មេធាវីការពារពលរដ្ឋមានជម្លោះដីនៅព្រះវិហារថា ពិបាកចូលជួបកូនក្ដីម្ដងៗនៅក្នុងពន្ធនាគារ
2019.03.13
មេធាវីការពារក្ដីឱ្យពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព លើកឡើងថា មានការរឹតត្បិតសិទ្ធិក្នុងចូលជួបកូនក្ដីដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តព្រះវិហារ ក្រោយពីមេធាវីបានផ្ទេរសិទ្ធិឱ្យមន្ត្រីសង្គមស៊ីវិលចូលជួបជំនួសវិញ។ ប៉ុន្តែមន្ត្រីពន្ធនាគារ អះអាងថា មិនមានការហាមឃាត់ ឬរឹតត្បិតសិទ្ធិចូលជួប ឬសម្ភាសន៍ជនត្រូវចោទក្នុងពន្ធនាគារ ដូចការលើកឡើងនោះទេ។
មេធាវីមកពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សំ ទិត្យសីហា ការពារក្ដីឱ្យពលរដ្ឋពីរនាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៣ មីនា ថា មានការពិបាកក្នុងការប្រាស្រ័យទាក់នឹងកូនក្ដីរបស់ខ្លួនក្នុងពន្ធនាគារ ដោយសារតែមានការស្នើសុំច្រើនដងច្រើនសា ពីខាងតុលាការ និងប្រធានពន្ធនាគារ។ លោកមេធាវី សំ ទិត្យសីហា បញ្ជាក់ថា ដោយសារលោកជាប់រវល់កិច្ចការនៅទីក្រុងភ្នំពេញ លោក ក៏បានផ្ទេរសិទ្ធិទៅមន្ត្រីសមាគមអាដហុកប្រចាំខេត្តព្រះវិហារ ដើម្បីចូលជួបកូនក្ដីឈ្មោះ ឈិន រ៉ា និងឈ្មោះ ម៉ឺន មៀន ដើម្បីផ្ដិតមេដៃ ដាក់ពាក្យបណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែត្រូវមន្ត្រីពន្ធនាគារបដិសេធ។ មេធាវីរូបនេះ បញ្ជាក់ថា លោកតែងស្នើសុំតាមនីតិវិធីពីខាងព្រះរាជអាជ្ញា ជានិច្ច មុននឹងចូលនឹងចូលកូនក្ដីនៅពន្ធនាគារ ប៉ុន្តែមន្ត្រីពន្ធនាគារ នៅទាមទារឱ្យមានការបញ្ជាក់ពីខាងតុលាការដដែល៖ «យើងបានទំនាក់ទំនងទៅខាងព្រះរាជអាជ្ញា គាត់ក៏បានសម្របសម្រួលដែរ ប៉ុន្តែខាងមន្ត្រីពន្ធនាគារគាត់ហាក់ដូចជាមានភាពតឹងតែងបន្តិច។ ហើយគាត់សំអាងថា ករណីស្ថិតនៅក្រោមការគ្រប់គ្រងរបស់តុលាការ និងរបស់ព្រះរាជអាជ្ញា អ៊ីចឹងគាត់មិនអាចអនុញ្ញាតទេ។ ខ្ញុំយល់ថា ពាក់ព័ន្ធនឹងករណីនេះ មេធាវីគាត់ស្នើសុំជួបកូនក្ដី មិនមែនជាបញ្ហាមួយដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធី ឬក៏ការឃុំខ្លួនរបស់ជនត្រូវចោទនៅក្នុងពន្ធនាគារ»។
ចំណែក ប្រធានពន្ធនាគារ លោក យន់ ម៉ានី អះអាងប្រាប់អាស៊ីសេរីថា ខាងពន្ធនាគារមិនបានរឹតត្បិតមេធាវី ឬមន្ត្រីសង្គមស៊ីវិល ចូលជួបជនត្រូវចោទទេ។ តាមច្បាប់ពន្ធនាគារ លោក យន់ ម៉ានី ពន្យល់ថា រាល់ការចូលជួបជនជាប់ឃុំ ពីសំណាក់មន្ត្រីអង្គការសង្គមស៊ីវិល គឺត្រូវមានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធនាគារ ឬក៏ពីព្រះរាជ្ញាសាលាដំបូងខេត្តព្រះវិហារ ទើបអាចចូលជួបបាន៖ «អត់ផង ឱ្យជួបតើ អត់មានរឹតត្បិតអីណា គាត់មកជួប យើងអនុញ្ញាតឱ្យគាត់ជួបតើ។ ខ្ញុំគ្រាន់តែជម្រាបថា ព្រឹកមិញហ្នឹង ក្នុងករណីមួយ មេធាវីហ្នឹង គាត់អត់បានមកទេ ហើយគាត់ប្រគល់សិទ្ធិទៅឱ្យមន្ត្រីអង្គការអាដហុក។ អ៊ីចឹង! គាត់មកជួបនេះ គាត់មិនមែនជាមេធាវីទេ។ គាត់ជាមន្ត្រីអាដហុក ហើយខ្ញុំក៏បានជម្រាបគាត់ថា ប្រសិនជាករណីមេធាវី យើងអនុវត្តច្បាប់លក្ខន្តិកៈនៃគណៈមេធាវី យើងបង្កលក្ខណៈឱ្យជនជាប់ឃុំ គឺអាចទំនាក់ទំនង ជួបសម្ភាសន៍ឬក៏ការពារកូនក្ដី។ យើងអត់មានបិទសិទ្ធិទេ អត់មានទេ។ ប៉ុន្តែក្នុងករណីហ្នឹង គឺមន្ត្រីអាដហុក គាត់ជួបសម្ភាសន៍អ៊ីចឹង»។
អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទើបមន្ត្រីពន្ធនាគារខេត្តព្រះវិហារ អនុញ្ញាតឱ្យមន្ត្រីសមាគមអាដហុក ចូលជួបពលរដ្ឋដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះ៖ «ករណីនេះ ខ្ញុំមិនដឹងថា ខាងពន្ធនាគារ គាត់មានការយល់ច្រឡំត្រង់ណាទេ មុនដំបូងគាត់មានការបិទសិទ្ធិ។ ហើយក្រោយពីការអន្តរាគមន៍ខាងយូអិន (UN) និងខាងរាជធានីភ្នំពេញដែរទេ បានមានការបើកទូលាយទៅវិញនោះ។ មុនដំបូង គឺមិនអនុញ្ញាត ទើបខាងមន្ត្រីអាដហុក បានខល (ហៅទូរស័ព្ទ) មកថា ខាងពន្ធនាគារមិនអនុញ្ញាតឱ្យជួបជនជាប់ចោទទាំងពីរដែលត្រូវជាកូនក្ដីរបស់លោក សំ ទិត្យសីហា ផ្ដិតមេដៃទេ។ អ៊ីចឹងហើយ បានមានការអន្តរាគមន៍ពីយូអិនទៅវិញ» ។
ចំពោះពលរដ្ឋ ១២នាក់ផ្សេងទៀត មេធាវីដែលមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ទិត្យ ធារ៉ា ឱ្យដឹងថា លោកបានចូលជួបកូនក្ដីរួចហើយ ក្រោយពីស្នើសុំការអនុញ្ញាតពីប្រធានពន្ធនាគារ។ លោក ទិត្យ ធារ៉ា បន្តថា លោកបានដាក់ពាក្យសុំលើកលែងការចោទប្រកាន់កូនក្ដី ទៅសាលាដំបូងខេត្តព្រះវិហាររួចហើយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីតុលាការនៅឡើយ។ មេធាវី ទិត្យ ធារ៉ា បញ្ជាក់ថា នៅមិនទាន់មានគម្រោងដាក់ពាក្យប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋទាំង១២នាក់នៅឡើយទេ ខណៈចៅក្រមស៊ើបសួរ មិនទាន់បិទបញ្ចប់ការស៊ើបអង្កេតនៅឡើយ៖ «យើងអត់មានផែនការផង។ គ្រាន់តែដាក់ពាក្យលើកលែងការចោទប្រកាន់ហើយ។ គាត់មិនទាន់បានបញ្ចប់ការស៊ើបសួរ ដូចថាមិនទាន់ឮតាមបញ្ចប់នីតិវិធី» ។
កាលពីខែមករា ក្រុមទាហាននៅកងពលតូចលេខ ៦ ដែលឈរជើងការពារដីឱ្យក្រុមហ៊ុន មេត្រីភាពរបស់ឧកញ៉ា អាន ម៉ារឌី បានចាប់ខ្លួនពលរដ្ឋ១៥នាក់ ជាបន្តបន្ទាប់ ក្រោយពីពលរដ្ឋទាំងនោះបានដឹកនាំអ្នកភូមិតវ៉ារឿងវិវាទដីជាមួយក្រុមហ៊ុន លើផ្ទៃ៨.៥០០ហិកតារ នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងចំណោមពលរដ្ឋ ១៥នាក់ ដែលក្រុមទាហានចាប់យកទៅឃុំខ្លួននោះ មានម្នាក់បាត់ខ្លួនម្នាក់ នៅមិនទាន់រកឃើញរហូតមកដល់ពេលនេះ គឺឈ្មោះ សំ ម៉ឺន វ័យ៥៤ឆ្នាំ។
ក្រុមមេធាវីការពារក្ដីឱ្យពលរដ្ឋ ស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារ និងគណៈមេធាវី ជួយសម្របសម្រួលធ្វើយ៉ាងណា ឱ្យខាងមេធាវីបានចូលជួបកូនក្ដីរបស់ខ្លួន ឱ្យមានភាពងាយស្រួលនិងមានកិច្ចសហការល្អប្រសើរជាងបច្ចុប្បន្ន ខណៈប្រធានពន្ធនាគារមួយចំនួន នៅមានភាពទើសទាល់ជាមួយមេធាវីនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។