ប័ណ្ណសារព័ត៌មាន
2023-11-16
អ្នកច្បាប់ និងសកម្មជនសម្ដែងការបារម្ភពីបូរណភាពទឹកដីដោយសារតែយន្តការរបស់រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។
2023-11-11
គ្រួសារនិងសង្គមស៊ីវិល ខកចិត្តនឹងតុលាការកំពូលដែលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីបក្សភ្លើងទៀន ពីររូបនៅក្រៅឃុំ ទោះបីជាពួកគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវការពេទ្យជំនាញព្យាបាលចាំបាច់ក៏ដោយ។
2023-11-06
សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាកោះហៅមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបនៅខេត្តកំពង់ស្ពឺ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាមួយជនចាប់ចោទឈ្មោះ សរ សារ៉ាត។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យតុលាការខេត្តព្រះសីហនុ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះករណីនេះ។
2023-10-28
គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលគ្រោងបង្កើតនេះ ដើម្បីពង្រឹង លើកកម្ពស់វិស័យយុត្តិធម៌ និងជួយសម្រុះសម្រួលវិវាទរបស់ពលរដ្ឋនៅមូលដ្ឋាន។ មន្ត្រីសង្គមស៊ីវិល ស្វាគមន៍គម្រោងរបស់រដ្ឋាភិបាលនៅពេលនេះ ប៉ុន្តែបារម្ភថា យន្តការនេះដោះស្រាយបានតែមួយរយៈពេលខ្លីក៏ស្ងាត់ទៅវិញ។
2023-10-20
រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានប្រសូតជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣។ ច្បាប់កំពូលមួយនេះ គឺជាសមិទ្ធផលដ៏ចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ដែលបិទបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា អស់រយៈពេលជាង ២ទសវត្សរ៍។ តើរដ្ឋធម្មនុញ្ញកម្ពុជានៅរក្សាគុណតម្លៃ និងអានុភាពរបស់ខ្លួនក្នុងនាមជាច្បាប់កំពូលរបស់ជាតិដែរឬទេ?
2023-10-17
អ្នកជំនាញច្បាប់ថា វិស័យយុត្តិធម៌បន្តធ្លាក់ចុះ បើទោះជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីបានឡើងកាន់តំណែងបាន ៣ឆ្នាំហើយក្ដី ដោយសារអំពើពុករលួយ បក្ខពួកនិយម ដែលធ្វើឱ្យពលរដ្ឋបន្តរងគ្រោះ និងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលទាមទារឱ្យមានការកំណែទម្រង់ជាបន្ទាន់។
2023-10-12
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការតែងតាំង និងការផ្ទេរមុខតំណែងមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នតុលាការ នៅមិនទាន់បង្ហាញថា ស្ថាប័ននេះ នឹងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរបាននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើស្ថាប័នតុលាការ នៅតែមិនឯករាជ្យ ហើយស្ថិតក្រោមអំណាចនយោបាយនោះ ពលរដ្ឋ សកម្មជនសង្គម បរិស្ថាន និងនយោបាយ នៅតែរងភាពអយុត្តិធម៌។
2023-09-10
ក្រុមស្ត្រីបឹងកក់រិះគន់តុលាការឧទ្ធរណ៍ភ្នំពេញ ដែលមិនព្រមទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ពាក់ព័ន្ធនឹងសំណុំរឿងកាលពី១១ឆ្នាំមុន ដែលអតីតតំណាងសហគមន៍បឹងកក់ម្នាក់ប្ដឹងពួកគាត់ពីបទជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថា នឹងសម្លាប់ ។ ពួកគាត់យល់ថា ការសម្រេចរបស់តុលាការនេះ គឺជាការអនុវត្តច្បាប់មានស្តង់ដារពីរ។
2023-09-08
មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកចាប់អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ របស់ថៃដែលកំពុងគេចខ្លួននៅកម្ពុជាប្រគល់ឱ្យថៃវិញ។ សំណើរបស់សង្គមស៊ីវិលនេះបន្ទាប់ពីតុលាការថៃបានចេញដីកាចាប់អតីតរដ្ឋមន្ត្រីរូបនេះពីបទក្លែងបន្លំ ក្នុងពេលដែលលោកជាអភិបាលក្រុងផាត់តាយ៉ា (Pattaya)។
2023-08-31
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់អ្នកទោសមេខ្លោងគ្រឿងញៀនជនជាតិតៃវ៉ាន់ និងបក្ខពួកចំនួន ១១នាក់ពីបទលាងលុយកខ្វក់ ព្រមទាំងបទល្មើសជាច្រើនទៀត និងបង្គាប់ឱ្យសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៣០ ខែសីហា។ មន្ត្រីសិទ្ធិមនុស្សទទូចឱ្យស្ថាប័នមានសមត្ថកិច្ចពន្លឿននីតិវិធីស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់។
2023-08-20
អតីតអ្នកជាប់ឃុំរិះគន់អាជ្ញាធរពន្ធនាគារ និងតុលាការនៅតែអនុវត្តស្តង់ដារពីរចំពោះអ្នកជាប់ឃុំ ដោយសារពួកគេមើលឃើញថា អ្នកជាប់ឃុំខ្លះដែលជាឧក្រិដ្ឋជនមានលុយអាចទទួលបានការសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ស្របពេលអ្នកទោសមនសិការដែលមានជំងឺធ្ងន់ធ្ងរមិនទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការអនុវត្តមិនស្មើភាពគឺជាទង្វើគ្មានមនុស្សធម៌ដែលបំពានច្បាប់ និងសិទ្ធិរបស់ជនជាប់ឃុំទាំងនោះ។
2023-08-14
អ្នកសិក្សាផ្នែកច្បាប់បង្ហាញក្ដីបារម្ភថា ស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជានឹងមិនមានភាពល្អប្រសើរឡើយ នៅពេលទំនាក់ទំនងកម្ពុជា ចិន កាន់តែរឹងមាំ។
2023-08-10
ក្រុមយុវជនសិក្សាផ្នែកច្បាប់ ស្នើឱ្យនាយករដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧ គឺលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការជាស្ថាប័នឯករាជ្យ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះការស្នើសុំនេះ ហើយថា លោក ហ៊ុន ម៉ាណែត នឹងមានកេរ្តិ៍ឈ្មោះល្អប្រសើរ ប្រសិនបើនាយករដ្ឋមន្ត្រីថ្មីរូបនេះធ្វើឱ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ ខណៈមន្ត្រីគណបក្សប្រឆាំងអះអាងថា លោក ហ៊ុន ម៉ាណែត គ្មានលទ្ធភាពធ្វើឱ្យប្រព័ន្ធតុលាការឯករាជ្យនោះឡើយ។
2023-07-07
ប្រពន្ធបុរសម្នាក់ដែលរិះគន់របបដឹកនាំរបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក (Facebook) ស្នើដល់តុលាការខេត្តបន្ទាយមានជ័យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងប្តីឱ្យវិលមកជួបជុំគ្រួសារឡើងវិញ។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់អាជ្ញាធរត្រូវបែងចែកឱ្យច្បាស់អ្វីជាសិទ្ធិបញ្ចេញមតិ និងអ្វីជាបទល្មើស ពីព្រោះការយកក្រមព្រហ្មទណ្ឌទៅចោទ និងផ្ដន្ទាទោស មិនបានត្រឹមត្រូវនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ។
2023-07-03
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៅថ្ងៃទី៣ ខែកក្កដានេះ ឱ្យដឹងថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី២៣ មិថុនា និងព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី២៩ មិថុនានោះគឺ ស្របនឹងរដ្ឋធម្មនុញ្ញ។