"ការ​អនុវត្ត​ច្បាប់​សិទ្ធិ​ជនជាប់ចោទ​ជា អនីតិជន​ក្នុង​តុលាការ​មិន​ទាន់​បាន​ពេញលេញ"

ដោយ វ៉ែន សុមេធ
2019.01.26
តុលាការ កំពូល ៦២២ ​តុលាការ​កំពូល​ នៅ​រាជធានី​ភ្នំពេញ។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​សិទ្ធិ​ជនជាប់ចោទ​ជា អនីតិជន​នៅ​ក្នុង​តុលាការ​មិន​ទាន់​បាន​ពេញលេញ​នៅឡើយ​ទេ។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​ស្វាគមន៍​ការ​រក​ឃើញ​នេះ និង​អះអាង​ថា នឹង​កែ​លម្អ​ការ​អនុវត្ត​សិទ្ធិ នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈ​ការ​បំពេញ​ការងារ​របស់​ខ្លួន​ជា​បន្ត​ទៀត។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ស្ដីពី​សិទ្ធិ​ទទួល​បាន ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​អនីតិជន​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​នេះ បង្ហាញ​ថា ការអនុវត្ត​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន​នៅ​តុលាការ និង​សវនាការ​នៅ​សាលាឧទ្ធរណ៍​មាន​ការ​រំលោភ​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន។

ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​អនីតិជន សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន ការ​ការពារ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស និង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។

អឌ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ទៀត​ថា ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ ដល់ ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​សំណុំរឿង​ជិត ៣០០​ករណី គឺ​មាន​ជនជាប់ចោទ​ជិត​៤០០​នាក់ ក្នុង​នោះ​មាន​សំណុំរឿង​ចំនួន ៩ ដែល​មាន​ជនជាប់ចោទ​ជា​អនីតិជន​ចំនួន ១៤​នាក់ មិន​ទទួល​បាន​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ពេញលេញ​ទេ។ បញ្ហា​ទាំងនោះ​មាន​ដូចជា​៖ គ្មាន​វិធានការ​ការពារ​ឯកជន​ភាព​របស់​អនីតិជន​ហើយ​ជន​ជាប់​ជា​អនីតិជន​ភាគច្រើន​ត្រូវ​ឃុំខ្លួន និង​បញ្ហា​មួយទៀត​នោះ​គឺ​ក្នុង​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បី​ភាគ​បួន នៃ​អនីតិជន​ស្លៀកពាក់​ឯកសណ្ឋាន​ដូចគ្នា​ទៅ​នឹង​ទណ្ឌិត​ដែល​រំលោភ​លើ​ការ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស។

ប៉ុន្តែ​ក៏​មាន​ការ​ប្រែ​ខ្លះ​ដែរ ចន្លោះ​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់ ខែ​មីនា ឆ្នាំ​២០១៨ ជនជាប់ចោទ​ជា​អនីតិជន​ជាង ៨៣​ភាគរយ ពេល​បញ្ជូន​មក​សាលាឧទ្ធរណ៍​ស្លៀកពាក់​ឯកសណ្ឋាន​ជនជាប់ចោទ​ពណ៌​ទឹកក្រូច (មិនមែន​ឯកសណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​សម្រាប់​ទណ្ឌិត)

អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​សិទ្ធិមនុស្ស​ដដែល​យល់ថា នេះ​ជា​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​ស្វាគមន៍​ដែល​គោរព​ការ​សន្មត​ទុកជាមុន​ថា គ្មាន​ទោស។ ប៉ុន្តែ CCHR លើកឡើង​ថា បើ​ផ្អែក​តាម​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​គឺ​អនុញ្ញាត​ឱ្យ​ជនជាប់ចោទ ជា​អនីតិជន​ស្លៀក​សំលៀកបំពាក់​ផ្ទាល់ខ្លួន។ ចំណុច​ល្អ​មួយទៀត​ក្នុង​សំណុំរឿង​អនីតិជន​មួយ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ធ្វើ​ឡើងជា​អសាធារណៈ​ដែល​នេះ​បង្ហាញ​ពី​ការអនុវត្ត​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន​របស់​អនីតិជន។

ទាក់ទង​ការ​រកឃើញ​នេះ​ដែរ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា លោក ស្វាគមន៍​ចំពោះ​ការ​ព្រួយបារម្ភ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា របប​របស់​លោក​បាន​ប្រឹងប្រែង​ធ្វើ ការងារ​ជាច្រើន​មក​ហើយ​ដូចជា​៖ ការ​កែប្រែ​ច្បាប់​មួយ​ចំនួន ការ​ពន្យល់​ច្បាប់ និង​អនុវត្ត​ច្បាប់ ហើយ​របប​ក្រុងភ្នំពេញ​បាន​បន្ត​កំណែទម្រង់​បន្ថែម​ទៀត​លើ​ការអនុវត្ត​ការ​របស់​ខ្លួន​ទាក់ទង និង​សិទ្ធជន​ជាប់ចោទ​ជា​អនីតិជន។ «»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រម្លឹក​ថា តាមច្បាប់​របស់​កម្ពុជា និង​គោលការណ៍​សិទ្ធិមនុស្ស​ជាសកល ជនជាប់ចោទ​ជា​អនីតិជន​មាន​សិទ្ធិ​ទទួល​បាន​ការការ​ពារ​សិទ្ធិ រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន​របស់​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​នីតិវិធី​ទាំងអស់ ការ​សួរដេញដោល​សាក្សី និង​ជនជាប់ចោទ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សវនាការ​អសាធារណៈ ការ​ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​លើ​អនីតិជន​ត្រូវ​ធ្វើ​ឡើង​សម្រាប់​វិធានការ​ចុងក្រោយ។

ទាក់ទង​ការ​រក​ឃើញ និង​សំណើ​ទាំងនេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​របស់​ខ្លួន​បាន​ជួបពិភាក្សា​ជាមួយ​អនុប្រធាន​សាលាឧទ្ធរណ៍ ហើយ​តំណាង​សាលាឧទ្ធរណ៍​សន្យា​ថា នឹង​ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​ការងារ​របស់​ខ្លួន។

អង្គការ​សង្គម​ស៊ីវិល​ដដែល​អំពាវនាវ​ដល់​ចៅក្រម និង​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ស្តារ​នីតិសម្បទា​ជនជាប់ចោទ​ជា​អនីតិជន​ជាជាង​ការ​ផ្ដន្ទាទោស​តែ​ម្យ៉ាង ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន និង​ទាមទារ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​ចៅក្រម និង​ព្រះរាជអាជ្ញា​បន្ថែម​ទៀត​ទាក់ទង​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដល់​អនីតិជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។