បុរសវៀតណាមម្នាក់ត្រូវផ្ដន្ទាទោស១ឆ្នាំនិងពលរដ្ឋខ្មែរ៥នាក់ត្រូវដោះលែង
2014.02.28
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិវៀតណាម ម្នាក់ដាក់ពន្ធនាគារ ១ឆ្នាំ ខណៈ ៥នាក់ផ្សេងទៀតក្នុងចំណោមនោះ ត្រូវដោះលែង និងព្យួរទោសពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការជំនុំជម្រះក្ដីក្នុងសំណុំរឿងនេះ ចាត់ទុកការសម្រេចរបស់តុលាការនេះថា មិនបានផ្ដល់យុត្តិធម៌ចំពោះជនជាប់ចោទ និងអ្នកដែលត្រូវព្យួរទោសទាំងនេះឡើយ។
មន្ត្រីផ្នែកសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) ថ្លែងថា តុលាការគប្បីទម្លាក់ចោលនូវបទចោទចេញ ដោយហេតុថា អ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះពុំមានភស្តុតាង និងអង្គហេតុណាមួយដូចការចោទប្រកាន់របស់តុលាការឡើយ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលបានចុះឃ្លាំមើលការប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ហើយផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នករាយការណ៍សារព័ត៌មានថា ផ្អែកតាមអង្គហេតុ ទាំងអ្នកដែលត្រូវលើកលែងចោទប្រកាន់ និងអ្នកដែលត្រូវតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើស គឺសុទ្ធតែជាជនរងគ្រោះទៅវិញ។ លោកបន្តថា ព្រោះអ្នកទាំង ៦នាក់នេះ គឺជាអ្នកដែលស្ថិតនៅក្រៅហេតុការណ៍ប៉ុណ្ណោះ។ លោក អំ សំអាត យល់ឃើញថា ហេតុនេះ តុលាការគប្បីលើកលែងការចោទប្រកាន់៖ «តាមការជជែកដេញដោលនៅក្នុងអង្គសវនាការ អ្នកទាំង ៦នាក់នេះ មិនមានពាក់ព័ន្ធជាមួយបទល្មើសទេ គ្រាន់តែជាអ្នកធ្វើការឆ្លងកាត់។ ហើយជួបនឹងឧបទ្ទវហេតុ ព្រឹត្តិការណ៍ដែលកើតឡើង។ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែប៉ុណ្ណេះ»។
លោក ង្វៀង វ៉ាំងឌឹក (Nguyen Van Duc) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ៣ឆ្នាំពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ ប៉ុន្តែ តុលាការសម្រេចដាក់ពន្ធនាគារដោយឲ្យអនុវត្តទោសជាក់ស្ដែង ១ឆ្នាំ ហើយទោសដែលសល់ប៉ុន្មានត្រូវព្យួរ។ ដោយឡែក មនុស្ស ២នាក់ផ្សេងទៀត ក្នុងចំណោមអ្នកទាំង ៦នាក់នោះ ត្រូវតុលាការផ្ដន្ទាទោស ៣ឆ្នាំដូចគ្នា ប៉ុន្តែបានអនុវត្តទោស ដែលបានជាប់ឃុំបណ្ដោះអាសន្ន ២៥ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរដូចគ្នា។
លោក ង្វៀង វ៉ាំងឌឹក និយាយនៅក្នុងបន្ទប់ជនជាប់ចោទក្រោយប្រកាសសាលក្រមថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ លោកបន្តថា អ្វីដែលឈានដល់ការចាប់ខ្លួននេះ ខណៈថៅកែរបស់លោកប្រើឲ្យចុះពីលើឡាន ដោយសារស្ទះចរាចរណ៍នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ស្របពេលកាលណោះសមត្ថកិច្ចបានព្យាយាមបិទរបាំងផ្លូវប្រឆាំងក្រុមអ្នកតវ៉ារបស់គណបក្សសង្គ្រោះជាតិ។ លោក ង្វៀង វ៉ាំងឌឹក អំពាវនាវសុំឲ្យស្ថានទូតវៀតណាម ជួយអន្តរាគមន៍ ដើម្បីអាចឲ្យលោករួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការផង៖ «ខ្ញុំអត់ធ្វើអីខុសផង។ ថ្ងៃនោះ ខ្ញុំធ្វើដំណើរនឹងមេរបស់ខ្ញុំ។ ពេលទៅដល់ក្បាលស្ពាន ឃើញស្ទះចរាចរណ៍ ខ្ញុំចុះពីលើឡាន ដើម្បីទៅមើល តើស្ទះត្រឹមណា? ខ្ញុំកំពុងដើរមើលជុំៗ ស្រាប់តែត្រូវគេចាប់ខ្លួន»។
ការរក្សាបទចោទប្រឆាំងជនជាតិវៀតណាម នេះ ធ្វើឡើងរយៈពេល ១១ថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌមានជាប់ពាក់ព័ន្ធនឹងហិង្សានៅស្ពានអាកាសក្បាលថ្នល់នេះ កាលពីថ្ងៃទី១៧ កុម្ភៈ។
ជនជាប់ចោទទាំង ៦នាក់នោះ ត្រូវតុលាការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
ប្រធានអង្គការការពារសិទ្ធិជនជាតិភាគតិច លោក អាង ចន្ទរិទ្ធ ចាត់ទុកថា ស្ថានទូតវៀតណាម គប្បីចាត់វិធានការណាមួយ ដើម្បីធានាឲ្យទណ្ឌិតដែលជនជាតិវៀតណាម នេះមានសេរីភាពវិញ ជាជាងធ្វើកិច្ចការណាដែលហុចផលចំណេញផ្នែកនយោបាយ ទើបអន្តរាគមន៍៖ «កុំឲ្យឃើញថា ករណីខ្លះវាអាច វាអាចទាក់ទងរឿងនយោបាយ ឬក៏រឿងអ្វីដែលវាចំណេញដល់ប្រទេសវៀតណាម ទើបអន្តរាគមន៍ វាមិនមានយុត្តិធម៌។ ហើយវាមិនមានការគោរព ហើយលើកស្ទួយដល់ពលរដ្ឋវៀតណាម ដែលរស់នៅស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ទេ»។
យ៉ាងណា លោក អំ សំអាត យល់ឃើញថា ការបន្តឃុំខ្លួនលើជនជាតិវៀតណាម នេះទំនងជាចេតនានយោបាយ។ ហេតុការណ៍ដែលក្រុមសមត្ថកិច្ចព្យាយាមបិទផ្លូវប្រឆាំងក្រុមបាតុករដោយសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ បណ្ដាលឲ្យ លោក ម៉ៅ សុខចន្ទ ត្រូវបាញ់ស្លាប់ភ្លាមៗដោយការបង្ក្រាបរបស់សមត្ថកិច្ច ចំណែកមនុស្សមួយចំនួនទៀត រងរបួស និងត្រូវចាប់ខ្លួន៕