​ចំនួន​ទណ្ឌិត ដែល​ត្រូវ​ទទួល​បាន​ការ​បន្ធូរបន្ថយ និង​លើក​លែង​ទោស​ ក្នុង​ឱកាស​បុណ្យ​ពិសាខ​បូជា ​នៅ​មិន​ទាន់​សម្រេច

ដោយ មាន ឫទ្ធិ
2019.05.06
អ្នកទោស អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
RFA

ទង​នឹង​ការ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​ជាង​ ២៥០នាក់ ​ក្នុង​ពិធីបុណ្យ​ពិសាខ​បូជា អ្នក​នា​ពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក គឹម សន្តិភាព នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​ចំនួន​ទណ្ឌិត​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយសារ​កំពុង​ពិនិត្យ​មើល​លើ​សំណើ​របស់​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន២២ និង​មណ្ឌល​អប់រំ​កែ​ប្រែ​ចំនួន៣។

លោក គឹម សន្តិភាព ពន្យល់​ថា លក្ខខ័ណ្ឌ​ដែល​ទណ្ឌិត​ត្រូវ​ទទួល​បាន​ការ​បន្ធូរ​បន្ថយ ឬ​លើក​លែង​ទោស មាន​ការ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ ​លក្ខខ័ណ្ឌ​ការ​កែ​ប្រែ​ខ្លួន ហើយ​ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​គណៈកម្មការ​ថ្នាក់​ជាតិ អំពី​ប្រភេទ​បទ​ល្មើស និង​ការ​ខូច​ខាត ដែល​បង្ក​ពី​អំពើ​ល្មើស​របស់​ទណ្ឌិត​នីមួយៗ៖ «បាទ! យើង​ប្រជុំ​ពិនិត្យ​ល្ងាច​មិញ​ហ្នឹង​ហើយ ប៉ុន្តែ​គ្រាន់​ថា​នៅ​ទណ្ឌិត​មួយ​​នៅ​ស្រាវជ្រាវ​រក​ឯកសារ​ថែម​ចឹង​ណា៎។ អ៊ីចឹង! មក​ដល់​ម៉ោង​នេះ តួលេខ​ពិត​មិន​ទាន់​មាន​ទេ។ បាទ! គឺ​ខ្ញុំ​អត់​អាច​ជម្រាប​ជូន​បានទេ គឺ​ត្រូវ​រង់ចាំ​ មាន​ការ​បញ្ជក់​មួយ​ផ្លូវការ​ពី​ខាង​ជំនាញ​មក​សិន ទាក់ទង​នឹង​ឯកសារ​ទណ្ឌិត​មួយ​ចំនួន​ដែល​គណៈកម្មការ​ជាតិ​តម្រូវ​ឲ្យ​ស្វែង​រក»

គណៈកម្មការ​រាជធានី-ខេត្ត បាន​ធ្វើ​លិខិត​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក អង្គ វង្ស​វឌ្ឍនា ស្នើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត សរុប ២៥២នាក់ ក្នុង​នោះ​មាន​ស្រី ១៦នាក់​ សម្រាប់​បុណ្យ​ពិសាខ​បូជា ត្រូវ​នឹង​ថ្ងៃ​ទី១៨ ឧសភា ខាង​មុខ​នេះ។

របប​ក្រុងភ្នំពេញ​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​សុំ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ទូទាំង​ប្រទេស​ មាន ៣ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ពិសាខ​បូជា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។ ក្នុង​ឆ្នាំ២០១៩ នេះ មាន​ទណ្ឌិត ៤២នាក់​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស និង ៨នាក់ ទទួល​បាន​ការ​លើក​លែង​ទោស ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។