ចៅក្រម​តុលាការ​ភ្នំពេញ​សម្រេច​ពិន័យ​និង​ដក​ហូត​សាឡង់​បូម​ខ្សាច់​៦​គ្រឿង

ដោយ អ៊ុក សាវបូរី
2015.04.04
សាឡុង​បូម​ខ្សាច់ ៦២០ កាណូត​បូម​ខ្សាច់ ក្នុង​ទន្លេ​មេគង្គ រូបថត​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ករណី​មនុស្ស ១០​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ ទន្លេ​ចតុមុខ ទន្លេ​បាសាក់ ដែល​ប្ដឹង​ដោយ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ចៅក្រម​សាលា​ដំបូង សម្រេច​ផាក​ពិន័យ និង​ដក​ហូត​សាឡង់​ម៉ាស៊ីន​បូម និង​ទូក​សរុប ៦​គ្រឿង ដែល​ចាប់​បាន​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៥ រក្សា​ទុក​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មុំ មុនីសោភា នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៥ ប្រកាស​សម្រេច​ដក​ហូត​សាឡង់ និង​ទូក ដែល​ជា​ឧបករណ៍​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ ទន្លេ​ចតុមុខ និង​ទន្លេ​បាសាក់ ហើយ​ពិន័យ​ជា​ប្រាក់​ដល់​ម្ចាស់​សាឡង់ ម្ចាស់​ទូក និង​កម្មករ​ម្នាក់ៗ ៦០​ម៉ឺន​រៀល ប្រហែល ១៥០​ដុល្លារ ក្នុង​បទ​ចោទ​ល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

នេះ​ជា​ករណី​ទី​១​ហើយ​ដែល​ក្រសួង​រ៉ែ និង​ថាមពល ចាប់​ជនល្មើស​បូម​ខ្សាច់​គ្មាន​អាជ្ញាប័ណ្ណ បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ភារកិច្ច​ជូន​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​អនុវត្ត​ពង្រឹង​សេចក្តី​សម្រេច​លេខ​២០​សសរ ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។

ជនល្មើស​ជា​ម្ចាស់​សាឡង់​ឈ្មោះ ជាវ គុយហាវ ហៅ ស្រូយ ឲ្យ​ដឹង​ថា គាត់​គ្មាន​អាជ្ញាប័ណ្ណ​ទេ ប៉ុន្តែ​គាត់​មាន​សាឡង់​តម្លៃ ១០​ម៉ឺន​ដុល្លារ ដែល​បូម​ខ្សាច់​បាន​ជាង ១០០​ម៉ែត្រ​គូប​ក្នុង​ម្តង។ លោក​ថា គាត់​ត្រូវ លោកស្រី យឹម ឆៃលី ផ្តល់​ប្រេង ហើយ​សុំ​ឲ្យ​គាត់​ជួយ​បូម​ខ្សាច់​ទប់​ច្រាំង​ដី​បាក់​នៅ​កោះ​នរា។ លោក​មិន​បាន​កម្រៃ​ពី​ការ​ជួល​បូម​ខ្សាច់​នោះ​ទេ។ លោក​ក៏​មិន​ដឹង​ថា បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ដែរ ស្រាប់​តែ​ថ្ងៃ​ទី​២ ខែ​មេសា មន្ត្រី​ក្រសួង​រ៉ែ និង​អាវុធហត្ថ ចុះ​ចាប់​គាត់ រួម​ទាំង​កម្មករ និង​សាឡង់ ហើយ​ឃុំ​ពីរ​យប់ ទើប​បញ្ជូន​មក​សាលា​ដំបូង​បើក​សវនាការ​ពេល​នេះ៖ «ឃើញ​បាក់​ច្រាំង​ពេក​ទៅ លោក​ជំទាវ​គាត់​ក៏​លោក​ជួយ​ជា​ប្រេង ឲ្យ​យើង​បូម​ឲ្យ​ទៅ​ណា ខ្ញុំ​ក៏​ជា​កូន​ចៅ​គាត់​ដែរ​ហ្នឹង។ អា​ហ្នឹង​យើង​ជួយ​គាត់​បូម​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​បូម​មួយ​រយៈ​កាល អស់​ចំនួន​បាវ​ប្រហែល​ជា​ពី ៣០០​ជាង​ទៅ ៤០០​បាវ​ទេ»

