តុលាការ​កោះ​ហៅ​អតីត​បុគ្គលិក​អាស៊ីសេរី​ឱ្យ​ចូល​បំភ្លឺ​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា

ដោយ ហេង សកល
2018-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ឱ្យ​ចូល​បំភ្លឺ​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ឧសភា ស្អែក​នេះ ជុំវិញ​បទ​ចោទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ឱ្យ​រដ្ឋ​បរទេស។

មេធាវី​ការពារ​ក្តី​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​លោក កែវ វន្នី ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី១៥ ឧសភា​នេះ​ថា លោក​មិន​ដឹង​ថា តុលាការ​កោះហៅ​លើក​នេះ​សួរ​អំពី​រឿង​អ្វី​ឡើយ​ទេ ប៉ុន្តែ​លោក​ថា តុលាការ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​សួរ​អ្នក​ទាំងពីរ​តទៅទៀត​ឡើយ ព្រោះ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មក​នេះ តុលាការ​បាន​សួរ​អ្នក​ទាំងពីរ​អស់ហើយ ដូច្នេះ​ប្រសិនបើ​មាន​ភស្តុតាង​ដាក់​បន្ទុក​មែន​នោះ គឺ​តុលាការ​ត្រូវ​រក​ឃើញ​អស់ហើយ មិនមែន​មកដល់ពេលនេះ​ហើយ​នៅតែ​បន្ត​សាកសួរ​ទៀត​ទេ។

លោក​មេធាវី​អះអាង​ថា ក្នុង​រយៈពេល​៦​ខែ​កន្លង​មក​នេះ តុលាការ​មិន​មាន​ភស្តុតាង​ណាមួយ​ដើម្បី​ដាក់​បន្ទុក​អ្នក​ទាំងពីរ គឺ​ក្រៅ​តែ​ពី​ការ​ឃុំ​ខ្លួន​អ្នក​ទាំងពីរ​ទុក​ចោល​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​នោះ​ទេ។

អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា និង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​រដ្ឋ​បរទេស​តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​បដិសេធ​ការចោទប្រកាន់​របស់​តុលាការ។

កាលពី​ថ្ងៃ​ទី​១៤ ឧសភា ជា​ខួប​គម្រប់ ៦​ខែ​គត់​នៃ​ការ​ចាប់​ឃុំខ្លួន អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​នាក់។ លោក​មេធាវី​ថា ការ​កោះហៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ ប្រហែលជា​ពាក់ព័ន្ធ​នឹង​ការ​បន្ត​ឃុំខ្លួន​អ្នក​ទាំងពីរ​៦​ខែ​ទៀត ឬក៏​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ទោះជា​យ៉ាងណា លោក​ស្នើ​ឱ្យ​តុលាការ​ដោះលែង​កូន​ក្តី​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​កូន​ក្តី​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល