ក្រុម​ស្រ្តី​បឹង​កក់​ថា តុលាការ​កំពូល​សម្រេច​​ដោយ​លំអៀង និងប្រកាន់​បក្ស​ពួក ​ក្នុង​រឿង​ក្ដី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ពួក​គាត់​ឲ្យ​រង​របួស​កាល​ពី​ឆ្នាំ​២០១៣

2018-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យាយ ង៉ែត ឃុន ហៅ​យាយ ម៉ាំមី ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​រង​របួស​នៅ​ទ្រូង​ដោយ​គ្រាប់​ចម្ពាម​កៅស៊ូ ពេល​ដែល​ក្រុម​សន្តិសុខ​បង្ក្រាប​ស្ត្រី​បឹង​កក់​ធ្វើ​សមាធិ​នៅ​រមណីដ្ឋាន​វត្ត​ភ្នំ នៅ​យប​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៣។
យាយ ង៉ែត ឃុន ហៅ​យាយ ម៉ាំមី ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​រង​របួស​នៅ​ទ្រូង​ដោយ​គ្រាប់​ចម្ពាម​កៅស៊ូ ពេល​ដែល​ក្រុម​សន្តិសុខ​បង្ក្រាប​ស្ត្រី​បឹង​កក់​ធ្វើ​សមាធិ​នៅ​រមណីដ្ឋាន​វត្ត​ភ្នំ នៅ​យប​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៣។
រូប៖ RFA

តុលាការ​កំពូល​សម្រេច ​រក្សា​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន ក្នុង​សំណុំ​រឿង​ដែល​ដើមបណ្ដឹង​ជា​ស្ត្រី​បឹង​កក់​២នាក់ ​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ថា ​បាន​ប្រើ​ហិង្សា​មក​លើ​ពួក​គាត់​ឲ្យ​រង​របួស​បែក​ក្បាល​ដោយ​ចម្ពាមកៅស៊ូ និង​ដំបង​ឈើ​ នៅ​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ កាល​ពី​ឆ្នាំ​២០១៣។ ពួកគាត់​ចាត់​ទុក​ការសម្រេច​នេះ ជា​ការ​ប្រកាន់​បក្សពួក ដោយ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់ ​ដែល​ជា​ជន​រង​គ្រោះ​ពិតប្រាកដ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិមនុស្ស​ យល់​ថា​ ការ​សម្រេច​របស់​តុលាការ​ ក្នុង​រឿង​នេះ ​អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ឬ​ភាព​រួច​ទោស​ពៃ​ក្នុង​សង្គម កាន់​តែ​ច្រើន។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស៊្រីម នៅ ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា សម្រេច​ចាត់​ទុក​សាលដីកា​សាលា​ឧទ្ធរណ៍​​ជា​បាន​ ដោយ​សំអាង​ហេតុ​ដូច​ទៅ​នឹង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថា​រក​ជនល្មើស​មិន​ឃើញ ដែល​តុលាការ​ចាត់ទុកថា ជា​អញ្ញត្រ​ជន ឬ​ជន​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់។

លោកស្រី ង៉ែត ឃុន ដែល​ហៅ​ថា យាយ​ម៉ាំមី​ សំដែង​ក្ដី​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ចាប់​តាំង​ពី​តុលាការ​ជាន់​ទាប​ដល់​ជាន់​ខ្ពស់ ដែល​អាច​មិន​អាច​ផ្ដល់​ឲ្យ​រូប​គាត់ និង​លោកស្រី ផាន់ ឈុនរ៉េត ក្នុងរយៈ​ពេល​ជាង​៥ឆ្នាំ​កន្លង​មក​នេះ។ ស្រ្តី​បឹង​កក់​វ័យ​ចំណាស់​ជិត ៨០​ឆ្នាំ​ប្លាយ​ លោកស្រី ង៉ែត ឃុន ចាត់​ទុក​ថា ការសម្រេច​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ​ថា ​ជា​ការ​កាត់​សេចក្ដី​ដោយ​លំអៀង​ មិន​ឈរ​លើ​គោល​ការណ៍​យុត្តិធម៌​ និង​ច្បាប់​នោះ​ទេ​ ទោះ​បី​ជា​ពួក​គាត់​ខំ​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​មក​តុលាការ​កំពូល​ច្រើន​ដង​​ក៏​ដោយ៖ « តុលាការ​កំពូល​ហ្នឹង​គឺ អយុត្តិធម៌​ខ្លាំង​ណាស់។ គាត់​នៅ​និយម​បក្ស​គ្នា​គាត់​តែ​ពួក​គាត់​ហ្នឹង​ហ្មង ខ្ញុំ​និយាយ​អ៊ីចឹង​ហ្មង នៅ​តែ​ពុក​រលួយ​ នៅ​តែ​និយម​បក្ស​ពួក»

ក្នុង​ពេល​កំពុង​ស្ដាប់​ការ​ប្រកាស​សាលដីកា​តុលាការ​កំពូល​ លោកស្រី ង៉ែត ឃុន ប្រាប់​ថា មន្ត្រី​នគរបាល​យាម​នៅ​តុលាការ អូស​ដៃ​គាត់​ចេញ​ទៅ​ក្រៅ​បរិវេណ​តុលាការ​ មិន​ឲ្យ​គាត់​ថ្លែង​ប្រាប់​ចៅក្រម​ជំនុំជម្រះ​ពី​ទុក្ខ​លំបាក ដែល​​គាត់​រង​បួស​បែក​ក្បាល និង​ត្រូវ​គ្រាប់​ឃ្លី​ចំ​ដើមទ្រូង​ពី​សំណាក់​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ។

ក្រោយ​ពី​កើត​ហេតុការណ៍​ហិង្សា​នៅ​វត្ត​ភ្នំ​កាល​ពី​ឆ្នាំ​២០១៣ លោកស្រី​ ផាន់ ឈុនរ៉េត និង​លោកស្រី ង៉ែត ឃុន​ រស់នៅ​តំបន់​បឹង​កក់ បាន​ដាក់​ពាក្យ​ប្ដឹង​ ទៅ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ស្វែង​រក​​មុខ​ជន​ដៃ​ដល់​ និង​វែក​មុខ​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា យក​មក​កាត់​ទោស​តាម​ច្បាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ ពួក​គាត់ ​ប្ដឹង​ អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញ​វុធ ​ប្រធាន​ក្រុម​សន្តិសុខ​ លោក ទឹម វុត្ថា អធិការ​នគរបាល​ខណ្ឌ​ដូនពេញ លោក សៅ ណុល និង​មន្ត្រី​សាលា​ខណ្ឌ ​អ្នកស្រី ពេជ្រ សុ​ជាតា ថា​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់​ ឲ្យ​មាន​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ វាយ​បង្ក្រាប​ធ្វើ​បាប​មក​លើ​ពួកគាត់។

ប៉ុន្តែ​បណ្ដឹង​នេះ ​មិន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ក្រោម​ហេតុ​ផល​ថា ​រក​ជនល្មើស​មិន​ឃើញ។

ជុំវិញ​សំណុំ​រឿង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ពីសំណាក់​អាជ្ញាធរ​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ថ្លែង​ថា តុលាការ​មិន​គួរ​អនុវត្ត​ច្បាប់​ដោយ​ប្រើ​ស្តង់ដារ​ពីរ​នោះ​ទេ។ លោក​យល់​ថា ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ​ ដោយ​មិន​អាច​ស្វែង​ជន​ប្រព្រឹត្ត​បទ​ល្មើស​មក​កាត់​ទោស​តាម​ច្បាប់​បែប​នេះ នោះ​វា​មិន​ត្រឹមតែ​មិន​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ជា​រង​គ្រោះ​បាន​ទេ ប៉ុន្តែ​វា​នឹង​នាំឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​រួច​ទោស ​ក្នុង​សង្គម​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត៖ «រឿង​នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់។ យើង​ដឹង​ហើយ​ថា​ អ្នក​រងគ្រោះ​ជា​បន្តបន្ទាប់​ ដោយសារ​ការ​ចោទ​ប្រកាន់​អំពី​ហិង្សា​ដោយ​ចេតនា​ឬ​បង្ក​របួស​ស្នាម​ផ្សេងៗ តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​គាត់​រង​របួស​ រងគ្រោះ​ដោយ​សារ​ហិង្សា មន្ត្រី​នគរ​បាល​យុត្តិធម៌​ឬ​សមត្ថកិច្ច​ហ្នឹង មិន​អាច​រក​ជន​សង្ស័យ​ឬ​ជន​បង្ក​ហ្នឹង​យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​បាន។ នេះ​បង្ក​ឲ្យ​មាន​និទ្ទណ្ឌភាព»

នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣​ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ អ្នក​បឹង​កក់​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ មាន​កងរាជអាវុធហត្ថ និង​កង​សន្តិសុខ បាន​ប្រើ​ដំបង​ឆក់ ​ដំបង​ឈើ​ ចម្ពាម​កៅស៊ូ​ ប្រើ​គ្រាន់​ឃ្លី​ វាយ​សំពង និង​បាញ់​សំដៅ​ទៅ​លើ​ពួក​គាត់​ ដែល​ធ្វើ​សមាធិ​បង្អត់​អាហារ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា និង​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​នៅ​បឹង​កក់។ ការ​វាយ​បង្ក្រាប​នោះ បណ្ដាល​ឲ្យ​មនុស្ស ១១​នាក់​រង​របួស ក្នុង​នោះ​របួស​ធ្ងន់​ចំនួន ​៦​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្នុង​ចំណោម​អ្នក​រង​របួស​ ក៏​មាន​អ្នក​កាសែត មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ឃ្លាំ​មើល​សកម្មភាព​បង្ក្រាប​នោះ​ផង​ដែរ។ ក្រៅ​ពី​នេះ សមត្ថកិច្ច​ក៏​បាន​វាយ​ឲ្យ​ខូត​ខាត​រថយន្ត​សង្គម​ស៊ីវិល ២គ្រឿង និង​រឹប​អូស​យក​ម៉ូតូ​កង់​បី​របស់​ពលរដ្ឋ ២គ្រឿង​ថែម​ទៀត។

មុន​ប្រើ​អំពើ​ហិង្សា​នេះ ភ្លើង​អគ្គិសនី​សម្រាប់​បំភ្លឺ​នៅ​តាម​បង្គោល​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ក៏​ត្រូវ​បាន​កាត់​ផ្ដាច់។

ថ្វី​បើ​តុលាការ​កំពូល​មិន​អាច​ផ្ដល់​យុត្តិធម៌​ និង​មិន​អាច​វែកមុខ​ជន​ដៃ​ដល់​ ហើយ​នឹង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង មក​កាត់​ទោស​តាម​ច្បាប់​បាន​យ៉ាង​ណា​ក្ដី ស្ត្រី​បឹង​កក់​វ័យ​ចំណាស់​ទាំង​ពី​នាក់ បង្ហាញ​ជំហរ​ថា ពួកគាត់​នឹង​ពិភាក្សា​ជា​មួយ​មេធាវី ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពួកគាត់ ក្នុង​រឿង​ហិង្សា​បង្ក​របួស​ស្នាម​ដោយ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ដូនពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល