរាប់​ថាជា​អំពើ​ចារកម្ម​ឡើយ។ ម្យ៉ាង​វិញ​ទៀត ភស្តុតាង​ដែល​តំណាង​អយ្យការ​យក​ម​កប្រើ​ដើម្បី​ដាក់​បន្ទុក​លើ​ផលិត​ករ​ភាព​យន្ត​រូប​នោះ សុទ្ធ​សឹង​តែ​ជា​ភស្តុតាង​ដែល​មិន​ច្បាស់លាស់​។ លោក​យល់​ថា ការ​ផន្តន្ទាទោស​ផលិតករ​ភាព​យន្ត​អូស្ត្រាលី​នេះ ទំនង​ដោយ​សារ​លោក​បានផ្តិតយក​​ទិដ្ឋភាព​ពិត​នៃ​ស្ថានភាព​រស់​នៅ​​ដ៏​លំបាក​​របស់​​ពលរដ្ឋ​​ខ្មែរ​​ក្រីក្រ​​ទៅ​​ផ្សព្វផ្សាយ​​ឱ្យ​​ពិភព​លោក​​បាន​​ដឹង ដែល​ធ្វើ​ឱ្យ​របប​ដឹក​នាំ​បច្ចុប្បន្ន​មាន​ភាព​អាម៉ាស់​មុខ​ចំពោះ​​បញ្ហា​​នេះ​។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា​ ការ​ផ្តន្ទាទោស​លោក​ លោក​ ជេមស៍ រីកខិតសិន គឺ​ជា​ការ​គំរាម​កំហែង​ដល់​អ្ន​ក​សារព័ត៌មាន​​បរទេស​ដទៃ​ទៀតនៅ​កម្ពុជា ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​ខ្លួន៖ «»

លោក​ ជេមស៍ រីកខិតសិន អាយុ ៦៩ឆ្នាំ ត្រូវ​បាន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​​ខ្លួន​ កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ ក្រោយ​ពេល​លោក​បាន​ប្រើប្រាស់​ឧបករណ៍​ថត​រូប​លើ​អាកាស ឬ​ហៅ​ថា ដ្រូន (Drone) ដើម្បី​ថត​វីដេអូ​សកម្មភាព​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​កាសែត និង​ជា​ផលិត​ករ​ភាព​យន្ត​រូប​នេះ បាន​ជាប់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​ជាង ១ឆ្នាំ ទើប​ទទួល​បាន​​ការ​ជំនុំ​ជម្រះ។

ថ្វី​ដ្បិត​តែ​លោក ជេមស៍ រីកខិតសិន ត្រូ​វបាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ​ក៏​​ពិត​មែន​ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​សង្ឃឹម​ថា តុលាការ​ជាន់​ខ្ពស់​ គឺ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​ អាច​នឹង​ផ្តល់​​យុត្តិធម៌​ជូន​រូប​លោក ដើម្បី​ឱ្យ​លោក​មាន​សេរីភាព អាច​វិល​ទៅ​បំពេញ​ការងារ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រី​ក្រ​ដែល​លោក​គ្រោង​នឹង​ជួយ​នោះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។