គ្រួសារ​យុវជន​ដែល​ស្លាប់​ដោយ​ប៉ូលិស​បាញ់​នៅ​តាកែវ​ទទូច​ឲ្យ​តុលាការ​បើក​សវនាការ

ដោយ អាស៊ីសេរី
2017.11.08
ទន់ វួចហៀង ២០១៧ ៦២២ ម្ដាយ​យុវជន ហឿន ស៊ុយទ្រី លោកស្រី ទន់ វួចហៀង បង្ហាញ​រូបថត​កូន​ប្រុស​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹងត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Van Vanndeth

ម្ដាយ​របស់​យុវជន​ដែល​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​សមត្ថកិច្ច​បាញ់​បែក​លលាដ៍ក្បាល ទទូច​ឲ្យ​សាលាដំបូង​ខែត្រ​តាកែវ បើក​សវនាការ​ឲ្យ​បាន​លឿន​បំផុត ខណៈ​ដែល​គ្រួសារ​រង់ចាំ​យុត្តិធម៌ ជាង​កន្លះ​ឆ្នាំ​ហើយ។

ម្ដាយ​យុវជន ហឿន ស៊ុយទ្រី គឺ​អ្នកស្រី ទន់ វួចហៀង ហាក់​អស់​សង្ឃឹមលើ​អយ្យការ និង សាលាដំបូង​ខែត្រ​តាកែវ ដែល​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ នៅ​មិនទាន់​បើកសវនាការ​លើ​បណ្ដឹង​របស់​គ្រួសារ​អ្នកស្រី ករណី​សមត្ថកិច្ច​ខែត្រ​តាកែវ បាញ់​កូន​អ្នកស្រី​បែក​លលាដ៍ក្បាល​ស្លាប់ នៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ។

កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹងត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ហឿន ស៊ុយទ្រី បាន​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ ១​គ្រាប់កាំភ្លើង​ធ្លុះ​លលាដ៍ក្បាល។ ការ​ស្លាប់​នោះ ត្រូវ​បាន​ឪពុកម្ដាយ​របស់​ជន​រងគ្រោះ​អះអាង​ថា ក្រោយ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ និង​ដឹក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ទាំង​កណ្ដាលយប់។

ម្ដាយ​ជនរងគ្រោះ អ្នកស្រី ទន់ វួចហៀង អះអាង​ថា ក្រោយ​ការ​បាញ់​សម្លាប់​កូន​អ្នកស្រី​ភ្លាម សមត្ថកិច្ច​ស្រុក​សំរោង ខែត្រ​តាកែវ បាន​ហៅ​គ្រួសារ​ទៅ​សម្របសម្រួល​ដើម្បី​យក​លុយ ៤ ០០០​ដុល្លារ ដើម្បី​ជា​ថ្នូរ​ឈប់​ឲ្យ​ក្រុម​គ្រួសារ​ប្ដឹង​ទៅ​តុលាការ។ គ្រួសារ​ជនរងគ្រោះ មិន​ព្រម​ទទួល​យក និង​ទាមទារ​ឲ្យ​អ្នកដឹកនាំ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន គឺ​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ឈ្មោះ ជ័យ រិទ្ធី និង​ជន​ដៃដល់​ដែល​បាន​បាញ់​កូន​អ្នកស្រី ឲ្យ​ទទួលទោស​តាមច្បាប់។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​គ្រួសារ​ដាក់ពាក្យ​បណ្ដឹង រហូតមកដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​គ្រួសារ​ជនរងគ្រោះ​អះអាង​ថា សាលាដំបូង​ខេត្ត​តាកែវ មិនទាន់​បើកសវនាការ​លើ​សំណុំ​រឿង​នេះ នៅឡើយ​ទេ ដោយ​គ្រាន់តែ​កោះហៅ​សាក្សី និង​ដើមបណ្ដឹង​ទៅ​សួរនាំ​ជា​ច្រើនដង​តែប៉ុណ្ណោះ៖ «លឺ​ពូ​ក្មួយ​ឯង​ថា អុំទូក​ហើយ គេ​ហៅ​ដោះស្រាយ គេ​ក៏​មាន​មេធាវី​គេ​ដែរ មាន​មេធាវី​ដូចគ្នា យើង​ក៏​មាន​មេធាវី​សងខាង​ដូចគ្នា។ យើង​អ្នក​ជនរងគ្រោះ គេ​ហៅ​ទៅ ក៏​យើង​មិនដែល​បាន​ជួប អា​ជន​ដៃដល់​ក៏​យើង​មិន​ដែល​បាន​ជួប អត់​ដែល​ទល់មុខ​គ្នា។ គេ​ចរចា គេ​តេ(ទូរស័ព្ទ)មក ពួក​ថ្នាក់​ស្រុក គេ​ឲ្យ​ពូ ៤០០០​ដុល្លារ ពូ​ហែង​ថា អត់​ទេ ឲ្យ​មីង​៨ ០០០​ដុល្លារ ក៏​មីង​មិន​យក​ដែរ។ កូន​មីង​មួយ មីង​ឲ្យ​ចិញ្ចឹម​អស់​ច្រើន​ណាស់ មក​ធ្វើ​ឃាត​បាញ់​កូន​មីង អត់​មាន​ភស្តុតាង អត់​មានអី​ក្នុង​ខ្លួន ទម្រាំ​គេ​ជួញ​ទាំង​ថង់ គេ​មិន​បាញ់​ចោល មក​បាញ់​កូន​មីង​ដាក់​ខ្នោះ ហើយ​បាញ់​ពីក្រោយ​ទៀត»

ឪពុកម្ដាយ​របស់​យុវជន​ស្លាប់​ក្នុង​ហេតុការណ៍​បង្ក្រាប​គ្រឿងញៀន នៅ​ស្រុក​សំរោង ខែត្រ​តាកែវ បាន​រៀបរាប់​ហេតុការណ៍​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ម៉ោង​ប្រហែល ៦​ល្ងាច ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ដែល​អះអាង​ថា ពួកគេ គឺជា​មន្ត្រី​ព្រះរាជអាជ្ញា និង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​តាកែវ ទទួល​បន្ទុក​ចុះ​បង្ក្រាប​គ្រឿងញៀន បាន​ចូល​ទៅ​ចាប់​យុវជន ហឿន ស៊ុយ​ទ្រី វាយ​ខ្នោះ​បាញ់​មួយ​គ្រាប់​ធ្លុះ​លលាដ៍ក្បាល ហើយ​ក្រោយ​បាញ់​ធ្លុះ​លលាដ៍ក្បាល​សមត្ថកិច្ច​បាន​ដោះអាវ​ជនរងគ្រោះ​គ្រប​លើ​ក្បាល និង​វាយដំ​បន្ថែម​ទៀត ទាំង​នៅ​នឹង​មុខ​របស់​ម្ដាយ​ជនរងគ្រោះ។ ម្ដាយ​ជនរងគ្រោះ ហៅ​ទង្វើ​បាញ់សម្លាប់ និង​វាយ​កូនប្រុស នៅ​ចំពោះ​មុខ​គាត់ និង​ការ​ស្រែក​ដង្ហោយ​សុំ​អង្វរ​ឲ្យ​លែង​កូន គឺជា​រូបភាព​ដ៏​ខ្លោចផ្សា ដែល​ដក់​ក្នុង​ចិត្ត​អ្នកស្រី ក្នុងនាម​ជា​ម្ដាយ។

គ្រួសារ​ជនរងគ្រោះ​បន្ត​អះអាង​ថា ដំបូង​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា បាន​ឆែកឆេរ​ផ្ទះ​អ្នកស្រី​ទាំងមូល​ហើយ បើ​ទោះ​ជា​រក​មិន​ឃើញ​ថ្នាំញៀន​ដូច​ការសង្ស័យ​ក៏ដោយ ក៏​ពួកគេ​មិនបាន​លើកលែង​ឲ្យ​គ្រួសារ​អ្នកស្រី​ដែរ។ ម្ដាយ​ជនរងគ្រោះ​អះអាង​បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ជនរងគ្រោះ​ដែល​ជា​កូន​អ្នកស្រី វាយ​បង្ខំ​ឲ្យ​ប្រាប់​ពី​កន្លែង​លាក់​ថ្នាំញៀន​នៅ​ក្នុង​ផ្ទះ ហើយ​កូន​អ្នកស្រី​បាន​ប្រាប់​ទៅវិញ​ថា គ្មាន​ថ្នាំញៀន​នោះ​ទេ។

ទោះជា​កូនប្រុស​មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន ប៉ុន្តែ​លោក ហម សារី ជា​ឪពុក​អះអាង​ថា កូនប្រុស​របស់​លោក​មាន​ចរិត​ស្រី និង​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​អ្នកណា​ឡើយ ហើយ​ឈប់​ប្រើប្រាស់​ថ្នាំញៀន​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​មិន​ហ៊ាន​ចោទ​ថា សមត្ថកិច្ច​ជា​អ្នក​បាញ់​កូនប្រុស​លោក​ទេ ព្រោះ​លោក​មិន​បាន​ឃើញ​ហេតុការណ៍​បាញ់​នោះ​ផ្ទាល់​ភ្នែក តែ​លោក​យល់ថា​ប្រតិបត្តិការ​នោះ​មាន​តែ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ទេ ដែល​មាន​កាំភ្លើង។

ឪពុក​ជនរងគ្រោះ​បន្ដ​ថា នៅ​ក្នុង ឃុំ​បឹងត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ និង​តំបន់​ស្ទើរ​ទាំងអស់​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ម្ដុំ​ផ្ទះ​លោក សម្បូរ​ទៅ​ដោយ​យុវជន និង​មនុស្ស​ប្រើប្រាស់ គ្រឿងញៀន។ លោក​សង្ស័យ​ថា ការ​បង្ក្រាប​គ្រឿងញៀន​តែ​នៅ​ក្នុង​ផ្ទះ​របស់​លោក កាលណោះ អាច​ជា​ចេតនា​ឆ្លៀតឱកាស​របស់​ក្រុម​សមត្ថកិច្ច ដើម្បី​បង្ខំ​ឲ្យ​គ្រួសារ ឲ្យ​លុយ​ទៅ​សមត្ថកិច្ច ជា​ថ្នូរ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ករណី​គ្រឿងញៀន។

សាច់ញាតិ​ចាត់​ទុក​ករណី​ក្រុម​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ និង​បាញ់សម្លាប់​កូនប្រុស គឺជា​រឿង​អយុត្តិធម៌ ដែល​មក​ដល់​ពេល​នេះ​ហើយ អាជ្ញាធរ​នៅ​មិនទាន់​រកមុខ​ឃាតក​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ស្នើសុំ​ការ​បំភ្លឺ​ករណី​នេះ ពី​ព្រះរាជអាជ្ញា​រង​ខែត្រ​តាកែវ លោក ជ័យ រិទ្ធី និង​អតីត​ស្នងការ​ខែត្រ​តាកែវ ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ពេល​នោះ ឈ្មោះ អ៊ុក សំណាង បាន​ទេ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​តាកែវ លោក លឹម សុខន ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ ថា សំណុំរឿង​យុវជន​ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ដោយ​ការ​បាញ់​បង្ក្រាប​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹងត្រាញ់ខាងត្បូង ស្រុក​សំរោង កំពុង​ស្ថិត​ក្នុង​ដៃ​អនុប្រធាន​សាលាដំបូង​ខេត្ត​តាកែវ អ្នកស្រី​ចៅក្រម ជ័យ មាលា ហើយ​សំណុំ​រឿង​នេះ នឹង​គ្រោង​បញ្ចប់​ការស៊ើបអង្កេត​នៅ​រយៈពេល ២​ខែក្រោយ ពោល​គឺ​នៅ​កំឡុង​ខែ​តុលា។ ប៉ុន្តែ​មក​ដល់​ជិត​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ​ហើយ ក្រុម​គ្រួសារ​អះអាង​ថា គ្រួសារ​នៅ​មិនទាន់​ឡើង​សវនាការ​ដើម្បី​តទល់​ក្ដី​ជាមួយ​ជនសង្ស័យ​នៅឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្ស័យ​ថា ប៉ូលិស និង​មន្ត្រី​តុលាការ​ខែត្រ​តាកែវ អាច​ទទួល​បាន​ផលប្រយោជន៍​ពី​គ្នា ឬ​ទំនាស់​ផលប្រយោជន៍ នឹង​គ្នា ទើប​ដំណើរការ​រឿងក្ដី​នេះ អូស​បន្លាយ​យឺតយូរ និង​ត្រូវ​លើក​ពេល​ម្ដង​ជា​ពីរ​ដង។ លោក សន ជ័យ មើល​ឃើញ​ថា ប្រសិនបើ​មន្ត្រី​យុត្តិធម៌​ពិតជា​ចង់​រក​យុត្តិធម៌​ជូន​ពលរដ្ឋ រឿងក្ដី​នេះ​ងាយស្រួល​រក​ជនល្មើស​យ៉ាង​ស្រួល ហើយ​ប្រសិនបើ​នៅតែ​មិន​ព្រម​មាន​ចំណាត់​ការ​នោះ​ទេ ស្ថាប័ន​តុលាការ​នៅ​ខែត្រ​តាកែវ នឹង​រង​ការរិះគន់ និង​ម៉ាក​ងាយ​ពី​ពលរដ្ឋ​ខែត្រ​តាកែវ ថា មិន​ឯករាជ្យ ឬ​ខ្លាច​អំណាច​អ្នកធំ៖ «ពន្យារ​ពេល​ម្ដង​ហើយ ម្ដង​ទៀត ជាមួយ​នឹង​សំណុំរឿង​ស្លាប់​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ខ្ញុំ​ថា អំណាច​តុលាការ​នៅ​ខែត្រ​តាកែវ​ហ្នឹង​គេ​ហៅថា នៅ​មាន​ភាព​ស្ទាក់ស្ទើរ ឬ​មួយ​ក៏​មិន​ឯករាជ្យ នៅ​ក្នុង​ការ​ចាត់​វិធានការ​ហ្នឹងហើយ។ ពួកគេ​ទំនង​ជា​មាន​ទំនាស់​ផលប្រយោជន៍ រវាង​គេ​ហៅថា សមត្ថកិច្ច​របស់​តុលាការ ហើយ​នឹង​អាជ្ញាធរ ដែល​ជា​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ហ្នឹង​ដែរ។ បើសិនជា​មិន​មាន​ហេតុផល​យោគយល់ ឬក៏​ហេតុផល​ទំនាក់ទំនង​ណាមួយ នៅ​ក្នុង​ការងារ​ទេ ខ្ញុំ​គិត​ថា តុលាការ​ចាត់​វិធានការ​លឿ​ន​ជាង​អ្វី​ដែល​យើង​បាន​ដឹង»

ក្រុម​គ្រួសារ​ជនរងគ្រោះ ព្រមាន​ទៅ​តវ៉ា​នៅ​ក្រសួងយុត្តិធម៌​ជា​លើក​ទី​២ នៅ​សប្ដាហ៍​ក្រោយ បើ​តុលាការ​ខែត្រ​តាកែវ​នៅតែ​មិន​ព្រម​បើកសវនាការ​តាម​ការ​សន្យា ដែល​ធ្លាប់​អះអាង​ប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​សន្យា​ជាមួយ​ក្រុម​គ្រួសារ​កាលពី​ខែ​តុលា ថា នឹង​បើក​សវនាការ នៅ​ក្រោយ​ពិធីបុណ្យ​អុំទូក។ បើ​ទោះ​ជា​ក្រុម​គ្រួសារ មិន​ជឿ​ថា តុលាការ​ខែត្រ​តាកែវ​នឹង​រក​យុត្តិធម៌​ជូន​ពួកគាត់ ក៏​ក្រុម​គ្រួសារ​ប្រាប់​ថា មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ​នោះ​ទេ។ ក៏​ប៉ុន្តែ ឪពុកម្ដាយ​ជនរងគ្រោះ នៅតែ​រក្សា​ជំហរ​មិន​ព្រម​ទទួល​យក​លុយ៤ ០០០ដុល្លារ ដើម្បី​ជា​ថ្នូរ​បញ្ចប់​រឿងក្ដី ហើយ​ពួកគាត់​អះអាង​ថា នៅតែ​បន្ត​ស្រែក​រក​យុត្តិធម៌​ឲ្យ​កូនប្រុស តាមរយៈ​យុត្តិធម៌​ពី​ពលរដ្ឋ។ ពួកគាត់​ប្ដេជ្ញា​ថា បើ​សង្គម​បច្ចុប្បន្ន​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​គាត់​ទេ ពួកគាត់​នឹង​បន្ត​ប្ដឹង​ទៅ​អ្នក​គ្រប់​គ្រង​ប្រទេស​រាល់ៗ​សម័យកាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។