តុលាការ​កំពូល​លើក​ពេល​ជំនុំ​ជម្រះ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​សារ​អវត្តមាន​មេធាវី​ការពារ​ឲ្យ​ពិរុទ្ធជន

ដោយ ជុន ច័ន្ទបុត្រ
2019-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក គង់ ស្រ៊ីម សម្រេច​លើកពេល​ជំនុំ​ជម្រះ ទៅ​ពេល​ក្រោយ​ដោយ​មិន​កំណត់​ពេល​ច្បាស់លាស់ លើ​បណ្ដឹង​សាទុក្ខ​របស់​ឈ្មោះ អឿត អាង ហៅ​ជួប សម្លាប់។ ការ​ផ្អាក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២០ ​មីនា គឺ​ស្ថិត​ក្រោម​ហេតុ​ផល​ថា គ្មាន​វត្តមាន​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ពិរុទ្ធជន។

លោក​មេធាវី​ អ៊ឹម ម៉ាច ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ចាត់​តាំង​ពី​គណៈ​មេធាវី ​ដើម្បី​ឲ្យ​ការ​ពារ​ក្ដី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ដឹង​ដែរ អំពី​ការ​លើក​ពេល​សវនាការ​នៅ​តុលាការ​កំពូល៖ «ខ្ញុំ​អត់​ដឹង​ដែរ​ព្រោះ​គណ​មេធាវី​តេ​ប្រាប់​ថា មាន​ការ​ចាត់​តាំង​ខ្ញុំ​ឲ្យ​ជម្រះ​នៅ​កំពូល​ ក៏​ប៉ុន្តែ​ដោយ​សារ​គាត់​តេ​ប្រាប់​ព្រឹក​មិញ រឿង​ត្រូវ​ជម្រះ​ព្រឹក​មិញ។ អ៊ីចឹង!​តាម​សំណើ​សិន​ទៅ បើ​គេ​លើក ហើយ​បើ​លិខិត​ចាត់​តាំង​មក​ដល់​ខ្ញុំ​ ខ្ញុំ​នឹង​ទទួល​ការពារ​តាម​ហ្នឹង»

កាល​ពី​ខែ​មិនា ឆ្នាំ​២០១៧ តុលាការ​ក្រុងភ្នំពេញ​សម្រេច​ផ្ដន្ទាទោស ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ «​ឃាតកម្ម​គិត​ទុក​ជា​មុន និង ការ​កាន់​កាប់​អាវុធ​ខុស​ច្បាប់»​។ ហើយ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ សាលា​ឧទ្ធរណ៍​ក៏​សម្រេច​ តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ក្រោយ​ពី​ពិរុទ្ធជន​​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សាល​ក្រម​នោះ តាម​រយៈ​មេធាវី។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ ការ​បាញ់​ប្រហារ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ ២ថ្ងៃ​ បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ចូល​រួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី និយាយ​អំពី​របាយការណ៍​អង្គការ Global Witness ដែល​លាត​ត្រដាង​ពី​ជំនួញ​គ្រួសារ​ត្រកូល ហ៊ុន នៅ​កម្ពុជា។ ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​​ថ្កោល​ទោស​ជា​ខ្លាំង​ករណី​ឃាតកម្ម បណ្ឌិត កែម ឡី ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។ ជិត៣ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​តែ​មិន​អាច​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ដែល​បញ្ជា​ឲ្យ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល