សង្គម​ស៊ីវិល​រិះគន់​តុលាការ​ដោះលែង​ប៉ូលិស​ដែល​បាញ់​សម្លាប់​បុរស​ម្នាក់​ព្រោះ​ការ​ធ្វេសប្រហែស

ដោយ វ៉ែន សុមេធ
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
RFA/Brach Chev

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ដោះលែង​ប៉ូលិស​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​បុរស​ម្នាក់ ក្នុង​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​បែប​នេះ ខណៈ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នេះ ដោយ​ផ្ដល់​សេរីភាព​ប៉ូលិស​រូប​នោះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បារម្ភ​ថា ការ​ដោះលែង​ជនជាប់សង្ស័យ​ជា​មន្ត្រី​ប៉ូលិស​ដែល​បាញ់​មនុស្ស​ស្លាប់ ក្រោយ​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​រយៈ​ខ្លី​យ៉ាង​ដូច្នេះ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​អាវុធ​ផ្សេង​ទៀត​គ្មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណ រិះគន់​ថា បើ​ទោះ​បី​ការ​សម្រេច​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ក៏​ពិតមែន ប៉ុន្តែ​លោក​មើល​ឃើញ​ថា ការ​សម្រេច​នេះ​គ្មាន​តម្លាភាព ឬ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ បើ​ធៀប​ទៅ​នឹង​ករណី​សកម្មជន​ដីធ្លី អ្នក​កាសែត​ឯករាជ្យ និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ដែល​ក្រុម​គ្រួសារ និង​មេធាវី​របស់​ពួកគេ​ទាមទារ​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​តែង​បដិសេធ​រហូត៖ «វា​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ សកម្មជន​ដីធ្លី សង្គម​ស៊ីវិល ព្យាម​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​មិន​ដែល​ឃើញ​តុលាការ​យល់​ព្រម​ទេ បែរ​ជា​ករណី​នេះ​មាន​ភស្តុតាង មាន​មនុស្ស​ស្លាប់ ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​អាច​នៅ​ក្រៅ​ឃុំ​បាន»

អនុសេនីយ៍ត្រី ចន វីរៈ ប៉ូលិស​ផ្នែក​អន្តរាគមន៍​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​បុរស​ម្នាក់​សម្លាប់ ក្នុង​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នោះ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល ២០​ថ្ងៃ​មក ក្រោយ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​ដែល​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ។ ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង និង​ប្រកាស​សាលក្រម​ក្នុង​ថ្ងៃ​តែមួយ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ សម្រេច​ឲ្យ​ប៉ូលិស​រូប​នេះ​នៅ​ក្រៅ​ឃុំ​ឡើង​វិញ​ដោយ​ទោស​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។

ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ល្បែង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្រោយ​ផ្សារ​កាណាស៊ីធី ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា កន្លង​ទៅ​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់។ ជនរងគ្រោះ​ឈ្មោះ សៀក រ៉ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ។

ក្នុង​ពេល​បង្ក្រាប​នោះ លោក ចន វីរៈ ពាក់​ស័ក្ដិ​១ បាន​បាញ់​កាំភ្លើង​ប៉ុន្មាន​គ្រាប់​ឡើង​លើ ត្រូវ​ចំ​បំពង់​ក និង​ដៃ​ស្ដាំ​ជនរងគ្រោះ ដែល​បាន​អើត​ក្បាល​ពី​បន្ទប់​ជាន់​លើ​មើល​កន្លែង​ជន់​មាន់។

​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា "បទ​មនុស្សឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ដោយ​ការ​ធ្វេសប្រហែស ការ​មិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល"។

​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា នេះ​ជា​បទពិសោធន៍​អាក្រក់​មួយ​ទៀត​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា៖ «វា​ជា​បទពិសោធន៍​អាក្រក់​មួយ​សម្រាប់​ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដូចជា​ករណី​ស្លាប់​ស្ត្រី​លក់​បាយ​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ពេល​នោះ​លោក ជួន សុវណ្ណ ក៏​រង​ការ​រិះគន់​ខ្លាំង​ដែរ»

កន្លង​មក​ពលរដ្ឋ​ស្លូត​ត្រង់​មិន​តិច​នាក់​ទេ​បាន​ស្លាប់​ព្រោះ​ការ​ធ្វេសប្រហែស និង​ការ​បាញ់​សម្លាប់​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​បង្ក្រាប​បទល្មើស និង​ការ​ទាមទារ​អ្វី​មួយ។ ប៉ុន្តែ ជនរងគ្រោះ​ទាំង​នោះ​មិន​ដែល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល