យុវជន​ដែល​ចង់​ដឹកនាំ​បាតុកម្ម​ប្រឆាំង​ការ​រំលាយ​បក្ស​ប្រឆាំង​ប្រកាស​មិន​ចូល​ខ្លួន​បំភ្លឺ

ដោយ ហេង សកល
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៧។
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៧។
RFA

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ត្រូវ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ អះអាង​ថា លោក​មិន​ចូលខ្លួន​តាម​ដីកា​បង្គាប់​ទេ ដោយសារ លោក​មិន​ជឿ​ជាក់​ថា តុលាការ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​តុលាការ​ឯករាជ្យ។

លោក ឡេង សេងហុង ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី២៩ វិច្ឆិកា ថា ជនរងគ្រោះ ព្រោះ​តែ​តុលាការ​មិន​ឯករាជ្យ មិន​មែន​​កើត​ឡើង​តែ​លើ​រូប​លោក​ម្នាក់​ទេ គឺ​មាន​ទាំង​សកម្មជន​ដីធ្លី សកម្មជន​គណបក្ស​នយោបាយ​ដែល​ហ៊ាន​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សង្គម​ស៊ីវិល អ្នកឃ្លាំមើល​សង្គម រហូត​ដល់​អ្នក​សារព័ត៌មាន។

សម្រាប់​លោក ឡេង សេងហុង តុលាការ​នៅ​កម្ពុជា គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ចាប់​មនុស្ស​ណា​ដែល​លោក​មិន​ពេញចិត្ត ដាក់​គុក​តែ​ប៉ុណ្ណោះ។ «»

យុវជន​លេច​មុខ​ថ្មី​ម្នាក់​នេះ ត្រូវ​បាន​ព្រះរាជ្ញអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ សៀង សុខ ប្រើ​អំណាច​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​បំភ្លឺ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺ​ក្រោយ​ពេល​ដែល​យុវជន​រូប​នេះ ប្រកាស​ឲ្យ​សមាជិក​ខ្លួន​ត្រៀម​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​រូប​លោក​ហៅ​សាលដីកា​តុលាការ​កំពូល ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​សាលដីកា​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​ប្រទេស​ត្រលប់​ទៅ​របប​ផ្ដាច់ការ ដែល​មិន​អាច​ប្រកែក​បាន។

លោក ឡេង សេងហុង អះអាង​ថា លោក​មិន​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ដោយ​សារ ការ​អំពាវនាវ​ធ្វើ​បាតុកម្ម​សម្ដែង​ការ​មិន​ពេញចិត្ត ដែល​លោក​បាន​អំពាវនាវ មិនមែន​ជា​ទង្វើ​ខុស​ច្បាប់ ឬ​ជា​ទង្វើ​ញុះញង់ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក សៀង សុខ នោះ​ទេ តែ​ជា​អំពើ​ស្របច្បាប់​នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ។ លោក​បន្ត​ថា រដ្ឋ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ចាប់​ខ្លួន​លោក មុន​កាល​បរិច្ឆេទ​ ដែល​តុលាការ​ឲ្យ​ចូល​បំភ្លឺ កត្ដា​នេះ ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​ការ​ចាប់​ខ្លួន។

បើ​ទោះ​ជា​យ៉ាងណា លោក ឡេង សេងហុង នៅ​តែ​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ដដែល នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិទី៦ ឆ្នាំ​២០១៨ បើ​ទោះ​ជា​ស្ថិត​ក្នុង​រូបភាព​គំរាមកំហែង​ធ្ងន់ធ្ងរ​បែប​ណា​ក៏​ដោយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ ជុំវិញ​ការ​ប្រកាស​មិន​ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​សន្តិសុខ​​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ តាម​ដីកា​បង្គាប់​របស់​លោក សៀង​ សុខ។ ប៉ុន្តែ លោក ខៀវ សុភ័គ ធ្លាប់​ប្រាប់​សារព័ត៌មាន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ឈ្មោះ ដើម​អម្ពិល កាល​ពី​ថ្ងៃ២១ វិច្ឆិកា ថា បើ​យុវជន ឈ្មោះ ឡេង សេងហុង ពិតជា​មាន​គម្រោង ធ្វើបាតុកម្ម​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ប្រាកដ​មែន​នោះ នឹង​ចាត់​វិធានការណ៍ តាម​ផ្លូវ​ច្បាប់ ព្រោះ​បច្ចុប្បន្ន​បដិវត្ត​ពណ៌​នៅ​តែ​មាន នៅ​កម្ពុជា ហើយ​ការ​ប្រមូល​ផ្ដុំ​ណាមួយ​នោះ គឺជា​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បដិវត្ត​ពណ៌។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​របស់​អង្គការ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ក្រោយ​ពេល​ប្រធាន​អង្គការមួយនេះប្រកាស​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ។ ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​របស់​លោក ស ខេង បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ដែល​មិន​រក​ប្រាក់​កម្រៃ​ក្រៅ​រដ្ឋាភិបាល​របស់​លោក ឡេង សេងហុង អនុវត្ត​រំលោភ​ច្បាប់។ លោក ឡេង សេងហុង ហៅ​ការ​ចោទ​ប្រកាន់ និង​ការ​បង្ខំ​ឲ្យ​បិទ​អង្គការ ថា ក្រសួង​មហាផ្ទៃ​រំលោភ​ច្បាប់។

មាត្រា​៣៧ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​​ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រម​ខណ្ឌ​នៃ​ច្បាប់។ ចំណែក មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​​ចែងថា បាតុកម្ម​ដោយ​សន្តិវិធី សំដៅ​លើ​​ការ​ប្រ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា សម្ដែង​ជា​សាធារណៈ​នូវ​មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ​របស់​ខ្លួន​តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ​ដោយ​សន្តិវិធី។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម សុនឌឿន មើល​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កាលៈទេសៈ​បក្ស​កាន់​អំណាច​ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការ​បំបាត់​គណបក្ស​នយោបាយ​ជា​ដៃគូ។ ការ​មើល​ឃើញ​របស់​លោក សាម សុនឌឿន ផ្ទុយ​គ្នា​ពី​ការ​មើល​ឃើញ​របស់​មន្ត្រី​ទទួល​បាន​លាភ​សក្ការៈ​ពី​រដ្ឋាភិបាល ដែល​ហ៊ាន​អះអាង​ថា សកម្មភាព​កន្លង​មក​គឺ​ជា​ការ​ពង្រឹង​នីតិរដ្ឋ។ លោក សាម សុនឌឿន យល់​ថា យន្តការ​ដោះ​ស្រាយ​នៅ​ពេល​នេះ គឺ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​តស៊ូ​បែប​អហិង្សា​តែប៉ុណ្ណោះ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ព្រោះ​បក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ទាំង​កងកម្លាំង​ទ័ព និង​តុលាការ ជា​ឧបករណ៍​ក្នុង​ការ​បង្ក្រាប​អ្នក​ណា​ដែល​​ហ៊ាន​តវ៉ា ការ​សម្រេច​ចិត្ត​របស់​បក្ស​កាន់​អំណាច។ «»

ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ ​លោក ឯម សុវណ្ណារ៉ា ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ចំណាត់​ការ​របស់​តុលាការ​ លើ​យុវជន ឡេង សេងហុង ជា​ការ​គាបសង្កត់ បំបាក់​ស្មារតី និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​លោក​ចាត់ទុកថា របប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលអ្នកមិនធ្វើអ្វីដែលតុលាការរបស់ហ៊ុន - សែនបង្គាប់.
វាគឺខុសទាំងស្រុងដែលប្រជាជនខ្មែរនៅតែធ្វើតាមលោកហ៊ុនសែននិងស្វាតុលាការ.

Nov 30, 2017 02:26 AM

គេហទំព័រ​ទាំងមូល