តុលាការ​កំពូល​ប្រគល់​អត្តសញ្ញាណប័ណ្ណ តែ​បន្ត​រក្សា​ទុក​លិខិត​ឆ្លងដែន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី

ដោយ ខែ សុណង
2020.05.27
អ៊ួន ឈិន យាង សុធារិន្ទ ៦២២ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។
RFA

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី២៦ ឧសភា​នេះ បាន​បើក​ការ​ជំនុំ​ជម្រះ​លើ​សំណើសុំ​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បានសម្រេច​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ឱ្យ​លោក អ៊ួន ឈិន វិញ ក៏​ប៉ុន្តែ​នៅ​តែ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​អ្នក​ទាំង​ពីរ​ដដែល។

តុលាការ​កំពូល​មិន​ព្រម​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ វិញ ក្រោម​ហេតុ​ផល​ថា លិខិត​ឆ្លងដែន​នៅ​មាន​ភាព​ចាំបាច់​ក្នុង​​កិច្ច​ស៊ើបសួរ​បន្ត​ទៀត។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​​ទុក​រឿង​ស្នើសុំ​លិខិត​ឆ្លងដែន​នេះ ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​ជា​អ្នក​សម្រេច​វិញ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក សំ ចំរើន យល់ថា សេចក្តី​សម្រេច​បែបនេះ​មានន័យ​ស្មើនឹង​ការ​ដាក់​កូន​ក្តី​របស់​លោក​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ប្រយោល ព្រោះ​សេរីភាព​ដើរហើរ​របស់​ពួក​គេ​នៅ​តែ​ស្ថិត​ក្រោម​ការ​រឹតត្បិត។ លោក​អះអាង​ថា លិខិត​ឆ្លង​ដែន​មិន​មែន​ជា​វត្ថុ​តាង​នាំទៅ​រក​ការ​ពិត​នៃ​សំណុំ​រឿង​នោះ​ទេ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​តុលាការ​ត្រូវ​រក្សា​ទុក​នោះ​ទេ៖ «ដំណើរការនីតិវិធី​​កន្លងមក គឺ​ពួក​គាត់​ទាំងពីរ​​នាក់​បាន​រួច​ផុត​ពីកាតព្វកិច្ច​​ដាក់ឱ្យ​ស្ថិត​​ក្រោម​​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ហ្នឹង​ហើយ ហើយហេតុ​អ្វី​​ចាំ​បាច់​ថែរក្សា​ទុក​ឯកសារ​ដែល​មិន​មាន​ផល​ប្រយោជន៍​នៅក្នុង​ការ​សម្តែង​ការ​ពិត​នៅក្នុង​សំណុំរឿងធ្វើអ្វីទៀត»។

មេធាវី សំ ចំរើន ឱ្យ​ដឹង​ទៀត​ថា លោក​កំពុង​រង់​ចាំ​សាលដីកា​ជា​លាយ​លក្ខណ៍​អក្សរ​ពី​តុលាការ​កំពូល ដើម្បី​យក​ទៅ​បង្ហាញ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ សុំ​យក​អត្តសញ្ញាណប័ណ្ណ​ឱ្យ​លោក អ៊ូន ឈិន វិញ។ ដោយ​ឡែក សម្រាប់​​លោក យាង សុធារិន្ទ វិញ លោក​ថា តុលាការ​មិន​បាន​ដក​ហូត​អត្តសញ្ញាណប័ណ្ណ​របស់​គាត់​នោះ​ទេ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ូន ឈិន ថ្លែង​ថា លោក​នឹង​យក​អត្តសញ្ញាណប័ណ្ណ​ ដើម្បី​ធ្វើ​​ឯកសារ​ផ្លូវ​ការ​នានា ទាក់ទង​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​ការ​លិខិត​ឆ្លងដែន​ដែរ ដើម្បី​ចេញ​​ទៅ​ពិនិត្យ​សុខភាព និង​វគ្គ​បណ្ដុះបណ្ដាល​នានា នៅ​ក្រៅ​ប្រទេស៖ «ពួក​ខ្ញុំ​ត្រូវ​បាន​គេ​វាស់​ដីឱ្យ​ដើរ​ដដែល​ហ្នឹង​ អត់​មានទៅ​ទទួល​បាន​ឱកាស​រៀន​​សូត្រ​ បង្កើន​ចំណេះដឹង ទទួល​បាន​បទពិសោធន៍​ថ្មីៗអ្វី​ថែម​​ទៀតឯណា»។

ចំណែក​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ឱ្យ​ដឹង​ថា លោក​សាទរ​ដែល​តុលាការ​កំពូល​​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​លោក អ៊ួន ឈិន ដែល​ប្រៀប​បាន​នឹង​ការ​ផ្ដល់​សញ្ជាតិ​ឱ្យ​គាត់​វិញ​យ៉ាង​ដូច្នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​ខក​ចិត្ត​ដែល​តុលាការ​កំពូល​មិន​ព្រម​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​​ពួក​លោក​វិញ ព្រោះ​ពួក​លោក​ត្រូវ​ការ​ឯកសារ​នេះ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ ជាពិសេស​រូបលោក​ផ្ទាល់​ត្រូវ​ការ​លិខិត​ឆ្លងដែន​ដើម្បី​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ​វ័យ​ចាស់​ជរា នៅ​ដែន​ដី​កម្ពុជា​ក្រោម៖ «កន្លង​ទៅ​ ទោះបី​ជា​ខ្ញុំចេញពីពន្ធនាគារ​ក៏ដោយ សាច់​ញាតិ​ខ្ញុំ​នៅ​កម្ពុជា​ក្រោម​ ដូច​ជា​អ៊ុំបង្កើត​ខ្ញុំអ៊ីចឹង​​ស្លាប់ ហើយ​ជីដូន​មួយ​​ខ្ញុំ​ស្លាប់​ មីង​ខ្ញុំ​ស្លាប់ ខ្ញុំ​អត់​បាន​ទៅ​ចូល​រួម​បុណ្យ​សព​ពួក​គាត់​ទេ ​ដោយសារ​ការ​រឹតត្បិតរបស់​តុលាការ​មក​លើ​​សេរីភាព​ការ​ដើរហើរ​របស់​ខ្ញុំ​ហ្នឹង។ ឱកាស​ជួប​ឪពុក​ម្តាយ​ ហើយ​ឪពុក​ម្តាយ​ចាស់​ជរា មើល​ទៅ​វា​អមនុស្ស​ធម៌​មែន​ទែន»។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្ដាយ​ដែល​សិទ្ធិ​​​សេរីភាព​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​នៅ​តែ​ស្ថិត​ក្រោម​ការ​រឹតត្បិត តាម​រយៈ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល។ លោក​ថា តុលាការ​មិន​គួរ​រក្សា​ទុក​វត្ថុ​តាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​បែប​នេះ​ទេ ព្រោះ​ការ​សម្រេច​បែបនេះ​ហាក់​ដូច​ជា​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដដែល៖ «ទោះជាមាន​ចំណុច​វិជ្ជមាន​ដែល​បាន​ទទួល​អត្តសញ្ញាណ​ប័ណ្ណ​​ហ្នឹង​ក៏ដោយ ប៉ុន្តែ​សេរីភាព និង​សិទ្ធិ​របស់​គាត់​ក៏​នៅ​តែ​ស្ថិត​នៅក្នុ​ងដែន​កំណត់ដដែល»។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ «ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» និង​បទ «ផលិត​វីដេអូ​អាសអាភាស»។ ក្រោយ​បើក​សវនាការ​ពីរ​ដង និង​ពន្យារ​ពេល​ប្រកាស​សាលក្រម​ម្តង តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឱ្យ​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​បន្ថែម​ទៀត។

សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ​ក្រោយ​ពិនិត្យ​ឃើញ​ថា តុលាការ​​គ្មាន​មូលដ្ឋាន​ និង​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បន្ត​ចោទប្រកាន់​ពួកគេ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។