ក្រុមអង្គការ និងសមាគមជិត ២០ស្ថាប័ន បានអំពាវនាវរួមគ្នាឱ្យរបបក្រុងភ្នំពេញពន្លឿនអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។ រីឯអ្នកនាំពាក្យរដ្ឋាភិបាល ក៏មិនទាន់ដឹងថា សេចក្ដីព្រាងច្បាប់មួយនេះ នឹងបញ្ជូនឱ្យរដ្ឋ សភាអនុម័តពេលណានោះដែរ។
អង្គការ និងសមាគមទាំង ១៩ស្ថាប័ន កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ បានដាក់លិខិតស្នើសុំទៅក្រសួងព័ត៌មាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធិសភា និងរដ្ឋាភិបាល ដើម្បីឱ្យពន្លឿនធ្វើការពិនិត្យ ដេញដោល និងអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់ៗ និងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩-២០២៣) ក្នុងនីតិកាលទី៦នេះ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API ) និងជាតំណាងអង្គការសង្គមស៊ីវិល លោក ឡាំ សុជាតិ មានប្រសាសន៍ថា សមាគមចង់បានច្បាប់នេះជាប្រញាប់ ដោយសារច្បាប់នេះ សារសំខាន់។ លោកបញ្ជាក់ថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មានគោលបំណងធានាឱ្យ សាធារណជនមានសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មានអំពីតួនាទី សកម្មភាពប្រតិបត្តិ និងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ លើសពីនេះទៀត ច្បាប់នេះ ក៏មានចែងអំពីតួនាទីរបស់ស្ថាប័នសាធារណៈនានា ត្រូវផ្ដល់និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ និងជំរុញឱ្យស្ថាប័ន សាធារណៈ ត្រូវបំពេញភារកិច្ចប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសកាត់បន្ថយព័ត៌មានសម្ងាត់ឱ្យ មានកម្រិតទាបបំផុត និងធានាឱ្យមានការចូលរួម ពីសាធារណជនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការ វប្បធម៌ជាតិយ៉ាងសកម្ម និងមានគុណភាពខ្ពស់ទៀតផង៖ «បើមានច្បាប់នេះគឺមិនបាច់មានអ្នកសារព័ត៌មានក៏បាន គឺប្រជាជនម្នាក់ៗ មានសិទ្ធិទៅក្រសួងមន្ទីរការិយាល័យដែលជិតគាត់ ឬក៏ពាក់ព័ន្ធព័ត៌មានដែលគាត់ចង់សួរ គឺអាចទៅសុំតែម្ដង។ ឧទាហរណ៍ថា ធ្វើផ្លូវមួយខ្សែហ្នឹង តើផ្លូវនេះមានផលប្រយោជន៍និងផលប៉ះពាល់ដល់ផ្ទះសម្បែងគាត់ ដូច្នេះគាត់អាចទៅសុំគម្រោងផែនការរបស់រដ្ឋាភិបាលបាន។ នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នជាតិនៅប្រទេសកម្ពុជា បានផ្ដួចផ្ដើមរៀបចំឱ្យមានច្បាប់មួយ ស្ដីពីសិទ្ធិទទួលព័ត៌មានជាយូរណាស់មកហើយ បើគិតមកទល់ឆ្នាំ២០១៣ នេះ គឺមានរយៈពេលជាង១០ឆ្នាំហើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះកំពុងឋិតនៅក្នុងក្រសួងព័ត៌មាន ហើយបានឆ្លងអន្តរក្រសួងនិងអង្គការមិនមែនរដ្ឋាភិបាលរួចហើយ និងរងចាំតែសម្របសម្រួលឃ្លាប៉ុណ្ណោះ។ ទោះយ៉ាងណា លោកមិនទាន់ដឹង ថា សេចក្ដីព្រាងច្បាប់នេះ នឹងបញ្ជូនទៅអនុម័តពេលណាឡើយ៖ «សួរទៅក្រសួងព័ត៌មានអំពីផលនៃការរំពឹងទុក នៃការចេញច្បាប់នេះ ហើយមកគណៈរដ្ឋមន្ត្រី ក្នុងការពិនិត្យមើល ហើយបញ្ជូនទៅសភា ហើយលទ្ធភាពពេលណាទៀត គឺមានតែក្រសួងព័ត៌មានទេដែលជាម្ចាស់នៃពង្រាងច្បាប់នេះ ដែលគាត់អាចឆ្លើយបាន»។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាច្រើនលើក ប៉ុន្តែលោកទាំងពីរ មិនទទួលទូរស័ព្ទ។
ប៉ុន្តែ ក្នុងជំនួបលើកទី៣ របស់លោក ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន សែន ក៏បានគាំទ្រ និងធានាឱ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលទី៦ បនេះដែរ។
លោក ឡាំ សុជាតិ ឱ្យដឹងថា ប្រសិនបើច្បាប់នេះ មិនត្រូវបានអនុម័តនោះទេ គឺព័ត៌មានសំខាន់ៗជាជាច្រើនក្នុងស្ថាប័នសាធារណៈនឹងត្រូវបានបិទបាំង ហើយពេលខ្លះរដ្ឋាភិបាល តែងតែចាត់ទុកព័ត៌មាន ដែលមានប្រយោជន៍សម្រាប់សាធារណជនគឺជាព័ត៌មានសម្ងាត់ជាដើម៕