តុលាការ​ខេត្ត​ព្រះវិហារ ​កោះហៅ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ទៅ​បំភ្លឺ​ជា​លើក​ទីពីរ ជុំ​វិញ​រឿង​បង្ខាំង​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន

ដោយ​ សន ចាន់រដ្ឋា
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
រូបថត៖ RFA

តុលាការ​ខេត្ត​ព្រះវិហារ ចេញ​ដីកា​កោះហៅ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ជា​លើក​ទីពីរ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​សំណុំ​រឿង​បង្ខាំង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន។ ​អង្គការ​ពន្លក​ខ្មែរ​ស្នើសុំ​តុលាការ​ខេត្ត​ព្រះវិហារ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​​លើ​​​បុគ្គលិក​​របស់​ខ្លួន និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ គ្រោង​​​​សួរ​ចម្លើយ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​អំពី​សំណុំ​រឿង​បង្ខាំង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន​ នៅ​ព្រឹក​ថ្ងៃទី២៩ មីនា សប្ដាហ៍​ក្រោយ​នេះ។

ដីកា​របស់​តុលាការ​ខេត្ត​ព្រះវិហារ​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១៨ មីនា ឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ លោក ប៉ិក សោភ័ណ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ “សម​គំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់” ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ភូមិ​បុស្ស​ធំ​ ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ។ ចៅក្រម​ ជៀន ស្រស់ បញ្ជាក់​នៅ​ក្នុង​ដីកា​កោះហៅ​នេះ​ថា ប្រសិន​បើ​លោក ប៉ិក សោភ័ណ មិន​ព្រម​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​កាល​កំណត់​ទេ​នោះ លោក​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក អាង ជាតិ​ឡោម អះអាង​ថា បុគ្គលិក​អង្គការ​របស់​លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​នេះ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​បិទ​បញ្ចប់​សំណុំ​រឿង​នេះ ដោយ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ព្រោះ​បុគ្គលិក​​​របស់​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ៖ «សង្ឃឹម​ថា តុលាការ​នឹង​បញ្ចប់​ការ​ចោទ​ប្រកាន់​មក​លើ​អង្គការ​ពន្លក​ខ្មែរ ​និង​សហគមន៍​មូលដ្ឋាន ដែល​ខាង​ក្រុមហ៊ុន​បាន​ប្ដឹង។ ចាត់​ទុក​ជា​បណ្ដឹង​មួយ​ដែល​មិន​បាន​គេ ព្រោះ​វា​អត់​មាន​អី​ដែល​យើង​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»

បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ និង​អតីត​សហការី​​លោក លូត សាំង ព្រម​ទាំង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ​សរុប​ជាង ១០នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់​ និង​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពី​បទ "សម​គំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុសច្បាប់" ពាក់ព័ន្ធ​នឹង​ការ​​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន កា​ល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ។

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​ដែរ​ ក៏​ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ដទៃ​ទៀត ដែល​រង​បណ្ដឹង​របស់​ក្រុមហ៊ុន​ចិន ត្រូវ​បាន​កោះហៅ​ទៅ​សួរ​ចម្លើយ​ទាំង​អស់​គ្នា នៅ​អំឡុង​សប្ដាហ៍​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា មេធាវី​សមាគម​ អាដហុក ដែល​ជួយ​ការពារ​ក្ដី​រឿង​នេះ នឹង​​ចូល​រួម​ជាមួយ​កូន​ក្ដី​នៅ​ក្នុង​នីតិវិធី​សួរ​ចម្លើយ​នៅ​តុលាការ​ខេត្ត​ព្រះវិហារ។ លោក​រំពឹង​​ថា តុលាការ​នឹង​សម្រេច​រឿង​នេះ​ដោយ​យុត្តិធម៌៖ «បើ​មិន​មាន​ភស្តុតាង​ណាមួយ​ដាក់​បន្ទុក​ជន​ត្រូវ​ចោទ​ទាំង​អស់​គ្នា​ហ្នឹង​ទេ យើង​គួរ​តែ​ពិចារណា ដើម្បី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​ពួក​គាត់​បំពេញ​ការងារ​របស់​គាត់​បំពេញ​ការងារ​បាន​ដោយ​សេរី លែង​មាន​សម្ពាធ»

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ ធ្លាប់​បាន​កោះ​ហៅ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​ទៅ​សួរ​ចម្លើយ​ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លងទៅ ក៏​ប៉ុន្តែ​ដោយសារ​ការ​បញ្ជូន​​ដីកា​មាន​ភាព​យឺតយ៉ាវ និង​មិន​ទាន់​មាន​មេធាវី​ផង ពួក​គេ​ក៏​បាន​ស្នើសុំ​លើក​​ពេល​ចូល​ឆ្លើយ​បំភ្លឺ​វិញ។

អង្គការ​ពន្លក​ខ្មែរ​​អះអាង​ថា បុគ្គលិក​របស់​ខ្លួន​​មិន​បាន​ជាប់​​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន​ ​កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ​នោះ​ឡើយ​។ អង្គការ​នេះ​អះអាង​ទៀត​ថា សកម្ម​ភាព​របស់​​បុគ្គលិក​ទាំងពីរ​នៅ​ពេល​នោះ គឺ​​​​​​ចុះ​ទៅ​ឃ្លាំមើល​សកម្មភាព​​តវ៉ា​របស់​ពលរដ្ឋ និង​ជួយ​ពន្យល់​ពួក​គាត់​​​​កុំ​ឱ្យ​​ប្រើ​​អំពើ​ហិង្សា​បំផ្លាញ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្រៅ​ពី​សុំ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​ទាំង​ពីរ​រូប​ អង្គការ​ពន្លក​ខ្មែរ​ក៏​ស្នើសុំ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ​នោះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល