សាលាដំបូងរាជធានីភ្នំពេញ តម្កល់សាលក្រមកំបាំងមុខទៅលើប្រធានសហជីព លោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគារ ១៨ខែ
2024.12.04
ប្រពន្ធប្រធានសហជីពលោក ម៉ម រិទ្ធី និងមន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការតម្កល់សាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលនោះ គឺជារឿងអយុត្តិធម៌។ ពួកគាត់ថា ការសម្រេចរបស់តុលាការនេះធ្វើឡើងដោយមិនបានស៊ើបអង្កេតស្វែងរកការពិតនោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ បានប្រកាសសាលក្រម ដោយសម្រេចតម្កល់សាលក្រមកំបាំងមុខ កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ លើបណ្ដឹងទាស់របស់លោក ម៉ម រិទ្ធី ទុកជាបានការដដែល ដោយកាត់ទោសប្រធានសហព័ន្ធ សហជីពវិស័យទេសចរណ៍ (CTSWF) លោក ម៉ម រីទ្ធី ឱ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ ២លានរៀល។
ចៅក្រមជំនុំជម្រះ លោក ធន់ ដារិទ្ធ ប្រកាសក្នុងសវនាការថា ការសម្រេចផ្ដន្ទាទោសលោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគារ អំពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» គឺដោយសារតែលោកបាននិយាយញុះញង់នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលដើមឆ្នាំ២០២២។
ក្រោយការប្រកាសសាលក្រម លោក ម៉ម រិទ្ធី បានញញឹមក្នុងន័យហួសចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការ និងនិយាយប្រាប់ប្រពន្ធលោកថា លោកមិនអីនោះទេ។ ក្នុងពេលប្រកាសសាលក្រមនេះ ក៏មានមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចូលរួមឃ្លាំមើលផងដែរ។
ប្រពន្ធរបស់លោក ម៉ម រិទ្ធី គឺលោកស្រី ធី ដាលី លើកឡើងថា ប្ដីលោកស្រីជាមនុស្សស្អាតស្អំ និងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ ហើយសកម្មភាព ដែលប្ដីលោកស្រីបានធ្វើកន្លងមក គឺដើម្បីជួយកម្មករ និងសហជីព ដែលបានរងការរំលោភបំពានសិទ្ធិពីសំណាក់ថៅកែក្រុមហ៊ុនបនល្បែងប៉ុណ្ណោះ។ លោកស្រី ធី ដាលី ស្នើទៅតុលាការ និងរដ្ឋាភិបាលឱ្យដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញ។
លោកស្រី ធី ដាលី៖ «ក៏ស្នើសុំទៅតុលាការ រដ្ឋាភិបាលសម្រាលទោសគាត់ លើកលែងទោសឱ្យគាត់បានត្រឡប់ទៅផ្ទះឆាប់ៗ ដើម្បីបានទៅជួបជុំគ្រួសារ ពីព្រោះនៅក្នុងគ្រួសារកាលណាបាត់បង់បង្គោលគ្រួសារមួយ គឺពិបាកខ្លាំង នៅពេលដែលខ្ញុំជាស្ត្រីម្នាក់ឯង វាពិបាកក្នុងការទទួលខុសត្រូវរាប់រងកូនចំនួន ៤នាក់ ហើយជាពិសេស ហិរញ្ញវត្ថុនៅក្នុងគ្រួសារវាពិបាកខ្លាំង ដូច្នេះ ស្នើសុំឱ្យគាត់ដោះលែងប្ដីនាងខ្ញុំឱ្យត្រឡប់មកវិញឆាប់ៗ ព្រោះកូនតូចៗ រង់ចាំតែផ្លូវប៉ានោះទេ ព្រោះគាត់មិនដឹងថាប៉ាខុសអីបានជាគេចាប់គាត់ដែរអ៊ីចឹង»។
ប្រធានសហព័ន្ធ សហជីពវិស័យទេសចរណ៍ លោក ម៉ម រីទ្ធី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញមតិនៅលើទំព័រហ្វេសហ៊ុករបស់លោក ដោយចោទប្រកាន់ក្រុមហ៊ុនកាស៊ីណូ ជីនប៉ី ២ នៅខេត្តព្រះសីហនុថា បានរំលោភសិទ្ធិបុគ្គលិក រួមមានការបង្ខំឱ្យធ្វើការមួយថ្ងៃ ១២ម៉ោង ហើយក្រុមហ៊ុននេះបានគប់គិតជាមួយអាជ្ញាធរខេត្ត ដោយបានចាប់ខ្លួនសហជីពក្រុមហ៊ុននេះ គឺអ្នកនាង ម៉ម ស្រីល័ក្ខណ យកទៅឃុំខ្លួនជាមួយអ្នកទោសប្រុសជាជនជាតិចិនមួយក្រុម។ ក្រោយការប្រឹងប្រែងតស៊ូមតិ ជាមួយក្រុមហ៊ុនអស់ជាច្រើនខែមកនោះ តុលាការខេត្តព្រះសីហនុ បានសម្រេចដោះលែងបុគ្គលិកស្ត្រីរូបនោះ ឱ្យនៅក្រៅឃុំ ប៉ុន្តែ បែរជាមានពាក្យប្ដឹងលោក ម៉ម រិទ្ធី ទៅវិញ។ កាស៊ីណូ ជិនប៉ី គឺកម្មសិទ្ធិរបស់ជនជាតិចិនទទួលបានសញ្ជាតិខ្មែរ គឺលោក ចេន ហ្ស៊ី (Chen Zhi) ជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) និងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ លោក ចេន ហ្សី តែងតែរងការចោទប្រកាន់ថា ជាឧក្រិដ្ឋជនជួញដូរមនុស្ស និងរកស៊ីឆបោកលុយរាប់លានដុល្លារ ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរចិនប្រកាសតាមចាប់ខ្លួនផងដែរ។
អាជ្ញាធរបានចាប់ខ្លួន លោក ម៉ម រិទ្ធី កាលពីថ្ងៃទី៧ ខែឧសភា ហើយតុលាការក្រុងភ្នំពេញបានបើកសវនាការ និងប្រកាសសាលក្រមកាត់ទោសលោកលើកទីមួយ នៅថ្ងៃដដែល។
ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ លើកឡើងថា ការបញ្ចេញមតិរបស់លោក ម៉ម រីទ្ធី នាពេលកន្លងមក គឺជាការអនុវត្តនូវសិទ្ធិសេរីភាពសហជីពការពារសិទ្ធិកម្មករ ដែលត្រូវបានគេរំលោភបំពាន។ លោកថា តុលាការគួរពិនិត្យទៅលើច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិការងារ ហើយដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។
លោក គង់ អាទិត្យ៖ «ប៉ុន្តែចំពោះរឿងសហជីព ដែលពាក់ព័ន្ធរឿងសហជីព តុលាការគួរតែមើលឱ្យបានច្បាស់ ហើយហ្នឹងធ្វើសេចក្ដីសម្រេចចិត្តឱ្យបានចំតាមវិជ្ជាជីវៈ ព្រោះយើងមានច្បាប់ការងារក្នុងការពារសិទ្ធិសេរីភាព ក៏ដូចជាអនុសញ្ញា ILO ក្នុងការពារសិទ្ធិដែរ។ អ៊ីចឹង យើងចែកគ្នាឱ្យដាច់។ ឧទាហរណ៍ថា ប្រសិនបើឥឡូវមានប្រធានសហជីព ប្រធានសហព័ន្ធគាត់ធ្វើរឿងឯកជនរបស់គាត់ តុលាការគាត់មានសិទ្ធិចាត់ចែងទៅតាមច្បាប់»។
រីឯមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការសម្រេចកាត់ទោសឱ្យលោក ម៉ម រិទ្ធី នេះ បានបង្ហាញឱ្យឃើញថា តុលាការមិនបានធ្វើការស៊ើបអង្កេតពីបញ្ហាសិទ្ធិការងារ ដែលលោក ម៉ម រីទ្ធី បានលើកឡើងនោះទេ ប៉ុន្តែ ផ្ទុយទៅវិញតុលាការបែរជាកាត់ទោសដោយសារលោក ម៉ម រីទ្ធី ហ៊ានចេញមុខរិះគន់តុលាការទៅវិញ។
លោក យី សុខសាន្ត៖ «សមត្ថកិច្ច ក៏ដូចជាតុលាការគួរពិចារណាស្រាវជ្រាវរឿងថា តើរឿង លោក ម៉ម រិទ្ធី ហ្នឹងបានមានប្រសាសន៍នៅក្នុងវិទ្យុ ឬក៏ដូចនៅក្នុងតាមបណ្ដាញសង្គម តើវាមានមែនឬអត់ ប្រសិនបើអត់មានមែន អាហ្នឹងចាំចោទគាត់ថា ញុះញង់ ឬបរិហារកេរ្តិ៍អ៊ីចឹងទៅ។ ប៉ុន្តែ រឿងនេះ គឺរឿងពិត បើយើងនិយាយទៅសមត្ថកិច្ចមិនបានទៅរកអង្គហេតុថា មូលហេតុអីបាន លោក ម៉ម រិទ្ធី នៅសុខៗ គាត់ទៅនិយាយរឿងហ្នឹង»។
បញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានអនុម័តសេចក្ដីសម្រេចជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញ ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។