តុលាការ​កំពូល លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ក្មួយ​ប្រុស​លោក ហ៊ុន សែន

ដោយ សុ ជីវី
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ជា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ។
លោក ហ៊ុន ជា ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ។
Photo courtesy of Hun Chea's Facebook page

តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលក្រម​លើ​បណ្តឹង​ស្នើសុំ​ទម្លាក់​បទ​ចោទ​របស់​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ​លោក ហ៊ុន ជា ទៅ​ថ្ងៃ​ក្រោយ​វិញ។

អ្នក​នាំ​ពាក្យ​តុលាការ​កំពូល លោក នៅ មុនីជោត មាន​ប្រសាសន៍​ថា គម្រោង​ប្រកាស​សាលក្រម​លើ បណ្ដឹង​សាទុក្ខ នៅ​ថ្ងៃ​ទី៣ ខែ​មេសា​នេះ ត្រូវ​បាន​លុប​ចោល​វិញ៖ «បាទ! អត់​បាន​ប្រកាស​ទេ លោក​ទៅ​ថ្ងៃ​ក្រោយ ហើយ​លើក​ទៅ​ថ្ងៃ​ណា​នោះ អត់​ទាន់​ដឹង​ច្បាស់​ទេ ទាល់​តែ​ស្អែក​ចាំ​ខល​មក​ម្ដង​ទៀត»

កាលពី​ថ្ងៃ​ទី២៧ ខែ​មីនា តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​ដែល​ប្ដឹង​ដោយ​លោក ហ៊ុន ជា ហើយ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី៣ ខែ​មេសា​នេះ។

កាលពី​ថ្ងៃ​ទី២ ខែ​ឧសភា ឆ្នាំ២០១៨ ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី​លោក ហ៊ុន ជា ត្រូវ​បាន​សាលា​ដំបូង​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨ខែ ដោយ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​សម្លាប់​តាម​មាត្រា២៣៣ និង​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា​តាម​មាត្រា៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ក្រោយ​ពី​លោក​បាញ់​រះ ប្រមាណ ១០គ្រាប់​ដោយ​គ្មាន​គោលដៅ កាល​ពី​យប់​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ២០១៨ ក្នុង​សង្កាត់​ផ្សារ ថ្មី១ ខណ្ឌ​ដូនពេញ​ ដោយ​សង្ស័យ​ថា អាច​កើត​ជម្លោះ​នៅ​ក្នុង​គ្រួសារ ឬ​ស្រវឹង​ស្រា។

សាលា​ដំបូង​បាន​ផ្ដន្ទាទោស​ឱ្យ​លោក ហ៊ុន ជា ជាប់​ពន្ធនាគារ ១៨ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក ហ៊ុន ជា អនុវត្ត​ទោស​បាន​ត្រឹម ៦ខែ រីឯ​ទោស​ដែល​នៅ​សល់ ១២ខែ​ទៀត​ត្រូវ​ព្យួរ។

មេធាវី​ការពារ​ក្ដី​លោក ហ៊ុន ជា គឺ​លោក គី ប៊ុនទ្រាន ប្រាប់​អាស៊ី​សេរី​ថា លោក និង​កូន​ក្ដី មិន​បាន​ទៅ​តុលាការ ដើម្បី​ស្ដាប់​សាលក្រម​ទេ។ ដូច្នេះ លោក​មិន​ដឹង​ថា តុលាការ​ប្រកាស​លើក​ពេល​ឡើយ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា តុលាការ​នឹង​ជូន​ដំណឹង​មក​លោក​វិញ។

លោក​ ហ៊ុន​ ជា ​ធ្លាប់​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ល្មើស​ច្បាប់​ជាច្រើន រួម​មាន អំពើ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ២០០០ និង២០១១ និង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់​ក្នុង​ឆ្នាំ២០០៨ ដែល​បណ្ដាល​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​ស្លាប់។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ក៏​ដោយ លោក​តែងតែ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​ឃុំខ្លួន​រយៈ​ពេល​ខ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល