តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមករណីមេឃុំ ស៊ាង ចែត នៅថ្ងៃទី៥ ធ្នូ
2016.11.11
តុលាការរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមមេឃុំស្រក មកពីគណបក្សប្រឆាំង នៅដើមខែធ្នូ ឆ្នាំ២០១៦ លើសំណុំរឿងសូកប៉ាន់សាក្សី ទាក់ទងរឿងអាស្រូវស្នេហារវាងប្រធានស្ដីទីបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ មេធាវីការពារ លោក ស៊ាង ចែត សង្ឃឹមថា កូនក្ដីលោកនឹងរួចផុតពីការចោទប្រកាន់ បើតុលាការប្រើឆន្ទានុសិទ្ធិ ដោយឈរលើអង្គហេតុពិតប្រាកដនោះ។
ការបើកសវនាការជំនុំជម្រះ លោក ស៊ាង ចែត លើទឹកប្រាក់ ២លានរៀល ដែលអង្គភាពប្រឆាំងអំពើពុករលួយចោទមេឃុំបក្សរូបនេះថា សូកប៉ាន់សាក្សីនោះ ប្រើពេលជាង ១ម៉ោង។ លោក ស៊ាង ចែង បញ្ជាក់ប្រាប់ចៅក្រមជំនុំជម្រះថា ទឹកប្រាក់ ២លានរៀលនោះ ជាលុយដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ផ្ញើតាមលោកជួយយកទៅប្រគល់ឲ្យលោកស្រី ស៊ាង លន ត្រូវជាម្ដាយស្រីមុំ។ មេឃុំរូបនេះបញ្ជាក់ថា នោះជាថវិកាសប្បុរសធម៌មកពីក្រៅប្រទេសជួយគ្រួសារ ស្រីមុំ។
ពេលតុលាការបញ្ជាឲ្យក្រឡាបញ្ជីអានចម្លើយសាក្សី ឈ្មោះ ស៊ាន លន ក្នុងដំណាក់កាលចៅក្រមស៊ើបសួរលោកស្រី ស៊ាង លន ប្រាប់តុលាការថា ពេលលោក ស៊ាង ចែត ហៅលោកស្រីទៅផ្ទះដើម្បីប្រគល់លុយឲ្យ ប៉ុន្តែលោកស្រីថា មិនយកលុយនេះទេ ព្រោះដឹងមកពីណា។
ទាក់ទងនឹងការណែនាំឲ្យស្រីមុំ ទៅឆ្លើយមិនពិតនៅក្រសួងមហាផ្ទៃ វិញ លោក ស៊ាង ចែត និយាយថា លោកគ្រាន់តែទទួលពាក្យពីលោក ម៉ៅ មុនីវណ្ណ ប៉ុណ្ណោះ។ ពាក្យសម្ដីដែលលោក ម៉ៅ មុនីវណ្ណ ឲ្យលោក ស៊ាង ចែត និយាយប្រាប់ ស្រីមុំ មាន ៥ចំណុច។ ទី១ បើទៅបំភ្លឺនៅក្រសួងមហាផ្ទៃ កុំទៅម្នាក់ឯង ត្រូវទៅជាមួយអង្គការអាដហុក (ADHOC) ទី២ ពេលចេញវិញបើមានគេសម្ភាសន៍ កុំនិយាយច្រើនប្រយ័ត្នខុស ទី៣ ពេលឆ្លើយគឺឆ្លើយឲ្យដូចកាលនិយាយនៅវិទ្យុអាស៊ីសេរី ទី៤ ទៅសមាគមអាដហុក វិញ ដើម្បីឲ្យមេធាវីជូនទៅការិយាល័យអង្គការសហប្រជាជាតិ និងទី៥ ស្នើឲ្យមន្ត្រីសិទ្ធិមនុស្សជួយឲ្យបានចេញទៅក្រៅប្រទេស។ ប៉ុន្តែសម្ដីទាំងនេះ លោក ស៊ាង ចែត បញ្ជាក់ថា លោកនិយាយជាមួយបងថ្លៃ ស្រីមុំ គឺលោកស្រី នូ សុធារ៉ា ប៉ុណ្ណោះ ប៉ុន្តែឈ្មោះ សុធារ៉ា ប្រាប់លោកវិញថា លោកស្រីបានគិតគូររួចហើយ។
ថ្វីត្បិតតែអង្គសេចក្ដីក្នុងសវនាការផ្ដោតលើទឹកប្រាក់ ២លាន និងអ្នកទទួលលុយនោះមិនមែនជារូបស្រីមុំ ក្ដី តំណាងអយ្យការ លោក សៀង សុខ នៅតែរក្សាការចោទប្រកាន់ លោក ស៊ាង ចែត ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ព្រោះលោក ស៊ាង ចែត បានបញ្ចុះបញ្ចូលសាក្សីមិនឲ្យនិយាយការពិតនៅពេលឆ្លើយនៅក្រសួងមហាផ្ទៃ។
ចំណែកមេធាវី ហែម សុជាតិ ស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះ ព្រោះមិនឈរលើអង្គហេតុពិតប្រាកដ។ មេធាវីរូបនេះនិយាយថា លុយនោះមិនមែនជាប្រាក់របស់លោក ស៊ាង ចែត ហើយអ្នកទទួលប្រាក់នោះ ក៏មិនមែនជា ស្រីមុំ ដែរ។ ហេតុនេះ លោក ស៊ាង ចែត សង្ឃឹមថា កូនក្ដីលោកនឹងរួចផុតពីការចោទប្រកាន់ បើតុលាការប្រើឆន្ទានុសិទ្ធិផ្អែកលើអង្គហេតុពិតប្រាកដមែននោះ៖ «អ្វីដែលស្រីមុំ និយាយ ជារឿងផ្ទាល់ខ្លួនរបស់ស្រីមុំ។ ស្រីមុំ និយាយបំណងល្អ ឬមិនល្អ ខ្ញុំជាមេធាវីមិនបានដឹងទេ ប៉ុន្តែខ្ញុំដឹងថា កូនក្ដីរបស់ខ្ញុំអត់បានយកលុយទៅទិញទឹកចិត្តស្រីមុំទេ គឺយកលុយទៅឲ្យម្ដាយស្រីមុំ ក្នុងន័យមនុស្សធម៌តែប៉ុណ្ណោះ ហើយមិនមែនលុយរបស់គាត់ទេ។ អ្វីដែលស្រីមុំ អះអាងក្នុងលិខិតអីនោះ គឺជារឿងរបស់ស្រីមុំ ដែលស្រីមុំ ជាអ្នកទទួលខុសត្រូវចំពោះច្បាប់ដោយខ្លួនឯង»។
មុនមន្ត្រីពន្ធនាគារនាំខ្លួនមេឃុំស្រក មកពីខេត្តកំពង់ចាម ទៅឃុំនៅពន្ធនាគារវិញ លោក ស៊ាង ចែត បង្ហាញក្ដីសង្ឃឹមថា តុលាការនឹងដោះលែងលោកឲ្យមានសេរីភាពវិញ ដើម្បីជួបជុំគ្រួសារ និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់៖ «ថ្ងៃនេះជាលើកទី២ហើយ អ៊ីចឹងថ្ងៃទី៥ (ធ្នូ) នេះ ខ្ញុំសង្ឃឹមថា បាននៅក្រៅឃុំហើយ»។
តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦៕