អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ជំរុញឲ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យបង្កើតច្រកទ្វារអ៊ិនធឹណិតជាតិ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ថ្កោលទោសរដ្ឋាភិបាលដែលបានចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ិនធឹណិតជាតិ។ អង្គការនេះថា អនុក្រឹត្យនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធររដ្ឋអាចរាំងខ្ទប់ ឬប្លុកការតភ្ជាប់អ៊ិនធឹណិត និងព័ត៌មានអនឡាញ (online) បានតាមទំនើងចិត្ត។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពាវនាវដល់រដ្ឋាភិបាលឲ្យលុបចោលអនុក្រឹត្យនេះ ដោយសារតែអនុក្រឹត្យនេះនឹងដាក់អ៊ិនធឹណិតឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយបង្កើតបាននូវប្រព័ន្ធនៃការរឹតត្បិតសិទ្ធិសេរីភាពមិនហ៊ានបញ្ចេញមតិខ្លួនឯង។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ កុម្ភៈកន្លងទៅថា នឹងផ្តល់នូវកម្រិតនៃការគ្រប់គ្រងព័ត៌មាន និងដំណឹងដែលមិនធ្លាប់ឃើញមាននៅកម្ពុជាចាប់តាំងពីរបបខ្មែរក្រហមមក។ អង្គការដដែលនេះពន្យល់ថា អនុក្រឹត្យនេះ នឹងក្លាយជាអាវុធផ្លូវច្បាប់មួយ ដែលនឹងជួយសម្រួលដល់ការគ្រប់គ្រងព័ត៌មានអនឡាញ ដោយសារតែច្រកចេញចូលតែមួយនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរអាចទាញយកមកវិញនូវទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ហើយអាចប្លុកខ្លឹមសារនៃអ៊ិនធឹណិតបានទាំងស្រុង ឬដោយផ្នែក។
អង្គការអន្តរជាតិដដែលនេះ បន្តថា ក្រៅពីនេះ អាជ្ញាធរក៏អាចឈ្លបយកការណ៍លើសកម្មភាពអ្នកប្រើប្រាស់នៅតាមប្រព័ន្ធអ៊ិនធឹណិតផងដែរ។ នាយកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ផ្សាយនៅថ្ងៃទី២៥ កុម្ភៈថា ការបង្កើតអនុក្រឹត្យនេះ គឺជាការយកគំរូតាមទាំងស្រុងពីប្រព័ន្ធ Great Firewall បង្កើតឡើងដោយអាជ្ញាធរចិន ដែលជំនាញខាងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងការឈ្លបយកការណ៍កម្រិតអន្តរជាតិ។ លោកជំរុញឲ្យមេដឹកនាំកម្ពុជាលុបចោលគម្រោងការនៃការបង្កើតច្រកទ្វារអ៊ិនធឹណិតជាតិនេះ។
ជុំវិញការរិះគន់ក្រោយរដ្ឋាភិបាលចេញអនុក្រឹត្យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្លាប់បកស្រាយថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គ្មានគោលដៅរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិដោយយកតាមគំរូរបស់ប្រទេសចិននោះទេ។ ក្រសួងពន្យល់ថា ផ្ទុយទៅវិញ ការបង្កើតច្រកទ្វារអ៊ិនធឹណិតជាតិនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលជាតិដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាព ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ ព្រមទាំងជួយស្កាត់ការលួចតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។