សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នគរបាល​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2018.05.29
សុន ពិសាល ប៉ូលិស​ហិង្សា ៦២២ មន្ត្រី​ប៉ូលិស​ឋានន្តរសក្ដិ​ព្រឹន្ទបាល​ឯក លោក សុន ពិសាល (រូប​មុខ​ឆ្វេង) ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​ប្រើ​ហិង្សា​លើ​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo Facebook

សង្គម​ស៊ីវិល ស្វាគមន៍​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នគរបាល​វ័យក្មេង​ម្នាក់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​កាល​យប់​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ។ ក្រៅ​ពី​នេះ ពួកគេ​ក៏​ជំរុញ​ឱ្យ​ក្រសួង​ជំនាញ ផ្ដល់​ការអប់រំ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​ដល់​មន្ត្រី​នគរបាល​គ្រប់រូប​ឱ្យ​បាន​ហ្មត់ចត់​សិន មុន​ចាត់​ឱ្យ​ចេញ​បម្រើការ​ជួរមុខ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លង​មក​ដោយសារតែ​កង្វះ​វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​នោះ បាន​ធ្វើ​ឱ្យ​បុគ្គល​នគរបាល​មួយ​ចំនួន ដែល​អនុវត្ត​ច្បាប់​តែ​មិន​គោរព​ច្បាប់ ហើយ​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ លោក​សង្កេត​ឃើញ​ថា មានការ​អនុវត្ត​ច្បាប់​ប្រសើរ​ឡើង​ទៅលើ​មន្ត្រី​នគរបាល​ណា​ដែល​មិន​គោរព​ច្បាប់ និង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ទោស​ទណ្ឌ។ «»

ការ​លើកឡើង​នេះ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា បាន​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​នគរបាល​វ័យក្មេង​ម្នាក់​ឈ្មោះ សុន ពិសាល មាន​ឋានន្តរសក្ដិ​ព្រឹន្ទបាល​ឯក នាយរង​ផ្នែក​បន្ទប់ពិសោធន៍​នៃ​នាយកដ្ឋាន​នគរបាល បច្ចេកទេស​និង​វិទ្យាសាស្ត្រ ដែល​បាន​វាយ​យុវជន​ម្នាក់​ឱ្យ​បែក​មុខ​បែក​មាត់​យ៉ាង​ដំណំ​កាលពី​យប់ ថ្ងៃទី​២៤ ខែ​ឧសភា។

សាក្សី​ជាច្រើន បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា ក្នុង​ពេល​កើតហេតុ ក្រុម​ជន​បង្ក​បាន​ចាប់ និង​វាយ​យុវជន​រងគ្រោះ រួច​ហើយ​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ដោយ​មិន​ដឹង​មូលហេតុ។ ពីរ​ថ្ងៃ​បន្ទាប់មក​គឺ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក សុន ពិសាល ត្រូវ​បាន​ចាប់ខ្លួន។ ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ចុះផ្សាយ​ថា នគរបាល​វ័យ​ក្មេង​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​បន្លំ​យក​តួនាទី​ដើម្បី​ជំរិត​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​បាន​ប្រើ​ហិង្សា​លើ​ជន​ស៊ីវិល។

ក្រៅពី​ករណី​នេះ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក៏​មាន​ករណី​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ឈ្មោះ កៅ សំអុល បាន​ទះ​កំភ្លៀង​ស្ត្រី​ម្នាក់​ជា​អ្នក​គ្រូពេទ្យ​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​ជិះ​បញ្ច្រាស​ទិស​នៅ​ចំណុច​កែង ផ្លូវ​ផ្សារ​អូឡាំពិក។ ក្រោយ​ហេតុការណ៍​នេះ ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន ដោយ​មូលហេតុ​បញ្ចេញ​អាកប្បកិរិយា​ពាក្យ សម្ដី គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ របស់​នគរបាល​ជាតិ។

ទោះ​យ៉ាង​ណា​ក្តី លោក អំ សំអាត មើល​ឃើញ​ថា វិធានការ​ទាំងនេះ គឺ​មាន​តែ​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​កងកម្លាំង​សន្តិសុខ​នៅតែ​មិនទាន់​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ ឬ​អនុវត្ត ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​នៅឡើយ​ទេ។

លោក អំ សំអាត ដែល​ធ្លាប់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្រើ​ហិង្សា​វាយ​ឱ្យ​របួស​ត្រង់​ក និង​មាត់​ក្នុង​ឆ្នាំ​២០១៦​នោះ ក៏​បាន​ផ្ដល់​យោបល់​ថា ដើម្បី​លុបបំបាត់ មន្ត្រី​នគរបាល និង​កង​សន្តិសុខ​មួយ​ចំនួន​ដែល​មាន​ចរិត​ទំនើង​នោះ គឺ​ពេល​ជ្រើសរើស​ត្រូវ​ពិនិត្យ ទៅលើ​កម្រិតវប្បធម៌ អត្តចរិត និង​សមត្ថភាព។ លើស​ពី​នេះ ពួកគេ​ជា​មន្ត្រី​នគរបាល​ជាតិ និង​សន្តិសុខ ឬ​ប្រជា​ការពារ​គួរតែ​ត្រូវ​បាន​បណ្ដុះបណ្ដាល ឬ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត។ ទន្ទឹមគ្នា​នេះ មន្ត្រី​ជាន់ខ្ពស់ ក៏​គួរតែ​ធ្វើជា​គំរូ​ល្អ​និង​គោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ។ «»

ទាក់ទង​នឹង​ករណី​នេះ​ដែរ អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​ទំព័រ​ហ្វេស៊បុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា ការ​ដាក់​ទណ្ឌកម្ម​សម​ស្រប​ទៅលើ​មន្ត្រី​នគរបាល ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​សាធារណជន គឺជា​ការត្រឹមត្រូវ ប៉ុន្តែ​លោក​ថា​ការ​កើត​មាន​បទល្មើស​បែប​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ខ្លី​ពី​ជួរ​នគរបាល អាច​ឆ្លុះបញ្ចាំង​នូវ​ការ​ខ្វះខាត​ក្នុង​ការ អប់រំ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ ដែល​ក្រសួងមហាផ្ទៃ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​បាន​ផ្តល់​ឱ្យ​ទៅ​មន្ត្រី​នគរបាល មុន​ពេល​ពួកគេ​ត្រូវ​បាន​ចាត់​ឱ្យ​ចេញទៅ​បំពេញ​ភារកិច្ច​ជួរមុខ​ជួប​ប្រសព្វ​ជាមួយ​ប្រជា​ពលរដ្ឋ​ផ្ទាល់។

លោក​បន្ត​ថា នៅ​ប្រទេស​ជឿនលឿន នគរបាល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​ដោយ​ពិនិត្យ តាំងពី​មាឌ​ទាំង​ចរិតលក្ខណៈ និង​កម្រិត​វប្បធម៌។ គេ​អប់រំ​ហ្វឹកហ្វឺន​ច្រើន​ឆ្នាំ រហូត​ចេះ​និយាយ​ច្បាប់ មាន​ការ​ទុកចិត្ត​លើ​ខ្លួនឯង ដើរ​បំពេញ​ភារកិច្ច​ដោយ​នឹងធឹង និង​យកចិត្តទុកដាក់​ដំណើរ​មួយៗ មាំទាំ គួរសម​ជាមួយ​សាធារណជន។

នៅ​ប្រទេស​កម្ពុជា​វិញ កន្លង​មក មន្ត្រី​នគរបាល​ជាតិ​មួយ​ចំនួន តែងតែ​ចូល​ធ្វើ​ការងារ​តាម​ខ្សែ​ស្រឡាយ និង​សូក​លុយ​ជាដើម ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ត្រឹមត្រូវ​នោះ​ទេ​ក្នុង​នោះ ក៏​មាន​កូនក្មួយ​របស់ មន្ត្រី​ជាន់ខ្ពស់ និង​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ នៅ​ពេល​បាន​តួនាទី ពួកគេ​មិនបាន​គោរព​តាម​វិជ្ជាជីវៈ អាង​អំណាច​បាញ់​បោះ​សេរី និង​បង្ក​របួស​ស្នាម​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាដើម។ ជា​ឧទាហរណ៍​ជាក់ស្ដែង លោក ហ៊ុន ជា ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ ត្រូវ​ជា​ក្មួយប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ការ​បាញ់បោះ​អាវុធ​ដោយ​សេរី​ជិត ១០​គ្រាប់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ថ្មីៗ​នេះ បន្ទាប់​ពី​លោក​ធ្លាប់​មាន​ប្រវត្តិ​បាញ់​បោះ​ជាច្រើនលើក​ច្រើន​សា​មក​ហើយ។

ក្រៅពី​កងកម្លាំងប្រដាប់អាវុធ​នគរបាល​ជាតិ​នោះ ក្រុម​សន្តិសុខ ឬ​ក្រុម​ប្រជា​ការពារ ក៏​តែងតែ​ប្រព្រឹត្ត អំពើ​ហិង្សា​ជា​ហូរហែ​លើ​ប្រជាពលរដ្ឋ និង​អ្នក​តវ៉ា​ដែល​គ្រាន់តែ​សម្ដែង​មតិស្រប​តាមច្បាប់​ដែរ។ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ២០១៨ ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា បាន​ទះ​កំផ្លៀង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ គឺ​លោក ប៉ែន ចាន់ ដោយ​គ្រាន់តែ​លោក​បាន​គូស​លេខ ០ បូក ០ ស្មើ ៨ នៅ​លើ​ផ្លូវ​ក្បែរ​សាលាឧទ្ធរណ៍ ខណៈ​សាលាឧទ្ធរណ៍​កំពុង​បើក​សវនាការ​សំណុំ​រឿង​លោក កឹម សុខា។ ករណី​នេះ អ្នកលេង​ហ្វេសប៊ុក និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​យ៉ាង​ខ្លាំង ប៉ុន្តែ ពុំ​បាន​ចាត់វិធានការ​លើ​ប្រធាន​សន្តិសុខ​ខណ្ឌ​រូប​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។