សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​បន្ត​ដាក់​ពាក្យ​ប្ដឹង​សុំ​ដក​ប្រធាន​អភិវឌ្ឍន៍​ជនបទ

ដោយ រដ្ឋា វិសាល
2017.02.19
សហគមន៍​ជនជាតិ​ដើម​ភាគតិច មណ្ឌលគិរី ២០១៦ ៨៥៥ សហគមន៍​ក្នុង​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

សហគមន៍​ព្នង​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ខេត្ត​មណ្ឌលគិរី បន្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​សុំ​ដក​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ក្រោយ​ពេល​សហគមន៍​បដិសេធ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត។ ការ​ស្នើសុំ​ដក​តំណែង​មន្ត្រី​ថ្នាក់​ខេត្ត​នេះ សហគមន៍​អះអាង​ថា ដោយសារ​មន្ត្រី​នោះ​រំលោភ​ទៅ​លើ​សិទ្ធិ​នៃ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ។

ពាក្យ​បណ្ដឹង​មាន​ស្នាម​មេដៃ​ជនជាតិ​ដើម​ភាគតិច​ព្នង ជិត ៨០០​នាក់​នៅ​ទូទាំង​ខេត្ត​មណ្ឌលគិរី បាន​ដាក់​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ​ចំនួន​៦ ឲ្យ​ជួយ​រក​យុត្តិធម៌​ចំពោះ​អ្វី​ដែល​សហគមន៍​ចោទ​ប្រកាន់​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ តំណាង​សហគមន៍​ពីរ​នាក់​បាន​នាំ​យក​ពាក្យ​បណ្ដឹង​ដាក់​ជូន​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​មន្ត្រី​ថ្នាក់​ខេត្ត ដែល​ពួក​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​ខុស​តួនាទី​របស់​ខ្លួន។

តំណាង​សហគមន៍​ដែល​នាំ​យក​ពាក្យ​បណ្ដឹង​ដាក់​ជូន​ស្ថាប័ន​ទាំង​៦ គឺ​លោក ប្រប ជីប ថ្លែង​ថា នេះ​ជា​ជម្រើស​ថ្មី​បន្ថែម​ទៀត​ក្រោយ​ពេល​សហគមន៍​បដិសេធ​មិន​ទទួល​យក​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត ទាក់ទិន​ការ​តវ៉ា​របស់​សហគមន៍។ លោក​ថា សហគមន៍​នៅ​តែ​ចាត់​ទុក​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី មាន​ចេតនា​បំបិទ​សេរីភាព និង​រើសអើង​ជនជាតិ​ដើម​ភាគតិច​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់​បាន​កំណត់៖ «ថ្ងៃ​កៀក​រៀបចំ​ហើយ បែរ​ជា​គាត់​មក​ជំទាស់​មក​គំរាម​កំហែង​ប្រជាពលរដ្ឋ​ថា​មិន​ឲ្យ​ធ្វើ គ្មាន​ច្បាប់។ អ៊ីចឹង​មាន​ន័យ​ថា​គាត់​បដិសេធ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទូទាំង​ខេត្ត​មណ្ឌលគិរី អត់​មាន​ស្វាគមន៍​គាត់​ទៀត​ទេ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តំណាង​សហគមន៍ ៨​នាក់​មក​ពី​ស្រុក​កោះញែក ស្រុក​អូររាំង ស្រុក​ពេជ្រាដា និង​ក្រុង​សែនមនោរម្យ បាន​មក​កាន់​សាលា​ខេត្ត​មណ្ឌលគិរី តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​តំណាង​ពួក​គេ​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ ពាក់ព័ន្ធ​ពាក្យ​ប្ដឹង​របស់​សហគមន៍។

ដោយឡែក​សមាជិក​សហគមន៍​ជាង ៣០​នាក់​ផ្សេង​ទៀត បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ខេត្ត គាំទ្រ​តំណាង​ពួក​គេ​ដែល​ចូលរួម​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​នេះ ក៏ប៉ុន្តែ​មិន​មាន​លទ្ធផល​ណា​មួយ​ដែល​សហគមន៍​ទទួល​យក​នោះ​ទេ ខណៈ​ដែល​អាជ្ញាធរ​ចាត់​ទុក​ទំនាស់​ដែល​កើត​ឡើង​រវាង​សហគមន៍ និង​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ គឺ​ជា​រឿង​ភ័ន្ត​ច្រឡំ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ចឹង សុចន្ថា កត់​សម្គាល់​ថា អាជ្ញាធរ​ខេត្ត​ខិតខំ​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍ ដោយ​ផ្អែក​ទៅ​លើ​ហេតុការណ៍​ពិត​ដែល​បាន​កើត​ឡើង​ទាក់ទិន​ការ​ចោទ​ប្រកាន់​របស់​សហគមន៍។ លោក​ថា អាជ្ញាធរ​ខេត្ត​រក​មិន​ឃើញ​ថា មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ មាន​កំហុស​ដូច​ការ​ចោទ​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិន​បើ​សហគមន៍​មិន​ទទួល​យក​ការ​សម្របសម្រួល​នោះ​ទេ សហគមន៍​មាន​សិទ្ធិ​ប្ដឹង​ទៅ​ស្ថាប័ន​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៀត៖ «ស្រេច​តែ​គាត់​ទៅ នេះ​ជា​រឿង​របស់​ស្ថាប័ន​រដ្ឋ​ទេ មិន​មែន​សមត្ថកិច្ច​គាត់​ត្រូវ​សុំ​ដក​អ្នក​ណា​ដក​នោះ​ទេ។ ទាល់​តែ​អ្នក​នោះ​មាន​កំហុស​ច្បាស់លាស់ មិន​មែន​តាម​គាត់​ស្អប់​អ្នក​ណា គាត់​សុំ​ដក​អ្នក​ហ្នឹង ធ្វើ​ការ​ម៉េច​កើត»

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចំនួន​បី ឋិត​ក្នុង​ស្រុក​ពេជ្រាដា ស្រុក​កោះញែក និង​ស្រុក​កែវសីមា កាល​ពី​ខែ​វិច្ឆិកា អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​រំខាន​អ្នក​ភូមិ​ដែល​ជួបជុំ​គ្នា​សែន​ព្រេន​បែប​ប្រពៃណី កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​អបអរ​ខួប​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ ចំណែក​នៅ​ឃុំ​ដាក់ដាំ សហគមន៍​មិន​បាន​ប្រារព្ធ​ទិវា​នេះ​ទេ ដោយសារ​តែ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា វិញ ផ្ទុយ​ទៅ​នឹង​គម្រោង​ដែល​បាន​ឯកភាព​គ្នា។ តំណាង​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​ចាត់​ទុក​ថា នេះ​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ហើយ​បដិសេធ​មិន​ចូលរួម​ពិធី​រៀបចំ​ឡើង​ខុស​វេលា ដែល​រៀបចំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យន់ សារោម ចាត់​ទុក​ការ​ដាក់​ពាក្យ​បណ្ដឹង​លើ​រូប​លោក គឺ​ជា​សិទ្ធិ​របស់​សហគមន៍ ក៏ប៉ុន្តែ​រូប​លោក​នៅ​តែ​អះអាង​ថា មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​នោះ​ទេ។ លោក​ថា មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​ចូលរួម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​រៀង​រាល់​ឆ្នាំ ដែល​ជា​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​តាម​ការ​ណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អាជ្ញាធរ​ខេត្ត៖ «ខ្ញុំ​ដែល​រំលោភ​ស្អី ហើយ​បើ​គាត់​ប្ដឹង ហើយ​អត់​ខុស តើ​អ្នក​ប្ដឹង​ហ្នឹង​គិត​យ៉ាង​ម៉េច? ឥឡូវ​កុំ​យក​ជនជាតិ​ដើម​ភាគតិច​ធ្វើ​មុខ​របរ​ណា! ថ្ងៃ​ក្រោយ​ប្រឈម​ដោយសារ​គេ​បោក​គាត់»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ដែរ​ថា អាជ្ញាធរ​ខេត្ត​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍​មួយ​លើក​រួច​ហើយ ក៏ប៉ុន្តែ​ការ​សម្របសម្រួល​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ខេត្ត​គួរ​ស្វែងរក​លទ្ធភាព​ច្រើន​ជាង​នេះ ជាពិសេស​បើក​ទូលាយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​សង្កេតការណ៍ និង​ផ្តល់​យោបល់​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​មាន​ជំនឿ​ចិត្ត​លើ​ដំណោះស្រាយ​របស់​ថ្នាក់​មូលដ្ឋាន ហើយ​រួម​គ្នា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ក្រោយ​ឲ្យ​ប្រសើរ ចៀសវាង​កើត​មាន​បាតុភាព​ដូចនេះ​ទៀត៖ «ជួនកាល​អាច​ថា​ប្រជាពលរដ្ឋ​លោក​យល់​មិន​ទាន់​ច្បាស់ យល់​មិន​ទាន់​ស៊ី​ជម្រៅ អ៊ីចឹង​ខេត្ត​គាត់​ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​សាធារណៈ​ដើម្បី​គាត់​បាន​ទទួល​ស្គាល់​ចំណុច​ទាំងអស់​ហ្នឹង​បាន។ យើង​គាំទ្រ​ធ្វើ​យ៉ាង​ណា​ការ​ដោះស្រាយ​ហ្នឹង​ត្រូវ​បើក​ចំហ និង​សាធារណៈ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​បញ្ជាក់​ថា ​ស្ថាប័ន​ទាំង​៦ នៅ​ថ្នាក់​ជាតិ​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​សហគមន៍​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។ តំណាង​សហគមន៍​រំពឹង​ថា ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ នឹង​ស៊ើប​អង្កេត រួម​ទាំង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។