យុវជនបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺនៅតុលាការជុំវិញការចូលរួមធ្វើកុបកម្ម
2014.09.30

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅយុវជនគណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងចំណោម ៣នាក់ ឲ្យបំភ្លឺជុំវិញការចូលរួមធ្វើកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅតំបន់ស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ឃិន ជំរឿន ដែលបានចូលបំភ្លឺតាមដីកាកោះរបស់ចៅក្រម នៅថ្ងៃទី៣០ កញ្ញា ថ្លែងថា ចៅក្រមបានសាកសួរពាក់ព័ន្ធនឹងបទចោទ៣ គឺបទចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈ បទហិង្សាដោយចេតនា និងបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ។ លោកថា បន្ទាប់ពីសាកសួរ ចៅក្រមមិនបានកំណត់ថ្ងៃចូលជាថ្មី ឬថាយ៉ាងណានោះទេ។
លោក ឃិន ជំរឿន៖ «ចំពោះនីតិវិធីរបស់តុលាការ បើនិយាយពីកិច្ចការរដ្ឋបាលខាងច្បាប់ គេត្រូវតែហៅយើងមកស៊ើបសួរចឹងហើយ។ អ្វីដែលជារឿងអយុត្តិធម៌សម្រាប់ខ្ញុំនោះ គឺជាប់គុក ២១ថ្ងៃ ដែលវាអត់មានមូលហេតុសោះ ខ្ញុំជាអ្នកជនរងគ្រោះ បែរជាតុលាការចាប់ខ្ញុំដាក់គុកទៅវិញ នេះសូមបញ្ជាក់។ ខ្ញុំថ្ងៃទី១៥ នោះ គឺអត់បានទៅយកព្រនូងអីវាយប្រជាពលរដ្ឋ វាយសន្តិសុខដូចការចោទរបស់តុលាការនោះទេ មានតែខ្ញុំហ្នឹងហាមឃាត់ថាអហិង្សា»។
យុវជនពីររូបទៀត គឺលោក សាន គឹមហេង ក៏ត្រូវចូលទៅបំភ្លឺដែរនៅថ្ងៃទី១ ខែតុលា ហើយ លោក នាង សុឃុន ចូលទៅបំភ្លឺនៅថ្ងៃទី២ ខែតុលា។ អ្នកទាំងបី ត្រូវតុលាការចាប់ដាក់ពន្ធនាគារបណ្ដោះអាសន្នម្ដងរួចមកហើយ កាលពីដើមខែសីហា កន្លងទៅ ហើយមេធាវីប្ដឹងឧទ្ធរណ៍សុំនៅក្រៅឃុំ ហើយចុងបញ្ចប់ សាលាឧទ្ធរណ៍ក៏សម្រេចដោះលែងពួកគេនោះវិញ កាលពីថ្ងៃទី២២ សីហា។
សាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់កោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ៥នាក់ ឲ្យចូលខ្លួនបំភ្លឺទាក់ទងរឿងប្រើអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ដែរ កាលពីចុងខែសីហា ប៉ុន្តែមិនមានការចាប់ឃាត់ខ្លួនទេ ដោយគ្រាន់តែសម្រេចដាក់អោយស្ថិតនៅក្រោមការតាមដានរបស់តុលាការ បន្ទាប់ពីធ្វើការសាកសួររួច៕