តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​អ្នកកាសែត​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​​ ទី​៣១ សីហា

តាំង សារ៉ាដា
2018-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
រូបថតគេ​ផ្ដល់​ឲ្យ

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​ចារកម្ម​របស់​អ្នកកាសែត​ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកខិតសិន (James Ricketson) ទៅ​ថ្ងៃ​សុក្រ​ទី៣១ សីហា ខាងមុខ ក្រោយ​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ពុធ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​បាន​តាមដាន​ករណី​នេះ ជំរុញ​ឱ្យ​តុលាការ​កាត់​ក្តី​រឿង​នេះ​ដោយ​យុត្តិធម៌ ដ្បិត​បទចោទប្រកាន់​លើ​លោក ជេមស៍ ជា​រឿង​មិន​សម​ហេតុផល។

តុលាការ​របប​លោក ហ៊ុន សែន បាន​បិទ​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំរឿង​អ្នកកាសែត​ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកខិតសិន (James Ricketson) នៅ​ថ្ងៃទី២៩ សីហា​ហើយ បន្ទាប់​ពី​ប្រើ​ពេល​សួរដេញដោល​អស់​ជាច្រើន​ថ្ងៃ​រួចមក។

តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ លោក សៀង សុខ បាន​បន្ថែម​បទ​ចោទ​ថ្មី​មួយទៀត​លើ​លោក លោក ជេមស៍ រីកខិតសិន នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​លោក​ដាក់​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ។ បទ​ចោទ​ថ្មី​នោះ គឺ “​អំពើ​ក្បត់ជាតិ និង​ចារកម្ម​” តាម​មាត្រា ៤៣៩ នៃ​ក្រមព្រហ្មទណ្ឌ។ លោក​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផ្ដន្ទាទោស លោក ជេមស៍ រីកខិតសិន តាម​មាត្រា ៤៣៩ និង ៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ។

ទោះជា​យ៉ាងណា មាត្រា ៤៣៩ ដែល​លោក សៀង សុខ បន្ថែម​នេះ មិនមែន​ជា​បទចោទប្រកាន់​ឡើយ ផ្ទុយទៅវិញ វា​គឺជា​និយមន័យ​នៃ​អំពើ​ក្បត់ជាតិ និង​ចារកម្ម​ប៉ុណ្ណោះ។

អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​សម្ដែង​ការ​ងឿងឆ្ងល់​ចំពោះ​ការ​យក​និយមន័យ​ទៅ​ធ្វើ​ជា​បទចោទប្រកាន់ ហើយ​ម្យ៉ាងវិញទៀត មាត្រា​នោះ​ចែង​សំដៅ​តែ​លើ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​លោក លោក ជេមស៍ រីកខិតសិន គឺ​មិនមែន​ជា​ជនជាតិ​ខ្មែរ​ឡើយ ដូច្នេះ​នេះ​ជា​បទ​ចោទ​ដែល​មិន​ត្រឹមត្រូវ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែន​ករុណា ដែល​បាន​តាមដាន​សវនាការ​ពេញ​មួយ​ថ្ងៃនេះ ថ្លែង​ថា តំណាង​អយ្យការ​មិន​គួរ​ទាញ​លោក លោក ជេមស៍ រីកខិតសិន ឱ្យ​ចូល​ទៅ​ក្នុង​បទ​ចោទ​ថ្មី​ដែល​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​បែបនេះ​ឡើយ។ លោក​បន្ត​ថា បើ​សាលក្រម​ចេញ​មក​ថា លោក ជេមស៍ រីកខិតសិន មាន​ទោស​ដោយសារ​បទ​ល្មើស​ទាំងនេះ​មែន នោះ​នឹង​ក្លាយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ផលិតករ​ភាពយន្ត​រូប​នេះ។ «»

លោក លោក ជេមស៍ រីកខិតសិន បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​បទ​ចោទ​ថ្មី​នេះ ដោយ​លោក​ថ្លែង​ថា ការ​ឃុំខ្លួន​លោក​ជាង ១​ឆ្នាំ​មកនេះ មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​នេះ​ឡើយ ហើយ​សវនាការ​សួរដេញដោល​ជាច្រើន​ថ្ងៃ​មកនេះ ក៏​តំណាង​អយ្យការ​មិនបាន​លើកឡើង​ពី​ចំណុច​នេះ​ដែរ។

ក៏ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង លាង បញ្ជាក់​ថា ការ​ចោទប្រកាន់​នេះ ជា​សិទ្ធិ​របស់​តំណាង​អយ្យការ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​សិ្ថត​នៅ​លើ​ចៅក្រម​ជំនុំជម្រះ។

ខាង​មេធាវី​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា អំណះអំណាង​ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ដើម្បី​ចោទប្រកាន់​លើ​លោក ជេមស៍ រីកខិតសិន នោះ សុទ្ធសឹងតែ​ជា​ការ​សង្ស័យ និង​ជា​ការ​ភ័ន្តច្រឡំ​ប៉ុណ្ណោះ ដូច្នេះ​ខាង​មេធាវី​សំណូមពរ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រមទាំង​ប្រគល់​សម្ភារៈ​ឱ្យ​លោក​វិញ​ផង​ដែរ។

ចំណែក លោក ជេមស៍ រីកខិតសិន វិញ អះអាង​ប្រាប់​អង្គ​ជំនុំជម្រះ​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា ហើយ​លោក​នឹង​ស្នាក់នៅ​កម្ពុជា​បន្ត​ទៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​ទីពឹង។ លោក​ក៏បាន​សុំទោស​ជាថ្មី​ម្តង​ទៀត ប្រសិនបើ​ការងារ​ដែល​លោក​បាន​ធ្វើ​កន្លងមក​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​កិច្ចការ​ទាំងនោះ លោក​ធ្វើ​ទៅតាម​វិជ្ជាជីវៈ​ប៉ុណ្ណោះ។ ក្នុងការ​ចូលរួម​ជួយ​អភិវឌ្ឍន៍​កម្ពុជា លោក​មាន​គោលបំណង​កៀរគរ​រក​ថវិកា​ជួយ​ដល់​ពលរដ្ឋ និង​កុមារ​ក្រីក្រ​កម្ពុជា​ដែល​រស់​នៅ​លើ​គំនរ​សំរាម​តែប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វើ​ចារកម្ម​អ្វី​នោះ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែន​ករុណា សង្ឃឹម​ថា តុលាការ​នឹង​សម្រេច​ក្តី​នេះ​ដោយ​សុភវិនិច្ឆ័យ និង​ផ្ដល់​យុត្តិធម៌​ជូន​លោក ជេមស៍ រីកខិតសិន។ «»

លោក ជេមស៍ រីកខិតសិន ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពីដើម​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ ក្រោយ​ពេល​លោក​បាន​ថត​វីដេអូ​សកម្មភាព​ឃោសនា​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ឧបករណ៍​ដ្រូន (Drone)

បទ​ចោទ​ដំបូង​ដែល​តុលាការ​របប​លោក ហ៊ុន សែន ប្រើប្រាស់​ដើម្បី​ចោទប្រកាន់​រូបលោក​នោះ គឺ​បទ “ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ”។ ផលិតករ​ភាពយន្ត​អូស្ត្រាលី​រូប​នេះ អាច​នឹង​ជាប់​ពន្ធនាគារ​រហូតដល់ ១០​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា លោក​ពិត​មាន​ទោស​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល