តុលាការ​កំពូល​លើក​ពេល​ប្រកាស​លទ្ធផល​សំណុំ​រឿង​លោក សម រង្ស៊ី ដោយ​អវត្តមាន​មេធាវី

ដោយ ទីន ហ្សាការីយ៉ា
2018-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​ក្ដី លោក សម រង្ស៊ី លើ​សំណុំរឿង សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា។ ក៏ប៉ុន្តែ​សវនាការ​តុលាការ​កំពូល​នេះ មិន​មាន​វត្តមាន មេធាវី​ការពារ​ក្ដី​អោយ​លោក សម រង្ស៊ី គឺ​លោក សំ សុគង់ ទេ ហើយ​ក៏​នៅ​មិនទាន់​ប្រកាស​លទ្ធផល​នៅឡើយ។

នេះ​គឺជា​សំណុំរឿង​មួយ​ក្នុងចំណោម​សំណុំរឿង​ជាច្រើន​ផ្សេងទៀត ដែល​របប​លោក ហ៊ុន សែន ចោទប្រកាន់​និង​ផ្ដន្ទាទោស​លោក សម រង្ស៊ី។ ករណី​ព្រំដែន​នេះ របប​លោក ហ៊ុន សែន បាន​ចោទ​លោក សម រង្ស៊ី ពី​បទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។ សំណុំ​រឿង​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ចំនួន ៥​ឆ្នាំ។

កាលពី​សប្ដាហ៍​មុន ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ក៏បាន​កោះហៅ​លោក សម រង្ស៊ី អោយ​ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ដើម្បី​បំភ្លឺ​អំពី​ដំណើររឿង ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ឈ្មោះ កុក ស កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​ឆ្នាំ​២០១៣ ដែល​របប​លោក ហ៊ុន សែន ចោទប្រកាន់​ថា បាន​កាត់​ដី ចំនួន​៤​ខេត្ត ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​គ្រប់គ្រង។

មក​ទល់​ពេល​នេះ របប​លោក ហ៊ុន សែន បាន​ប្ដឹង​ប្រឆាំង លោក សម រង្ស៊ី ជិត​១០​បណ្ដឹង​ហើយ ក្នុង​ចំណោម​បណ្ដឹង​ទាំងនោះ មាន​ករណី​ខ្លះ តុលាការ​របប​ក្រុងភ្នំពេញ បាន​ផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់​បន្ថែម​ទៀត ដូចជា​លោក ហ៊ុន សែន និង​ចៅស្រី គឺ​កញ្ញា ធី សុវណ្ណថា បាន​រួម​គ្នា ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍។ សំណុំ​រឿង​នេះ លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ រីឯ​ចៅស្រី​ទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។

ក្រៅ​ពី​ជាប់​នឹង​រឿង​ក្ដីក្ដាំ​ទាំងនេះ លោក សម រង្ស៊ី ក៏​ត្រូវ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក ចោទ​ថា ជា​មេក្រុម​ឧទ្ទាម​ក្បត់ជាតិ​ផង​ដែរ។ លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយសារតែ របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះចៅក្រមតុលាការមានគំនិតថោក។ លក់ឈ្មោះរបស់គាត់ដែលមានតំលៃថោកឱ្យលោកហ៊ុនសែន។

May 10, 2018 11:52 PM

គេហទំព័រ​ទាំងមូល