ទណ្ឌិត​ ៣២១​នាក់​បាន​ស្នើសុំ​បន្ធូរបន្ថយ និង​​លើក​លែង​ទោស​​ក្នុង​​ឱកាស​​បុណ្យ​ចូល​ឆ្នាំ

ដោយ ហេង សកល
2018.04.04
អង្គ វង្សវឌ្ឍានា ៦២០ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ប្រទេស នា​ទីស្ដីការ​ក្រសួង កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ បាន​ពិនិត្យ​សំណើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ​៣២១​នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ។

កាសែត​ក្នុងស្រុក​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ដកស្រង់​សំដី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​លោក សុច សុផាណារ៉ា ថា មាន​ទណ្ឌិត​សរុប ៣២១ នាក់ បាន​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​នោះ​មាន​ស្ត្រី ២៨ នាក់ ដោយ​ទណ្ឌិត​ទាំងនោះ​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២០ និង​មណ្ឌល​អប់រំ​កែ​ប្រ​ចំនួន​៤។ លោក​បញ្ជាក់​ថា ក្រសួង​នឹង​សម្រេច​ករណី​នេះ អាស្រ័យ​លើ​ការ​កែប្រែ​អត្តចរិត កិរិយាមារយាទ​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ជាពិសេស​សាលក្រម ឬ​សាលដីកា​ស្ថាពរ។ លោក​ឱ្យ​ដឹង​បន្ត​ថា ក្រសួង​នឹង​មិន​ពិចារណា​លើ​ការ​ស្នើសុំ​របស់​ទណ្ឌិត​ដែល​មិន​រាងចាល ឬ​បាន​ប្រព្រឹត្ត​បទល្មើស​កាច​សាហាវ​ដែល​មាន​ព្យសនកម្ម​ធ្ងន់ធ្ងរ។ ក្នុងចំណោម ៣២១​នាក់ មាន​ជនបរទេស​ប្រហែល ១០ ភាគរយ រួមមាន​ជនជាតិ​ចិន​ផង​ដែរ។

ទាក់ទង​នឹង​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ លោក សុច សុផាណារ៉ា បានឱ្យដឹងថា ក្នុង​តារាងប​ញ្ជី​ឈ្មោះ​អ្នកទោស​ទាំង​៣២១​នេះ មិន​មាន​បញ្ជាក់​ថា អ្នកណា​មាន​តួនាទី​អ្វី​នោះ​ទេ ដោយសារ​គណៈកម្មការ ពិនិត្យ​តែ​ឈ្មោះ​បទល្មើស ការ​កែប្រែ​ខ្លួន និង​ឯកសារ​ដែល​ភ្ជាប់​មក​ជា​មួយ​ប៉ុណ្ណោះ។

ស្រប​នឹង​ការ​លើកឡើង​នេះ សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូវ សោភា បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​០៤ ខែ​មេសា នេះ​ដែរ​​ថា អ្នកស្រី ទេព វន្នី មិន​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ទេ ប៉ុន្តែ​ក្រុម​គ្រួសារ​អ្នកស្រី ទេព វ​ន្នី កាលពី​ថ្ងៃទី​១៣ ខែ​មីនា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ព្រះមហាក្សត្រ​ឱ្យ​លើកលែងទោស និង​ដោះលែង​អ្នកស្រី ទេព វន្នី។ បើ​ទោះ​បី​ជា​អ្នកស្រី ទេព វន្នី មិនបាន​ដាក់ពាក្យ​ស្នើសុំ​លើកលែងទោស​ក៏ដោយ ក៏​អ្នកស្រី បូវ សោភា នៅតែ​សង្ឃឹមថា តុលាការ​នឹង​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ក្នុង​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ៖ «អ្នកស្រី ទេព វន្នី ត្រូវ​ជាប់ពន្ធនាគារ​នឹង​វា​ចំនួន​២​ឆ្នាំ​កន្លះ ហើយ​ចំនួន​០២​ឆ្នាំ​កន្លះ​នឹង ឥឡូវ​នឹង​គាត់​ជាប់​បាន​មួយ​ឆ្នាំ​ប្រាំបី​ខែ​ហើយ​បើ​គិតដល់​ថ្ងៃ​១៥ ហើយ​អ៊ីចឹង​វា​នៅសល់​ចំនួន​ទោស​នឹង​ដប់​ខែ​នៃ​ការ​ជាប់​ពន្ធនាគារ។ អ៊ីចឹង​អាច​បន្ធូរបន្ថយ ឬមួយ​ក៏​ព្យួរទោស​គាត់​បាន​ឱ្យ​មាន​ការ​ដោះលែង​ដើម្បី​ឱ្យ​មាន​គាត់​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ​វិញ»

លោក ហ៊ុន សែន កាលពី​ខែ​មីនា កន្លង​ទៅ​នេះ​បាន​ថ្លែង​ថា លោក​នឹង​មិន​លើកលែងទោស​ឱ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ឡើយ។

ជា​គោលការណ៍​ច្បាប់ ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​ត្រូវ​អនុវត្ត​ទោស​ឱ្យ​បាន​១​ភាគ​៣ ចំណែក​ទណ្ឌិត​សុំ​លើកលែងទោស ត្រូវ​អនុវត្ត​ទោស​២​ភាគ​៣ ហើយ​ទណ្ឌិត​អាច​ស្នើសុំ​បាន​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដូចជា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ពិធីបុណ្យ​ពិសាខបូជា និង​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សរុប​ចំនួន​១៥៧​នាក់ ក្នុង​នោះ ស្រី​២០​នាក់ ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធីបុណ្យ​ពិសាខបូជា​ចំនួន​៣៥​នាក់ និង​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ៥០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។