ក្នុង​សវនាការ​នោះ​ដែរ ម្ចាស់​ទូក​បូម​ខ្សាច់ លោក គង់ ធារ៉ា ឲ្យ​ដឹង​ថា ទូក​គាត់​បូម​ម្តង​បាន​ខ្សាច់ ៨០​ម៉ែត្រ​គូប។ លោក​អះអាង​ថា ត្រូវ​បាន លោកស្រី យឹម ឆៃលី ជួល​ឲ្យ​ច្រក​ខ្សាច់​ចូល​បាវ និង​ឲ្យ​កម្មករ​ឈ្មោះ ម៉ៅ កុយ ហៅ ពៅ កម្មករ ជៀង យិន និង​កម្មករ ទ្រឿង ភី លើក​បាវ​ខ្សាច់​ដាក់​ទប់​ច្រាំង​កោះ​នរា៖ «ច្រក​បាវ​ទប់​ច្រាំង​កុំ​ឲ្យ​បាក់​ដី មក​ខាង​ច្បារ​អំពៅ កោះ​នរា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោកស្រី យឹម ឆៃលី ដែល​ម្ចាស់​សាឡង់ និង​ម្ចាស់​ទូក​ទម្លាក់​កំហុស​ដាក់​នោះ ដើម្បី​សុំ​ការ​បំភ្លឺ​តប​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា។

នៅ​ក្នុង​សវនាការ​នោះ​មាន​ចែក​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​មាន​ខ្មែរ និង​កម្មករ​វៀតណាម ចំនួន ៥​នាក់ រីឯ​មួយ​ក្រុម​ទៀត​មាន ៥​នាក់​ដែរ ចេះ​ស្តាប់ និង​និយាយ​តែ​ភាសា​វៀតណាម ហើយ​អះអាង​ថា​រស់នៅ​ប្រទេស​កម្ពុជា យូរ​ហើយ។ ពួក​គេ​បាន​បូម​ខ្សាច់​ក្នុង​ទន្លេ​នៅ​អរិយក្សត្រ និង​ច្បារ​អំពៅ។ ក្រុម​វៀតណាម នោះ តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ស្តាប់​ក្នុង​សវនាការ​ទេ។

ពាក់ព័ន្ធ​ករណី​អ្នក​លួច​បូម​ខ្សាច់​ក្នុង​ទន្លេ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ឲ្យ​ដឹង​ថា ក្រសួង​នេះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជា​អ្នក​បង្ក្រាប​បទល្មើស នៅ​យប់​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែ​មេសា។ ក្នុង​ការ​ល្បាត​នៅ​ពេល​យប់​ភ្នំពេញ ចាប់​បាន​កម្មករ និង​ម្ចាស់​អាជីវកម្ម​សរុប ១០​នាក់ និង​សាឡង់ និង​ទូក ៣​គ្រឿង។ លោក​បន្ត​ថា ពីរ​ថ្ងៃ​នេះ​ដែរ​នៅ​ខេត្ត​កណ្ដាល អាជ្ញាធរ​ខេត្ត​ចាប់​បាន​ទូក និង​សាឡង់​សរុប ៣​គ្រឿង​ទៀត ដែល​ល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ច្រក​ជ្រៃធំ ក្នុង​ស្រុក​កោះធំ និង​ការ​លួច​បូម​ខ្សាច់​ទន្លេ​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ដោយ​គ្មាន​អាជ្ញាប័ណ្ណ។ លោក​បន្ត​ថា សរុប​ករណី​បង្ក្រាប​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែ​មេសា ចាប់​បាន​មនុស្ស ១០​នាក់ និង​សាឡង់ ទូក សរុប ៦​គ្រឿង។ លោក​ថា នៅ​យប់​ថ្ងៃ​ទី​៣ ខែ​មេសា និង​ថ្ងៃ​ទី​៤ មេសា មិន​មាន​ករណី​បូម​ខ្សាច់​ក្នុង​ទន្លេ​កើត​ឡើង​ទេ៖ «ពី​ខាង​ដើម​នៅ​ខាង​ខេត្ត​កណ្ដាល នេះ យើង​ចាប់​បាន​នៅ​ពេល​យប់។ អ៊ីចឹង​ទៀប​ភ្លឺ​ដែល​គាត់​គិត​ថា មាន​សុវត្ថិភាព​សម្រាប់​គាត់​ហើយ​ក្នុង​ការ​ចេញ​ធ្វើ​សកម្មភាព ហើយ​ទូក​ផ្សេងៗ​ទៀត គឺ​ចាប់​ពេល​ថ្ងៃ»

ពាក់ព័ន្ធ​ការ​ពិន័យ​ជា​ប្រាក់​លើ​បទល្មើស​បូម​ខ្សាច់​នោះ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ស្វាគមន៍​ចំពោះ​ឆន្ទានុសិទ្ធិ​របស់​តុលាការ តែ​សុំ​ឲ្យ​ពិន័យ​ជា​ប្រាក់​ច្រើន​ជាង​នេះ ដោយ​ធៀប​នឹង​ផល​ប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឲ្យ​បទល្មើស​លួច​បូម​ខ្សាច់​ថយ​ចុះ និង​សុំ​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បន្ត​អនុវត្ត​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។