សមត្ថកិច្ច​ថា លោក គិត ធាង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត ដោយសារ​ស្ថានភាព​ជំងឺ​ត្រូវ​សង្គ្រោះ​បន្ទាន់

2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
រូបពី​ហ្វេសប៊ុក៖ Royal Finanancial Corp

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ជន​ត្រូវ​ចោទ លោក គិត ធាង ដែល​ជា​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ (ROCK) ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត កាល​ពី​ពាក់​កណ្ដាល​យប់ ថ្ងៃ​ទី១ ចូល​ថ្ងៃ​ទី២ ខែ​មេសា។

លោក នុត សាវនា ប្រាប់​ថា ខាង​ពន្ធនាគារ​ឃើញ​ស្ថានភាព​ជំងឺ​របស់​លោក គិត ធាង មិន​ស្រួល ខ្លាច​ស្លាប់​ក្នុង​ពន្ធនាគារ ដូច្នេះ មិន​ហ៊ាន​ទុក​យូរ​ទេ ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត ទាំង​យប់ និង​បាន​រាយការណ៍​ភ្លាមៗ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ព្រះរាជអាជ្ញា។

ចំពោះ​ស្ថានភាព​ជំងឺ​បែប​ណា លោក​ប្រាប់​ថា មិន​ដឹង​ទេ។ តែ​នៅ​កន្លែង ដែល​ជន​សង្ស័យ​កំពុង​សម្រាក​ព្យាបាល សមត្ថកិច្ច​បាន​ដាក់​ឆ្មាំ​ពន្ធនាគារ ២នាក់ ឲ្យ​យាម​ប្រចាំ​ការ។

លោក​ឧកញ៉ា គិត ធាង តុលាការ ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១១ មីនា និង​​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឲ្យ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី១២ មីនា នៅ​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ពន្ធនាគារ ប៉េហ្ស៊ី (PJ)។ លោក​ត្រូវ​ចៅក្រម​ស៊ើបសួរ ចោទ​ប្រកាន់​បទ​ ចាត់​ចែង ​សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ ដោយ​ខុស​ច្បាប់​នូវ​សារ​ជាតិ​ញៀន និង​បទ​សម​គំនិត តាម​មាត្រា៤២ និង​៤៤ នៃ​ច្បាប់​ស្ដីពី​ការ ត្រួត​ពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

សមត្ថកិច្ច​ថា សំណុំ​រឿង​នេះ កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​​ និង​កំពុង​តាម​ចាប់​ខ្លួន ​​ប្រធាន​ផ្នែក​អន្តរាគមន៍ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ឈ្មោះ ឡេង សុខគង់ ដែល​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត រ៉ក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល