សាច់ញាតិរបស់បុរសដែលស្លាប់ពេលប៉ូលិសឃុំខ្លួនក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង ស្នើសុំឱ្យសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ ស៊ើបអង្កេត និងបង្ហាញលទ្ធផលដោយឯករាជ្យ។ ការលើកឡើងនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះស៊ើបសង្កេតផ្ទាល់ករណីចោទប្រកាន់ថា ប៉ូលិសនៅខេត្តបាត់ដំបង ធ្វើទារុណកម្មលើជនសង្ស័យម្នាក់រហូតដល់ស្លាប់ ហើយបង្វែរថា ស្លាប់ដោយសារគាំងបេះដូង។
សាច់ញាតិរបស់បុរសដែលស្លាប់ក្នុងពេលប៉ូលិសឃុំខ្លួនក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង សង្ឃឹមថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ នឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះពួកគាត់ជឿថា ការស្លាប់នេះ ដោយសារការធ្វើទារុណកម្ម មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ។
បងប្រុសបង្កើតរបស់ជនរងគ្រោះលោក ពេជ្រ ធារ៉ា ថ្លែងថា លោកត្រេកអរដែលទទួលដំណឹងថា សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតដោយផ្ទាល់ករណីស្លាប់ប្អូនប្រុសរបស់លោក ឈ្មោះ ពេជ្រ ធារ៉េត ។ លោកសង្ឃឹមថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នឹងបង្ហាញរបាយការណ៍ស៊ើបអង្កេតដោយឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ប្អូនប្រុសរបស់លោក៖ «អំពាវនាវឱ្យខាងក្រសួងមហាផ្ទៃ ធ្វើម៉េចរកយុត្តិធម៌ឱ្យសពប្អូនខ្ញុំ ឱ្យសមនឹងទង្វើដែលពួកគាត់បានធ្វើមកលើប្អូនខ្ញុំដែលមានរូបភាព ជាក់ស្តែងយើងបានឃើញទាំងអស់គ្នា»។
បងប្រុសរបស់ជនរងគ្រោះរូបនេះ បន្តថា ករណីស្លាប់ប្អូនរបស់លោកនេះ គឺប្រាកដជាពាក់ព័ន្ធនឹងការធ្វើទារុណកម្មសួរចម្លើយរបស់ប៉ូលិស។ លោកអះអាងថា មានអ្នកសារព័ត៌មាននៅខេត្តបាត់ដំបង បានទាក់ទងទៅលោក ដោយប្រាប់ថា ប៉ូលិសនៅខេត្តបាត់ដំបង ចង់ជួបជាមួយលោកដើម្បីសម្របសម្រួលដោះស្រាយបញ្ចប់រឿងដោយស្ងាត់ៗ បន្ទាប់ពីលោកដាក់បណ្តឹងទៅក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណា លោក បញ្ជាក់ជំហរថា នឹងមិនជួបចរចាដោះស្រាយបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការនោះទេ។ លោកចង់ឱ្យតុលាការ ផ្ដន្ទាទោសជនប្រព្រឹត្តអំពើទារុណកម្មលើប្អូនរបស់លោកទៅតាមផ្លូវច្បាប់៖ «គាត់ ( អ្នកសារព័ត៌មាន ) ឆាតមកថា អូន តើអាចទម្លាក់លេខឱ្យបងបានអត់ខាងប៉ូលិស គេចង់សុំលេខអូនឯង ដើម្បីចង់ចរចាគ្នាហើយគាត់ថារឿងចរចានេះ រឿងរបស់អូនឯងទេ តែបើម៉េចៗ ទុកលុយឱ្យបងចាយផង។ តាមខ្ញុំមើលករណីនេះ គឺជាការធ្វើទារុណកម្មឱ្យស្លាប់មិនមែនដោយគាំងបេះដូងទេ។ ខ្ញុំគិតថា អយុត្តិធម៌បំផុត ហើយមានការលាក់បាំង និងលាក់លៀមនិងឃុបឃិតគ្នាដែរ»។
បុរសឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ និងប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ បានស្លាប់ក្នុងថ្ងៃជាមួយគ្នា គឺនៅថ្ងៃទី៣ ខែមេសា ហើយបានបន្សល់ទុកកូនស្រីតូចៗ ចំនួន ២នាក់។ ពួកគេរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ពេជ្រ ធារ៉េត បានស្លាប់ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ម៉ោងពាក់ព័ន្ធនឹងការចោទប្រកាន់ថា គាត់រាយខ្សែភ្លើងអគ្គិសនីដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ ប៉ុន្តែក្នុងពេលកើតហេតុ លោកមិនបាននៅផ្ទះឡើយ។
ប៉ូលិសអះអាងថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។ ប៉ុន្តែនៅពេលសាច់ញាតិពិនិត្យសាកសព ឃើញមានស្នាមរបួស និងជាំជាច្រើនកន្លែង ចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នះទៀតផង។ អ្នកជំនាញ និងគ្រួសារជនរងគ្រោះ សន្និដ្ឋានថា ស្នាមជាំនិងរបួសនៅលើដងខ្លួនសាកសពទំនងជាការធ្វើទារុណកម្មដោយការវាយដំ និងឆក់ជាដើម ព្រោះក្នុងករណីស្លាប់ដោយគាំងបេះដូងមិនអាចមានស្នាមជាំនោះទេ។ សាច់ញាតិរបស់លោក ពេជ្រ ធារ៉េត បានដាក់បណ្តឹងស្វែងរកយុត្តិធម៌ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែមេសា។
ទាក់ទងករណីនេះ ប្រធានផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក តុប សំភី ប្រាប់អាស៊ីសេរីថា ក្រោយទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុក និងពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះនោះ ខាងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវដោយផ្ទាល់រួចហើយ។ ប៉ុន្តែលោកថា មិនទាន់អាចបង្ហាញលទ្ធផលបាននៅឡើយទេ ព្រោះថ្នាក់ដឹកនាំមិនទាន់អនុញ្ញាត។ លោកបញ្ជាក់ថា របាយការណ៍សំណុំរឿងនេះ អាចនឹងបញ្ចប់នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយ៖ «ក្រុមការងារដែលមានការចាត់តាំងដោយឯកឧត្តម នុត សាអាន ឱ្យចុះមកនេះ យើងបានចុះធ្វើការសិក្សាស្រាវជ្រាវពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងសាច់រឿងនេះ ទាំងព្រះរាជអាជ្ញា និយាយចំទៅគឺគណៈកម្មការកោសល្យវិនិច្ឆ័យលើសពជនរងគ្រោះ ហើយនឹងស្នងការរដ្ឋានគរបាល អធិការដ្ឋាននគរបាល និងខាងគ្រួសារជនរងគ្រោះផងដែរ។ ខ្ញុំសូមអធ្យាស្រ័យផងដែរ សម្រាប់លទ្ធផលនៃរបាយការណ៍ ដោយសារតែខ្ញុំទើបតែរាយការណ៍បឋមជូនថ្នាក់ដឹកនាំ ដូច្នេះ ខ្ញុំនឹងសុំការអនុញ្ញាតពីគាត់តើគួរអាចផ្តល់បានកម្រិតណា»។
លោក តុប សំភី បន្តថា លោកនៅមិនទាន់ដឹងអំពីករណីប៉ូលិសក្នុងខេត្តបាត់ដំបង ចង់សម្របសម្រួលជាមួយគ្រួសារជនរងគ្រោះនោះទេ ប៉ុន្តែលោកនឹងជួបជាមួយបងស្រីរបស់ជនរងគ្រោះនៅភ្នំពេញ បន្តទៀត ដើម្បីសាកសួរព័ត៌មានបន្ថែម។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន និងអធិការនគរបាលស្រុកសង្កែ លោក ស៊ុន សុវណ្ណ បានទេ ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា ការចុះស្រាវជ្រាវរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដោយផ្ទាល់នេះ គឺជាការវិវឌ្ឍដ៏ល្អមួយ ព្រោះការស្លាប់របស់មនុស្សម្នាក់មិនអាចបញ្ចប់ទៅជាមួយមន្ទិលសង្ស័យបានទេ។ លោកសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវនេះ នឹងរកឃើញការពិត ហើយផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។