តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោះ​លែង​អ្នកស្រី ឡុង សុគន្ធី សកម្មជន​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ ១ឆ្នាំ

ដោយ អាស៊ីសេរី
2019-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ឡុង សុគន្ធី សកម្មជន​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ ពេល​ដើរ​ចេញ​ពី​ពន្ធនាគារ​ភ្លាមៗ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ២០១៩។
អ្នកស្រី ឡុង សុគន្ធី សកម្មជន​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ ពេល​ដើរ​ចេញ​ពី​ពន្ធនាគារ​ភ្លាមៗ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ សមាគម​សិទ្ធិមនុស្ស អាដហុក

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះ​លែង​សកម្មជន​ដីធ្លី នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ម្នាក់ គឺ​អ្នកស្រី ឡុង សុគន្ធី ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​ទី២៦ មីនា។ការ​ដោះ​លែង​នេះ ដោយសារ​ផុត​កំណត់​ទោស បន្ទាប់​ពី​សកម្មជន​ដីធ្លី​រូប​នេះ ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​រួច​មក។

អ្នកស្រី ឡុង សុគន្ធី ថ្លែង​ប្រាប់​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា ការ​ឃុំ​ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌​បំផុត​មក​លើ​អ្នកស្រី ដើម្បី​រារាំង​មិន​ឲ្យ​ពួក​គាត់​នាំ​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ខ្លួន៖ «ខ្ញុំ​ជាប់​ពន្ធនាគារ​នេះ គឺ​ខាត​អស់​ពី​ខ្លួន​ហើយ សូម្បី​តែ​កូន និង​មុខ​មាត់​នៅ​ក្នុង​សង្គម​នៅ​ក្នុង​គ្រួសារ អ្នក​នៅ​ជិត ដែល​ធ្លាប់​រាប់​អាន​ក៏​គ្មាន​សេសសល់​ដែរ គឺ​អស់​ហើយ ខ្ញុំ​មិន​ដឹង​ចាប់​ផ្ដើម​ពី​ចំណុច​ណា​ទៅ​វិញ​ទេ»

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​បញ្ជូន​អ្នកស្រី ឡុង សុគន្ធី ទៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ២០១៨ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​លើ​កម្មសិទ្ធិ​ឯកជន និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​បឹងស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក។ ប៉ុន្តែ​អ្នកស្រី ឡុង សុគន្ធី អះអាង​ថា អ្នកស្រី​ពុំ​បាន​រំលោភ​ដីធ្លី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​អ្នកស្រី ក៏​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច។ អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​មាន​សេរីភាព អ្នកស្រី​នឹង​បន្ត​ការ​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​បន្ត​ទៀត ក្នុង​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល