របប​ក្រុងភ្នំពេញ​ជំរុញ​​ឱ្យ​​តុលាការ​​ពន្លឿន​​នីតិវិធី​​រឿង​ក្ដី​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​​ចង្អៀត​​ណែន​​ក្នុង​​ពន្ធនាគារ

ដោយ ជាតិ ចំណាន
2019-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA

របប​ក្រុងភ្នំពេញ​បាន​បញ្ជូន​សំណុំរឿង​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​អ្នក​ជាប់ឃុំ​ទៅ​តុលាការ ដើម្បី​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​លើ​ករណី​ទាំងនោះ​ឱ្យ​បាន​ឆាប។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា នេះ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​សាទរ​ចំពោះ​វិធានការ​នេះ ក៏ប៉ុន្តែ​នៅតែ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​ពន្លឿន​គ្រប់​យន្តការ​ទាំងអស់ ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហា​នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៥ កុម្ភៈ​ថា ក្រុម​ការងារ​​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​ផ្ទៀងផ្ទាត់​សំណុំរឿង​នៅ​​តុលាការ​​ជាមួយ​​នឹង​​ឯកសារ​​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​អ្នក​ជាប់ឃុំ​រួចរាល់​ហើយ​។ លោក​បន្ត​ថា ក្រុមការងារ​ក៏បាន​ចងក្រង​ទិន្នន័យ​ដាក់​ជូន​ទៅ​តុលាការ​រួចរាល់​ហើយ​ដែរ ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​លើ​សំណុំរឿង​ទាំងនោះ។ លោក​បញ្ជាក់​ថា នេះ​ជា​យន្តការ​មួយ​ក្នុង​ចំណោម​​យន្តការ​​ជា​ច្រើន​​ទៀត ដែល​ក្រុម​ការងារ​​រំពឹង​ថា នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​មួយ​ផ្នែក៖ «យើង​​នៅ​​រៀបចំ​​យន្តការ​​ផ្សេងៗ​ ត​ទៅមុខ​ទៀត ដើម្បី​ធ្វើការ​ដោះស្រាយ ដូចជា​​ការ​រៀបចំ​​នូវ​​ការ​​អនុវត្ត​យន្តការ​​ទោស​​មិន​មែន​​ពន្ធនាគារ ដូចជា ទោស​សហគមន៍​​ជា​ដើម ការ​បង្កើត​ឧទ្ធរណ៍​តំបន់​ដើម្បី​ដោះស្រាយ​ភាព​កកស្ទះ​សំណុំរឿង​នៅ​ឧទ្ធរណ៍​​ដែល​​យើង​​មាន​នៅ​​ពេល​​​បច្ចុប្បន្ន ការ​កសាង​ពន្ធនាគារ​បន្ថែម ការ​គ្រប់គ្រង និង​រដ្ឋបាល​សំណុំ​រឿង​ក្តី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រព័ន្ធ​កុំព្យូទ័រ Database មួយ​​ចំនួន​​ទៀត។ អាហ្នឹង​ជា​យន្ត​ការដែល​យើង​ត្រូវ​ធ្វើ​ទៅ​ថ្ងៃមុខ​ទៀត ជា​លក្ខណៈ​យូរអង្វែង​ក្នុង​​ការ​​ដោះ​ស្រាយ​​ភាព​​កក​ស្ទះ ចង្អៀត​ណែន ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​ជា​​យន្តការ​​បន្ទាន់ និង​​ដោះ​ស្រាយ​​បញ្ហា​​ជាក់ស្ដែង​​មួយ​​ដំណាក់​​សិន»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​មិនបាន​ប្រាប់​ពី​តួលេខ និង​ព័ត៌មាន​លម្អិត​នៃ​របាយ​ការណ៍​ដែល​បាន​ដាក់​ជូន​តុលាការ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​ឯកសារ​ផ្ទៃក្នុង​។

ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​ចោទ​ជា​បញ្ហា​កាន់តែ​ខ្លាំង ចាប់​ពី​ឆ្នាំ២០១៧ រហូត​មក បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់។ ចំនួន​អ្នក​ជាប់ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន​កើន​ឡើង​យ៉ាង​គំហុក បូករួម​ទាំង​ភាព​យឺត​នៃ​ការ​អនុវត្ត​​នីតិវិធី​លើ​រឿង​ក្តី​នីមួយៗ ​ផង ធ្វើ​ឱ្យ​ស្ថានភាព​ចង្អៀត​ណែន​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ជាប់ឃុំ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រឿង​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ។ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​គួរតែ​ពន្លឿន​គ្រប់​យន្តការ​ទាំងអស់ ព្រោះ​ស្ថានភាព​អាក្រក់​នេះ​នៅតែ​កើតមាន​ដដែល មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ។ ក្រៅ​ពី​នេះ លោក​ថា អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​ការ​ហូរ​​ចូល និង​ការ​រីក​រាលដាល​នៃ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារ​អ្នក​ជាប់ឃុំ​ក្នុង​បទ​ល្មើស​​គ្រឿងញៀន មាន​ចំនួន​ច្រើន​ជាង​​គេ​ នៅ​តាម​ពន្ធនាគារ​នីមួយៗ៖ «យើង​គ្រាន់តែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី ឬ​ពន្លឿន​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ ឱ្យ​វា​មាន​ភាព​ធូរស្រាល ល្អ​ប្រសើរ​ជាង​នេះ ពី​ព្រោះ​​​កាល​ណា​​ចង្អៀត​​ណែន​​កាន់​តែ​​ខ្លាំង ភាព​ប្រឈម​នឹង​កាន់តែ​ខ្លាំង​ឡើងៗ ​សម្រាប់​​អ្នក​​ជាប់​ឃុំ ជា​ពិសេស​ គឺ​​ទាក់ទង​​នឹង​​បញ្ហា​​សុខភាព​​នេះ​​តែ​ម្ដង»

អង្គការ​ លីកាដូ (LICADHO) រកឃើញ​ថា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​​ជាង​គេ​​ពី​​ស្ថានភាព​ចង្អៀត​ណែន​​នេះ គឺ​​កុមារ​​ដែល​​រស់​នៅ​​ជា​មួយ​ម្ដាយ​​ក្នុង​​ពន្ធនាគារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​​សម្រាល​កូន​​ក្នុង​​ពន្ធនាគារ។ របាយការណ៍​របស់​អង្គការ​លីកាដូ​បង្ហាញ​ថា បច្ចុប្បន្ន​​ស្ត្រី​​មាន​​ផ្ទៃពោះ​​ចំនួន ៣០​នាក់ ម្ដាយ​ចំនួន ១៣៥នាក់ និង​កុមារ​អាយុ​ក្រោម ៣ឆ្នាំ​ចំនួន ១៣៨នាក់ កំពុង​​រស់​នៅ​​ក្នុង​ពន្ធនាគារ​ចំនួន ១៨កន្លែង​​នៅ​​ទូទាំង​​ប្រទេស។ ក្នុង​ចំណោម​​ស្ត្រី​​ដែល​​កំពុង​​ជាប់​ឃុំ​​ទាំង​នោះ ជាង​ពាក់​កណ្ដាល​មិនទាន់​ត្រូវ​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពី​​​បទ​​​ល្មើស​​​អ្វី​​​ជាក់លាក់​​​នៅ​​ឡើយ​​​ទេ ហើយ​​អំឡុង​​ពេល​​នៃ​​ការ​វិវឌ្ឍ​​របស់​​​កុមារ ស្ត្រី​​​មាន​​​ផ្ទៃពោះ​ និង​​ស្ត្រី​​ដែល​​បំបៅ​ដោះ​​កូន​​នោះ ពួក​គេ​​មិន​សូវ​​ទទួល​​បាន​​អាហារ​រូបត្ថម្ភ​​បន្ថែម​​ឡើយ។

ទាំង​មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ណា​ម្នាក់។

កម្ពុជា​មាន​ពន្ធនាគារ​សរុប​ចំនួន ២៨​កន្លែង ដែល​សព្វថ្ងៃ​មាន​អ្នក​ជាប់ឃុំ​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុង​នោះ​ទណ្ឌិត​មាន​ប្រមាណ ៩​ពាន់​នាក់ ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​អ្នក​ជាប់ឃុំ​ដែល​កំពុង​រង់ចាំ​នីតិវិធី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល