មន្ត្រី​គណបក្ស​អះអាង​ថា​ អ្នក​ស្រី​ សុខរ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ពិត​ជា​បាន​ញុះញង់​ប្រជាពលរដ្ឋ​ឱ រំលោភ​យក​ដី​ប្រាកដ​មែន

2019-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា។
ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា។
Photo: RFA

ប្រធាន​គណបក្ស នគរ​ប្រជាធិបតេយ្យ​ លោក​ ចាន់ យ៉េត​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ មេសា​នេះ​ថា​ សមាជិក​បក្ស អ្នក​ស្រី​ សុខ​រ័ត្ន សុវណ្ណបញ្ចៈសីលា​​បាន​ញុះញង់​អោយ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យានជាតិ​គូលែន​ភ្នំ​ទេព​នៅ​ក្នុង​ខែត្រ​ព្រះវិហារ​តាម​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី១៦ មេសា​ថា អ្នក​ស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង ដើម្បី​ភាព​ស្រប​ច្បាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ពី​បទ​សង្ស័យ​ថា ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​ទេព។

លោក​ចាន់ យ៉េត បញ្ជាក់​ថា​ អ្នក​ស្រី​ សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ត្រូវ​បាន​សមាជ​របស់​គណបក្ស​បណ្ដេញ​ចេញ កាល​ពី​ថ្ងៃ​ទី២០ កញ្ញា ២០១៨ ដោយ​សារ​តែ​សកម្មភាព​របស់​អ្នកស្រី​បាន​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​របស់​គណបក្ស។ លោក​អះអាង​ថា នៅ​ថ្ងៃ​កើត​ហេតុ​នៅ​អ្នក​ស្រី​បាន​ចុះ​ទៅ​ដោយ​គ្មាន​លិខិត​បញ្ជាក់​បេសកកម្ម​ពី​រដ្ឋាភិបាល​ក្នុង​នាម​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់៖ «គាត់​ធ្វើ​ខុស​នីតិវិធី។ អា​ហ្នឹង​គេ​ហៅ​ថា ញុះញង់។ បើ​សិន​ជា​រដ្ឋាភិបាល​ចង់​ចោទ​ប្រកាន់​គាត់​ គឺ​បាន ដោយសារ​គាត់​មិនមែន​ជា​ប្រធាន​បក្ស​ត​ទៅ​ទៀត​ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១៨ ម្លេះ»

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​អ្នក​ស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៧ មេសា។

អ្នកស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា ជា​ស្ត្រី​ដំបូង​គេ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន ៣០រូប ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា កាល​ពី​ថ្ងៃ​ទី៦ កញ្ញា​ ​តែង​តាំង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ តាម​ការ​ស្នើសុំ​ពី​របប​ក្រុង​ភ្នំពេញ។

អ្នកស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា​នៅ​មុន​ការ​បោះឆ្នោត​ ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ក្រោយ​មក​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស នគរ​ប្រជាធិបតេយ្យ​វិញ ហើយ​អ្នក​ស្រី​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ប្រធាន​គណបក្ស​តាំង​ពី​ពេល​នោះ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល