តុលាការ​ខេត្ត​ត្បូងឃ្មុំ គ្រោង​ប្រកាស​សាលក្រម សំណុំរឿង​សកម្មជន​១៤​នាក់​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា

ដោយ ហេង​ រស្មី
2021-06-18
Share

តុលាការ​ខេត្ត​ត្បូងឃ្មុំ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី សរុប​១៤​នាក់ នៅ​ថ្ងៃទី​៣០ មិថុនា បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​១៧ មិថុនា​។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ និង​ស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ក្រុម​សកម្មជន​ទាំង​នោះ។

សវនាការ​លើ​អង្គ​សេចក្តី​នេះ ជន​ជាប់ចោទ​៨​នាក់ មាន​វត្តមាន​ក្នុង​អង្គ​សវនាការ ចំណែក​៦​នាក់​ទៀត មិន​បាន​ចូល​សវនាការ​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ក្រោយ​ពេល​ចេញ​ពី​សវនាការ​ថា តុលាការ​បាន​ចោទសួរ​កូន​ក្តី​លោក​ជុំវិញ​រឿង​ពាក់អាវ​ដែល​មាន​ពាក្យ​ថា អរគុណ​សន្តិភាព តែ​ត្រូវ​គោរព​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅមុខ​ស្ថានទូត​ចិន និង​ស្ថានទូត​បារាំង កាលពី​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០២០ ចំ​ថ្ងៃ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោក​ថា តុលាការ​ក៏​សួរ​ដេញដោល​កូន​ក្តី​របស់​លោក​រឿង​បញ្ជី​ឈ្មោះ​អ្នក​ដែល​រ៉ៃ​អង្គាស​ប្រាក់​ជួយ​ឧបត្ថម្ភ​លោក​សកម្មជន​បក្ស​ប្រឆាំង ស៊ូ យាន ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ទៀត​ថា ផ្អែក​តាម​ការ​សួរដេញដោល​ក្នុង​សវនាការ​កូន​ក្តី​របស់​លោក គួរតែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ខាងមុខ​នេះ ប៉ុន្តែ​លោក​ហាក់​មិន​សង្ឃឹម​ថា ពួកគាត់​នឹង​ត្រូវ​ដោះលែង​នោះ​ទេ ព្រោះ​សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​រឿង​នយោបាយ៖ «ជា​រឿង​នយោបាយ​យើង​ឃើញ​ហើយ​កន្លង​មក​ហ្នឹង បទពិសោធន៍​គឺ​កម្រ​តុលាការ​ធ្វើតាម​ការ​ស្នើសុំ​របស់​មេធាវី ឬក៏​កូន​ក្តី ប្រសិនជា​យើង​មើល​អង្គហេតុ​ជាក់លាក់ និង​ភស្តុតាង​ប្រសិនជា​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ គឺ​ខ្ញុំ​គិតថា​កូន​ក្តី​ខ្ញុំ​ត្រូវ​បាន​ទទួល​យុត្តិធម៌​ពិសេស​រួចផុត​ពី​បទ​ចោទ អត់​មាន​ភស្តុតាង​ណា​ពាក់ព័ន្ធ»

សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​សរុប ១៤​នាក់ ក្នុង​នោះ ៨​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ និង ៦​នាក់​ទៀត កំពុង​រត់គេច​ខ្លួន​។ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ទាំង ៨​នាក់ មាន ៦​នាក់ ជា​សកម្មជន​បក្ស​ប្រឆាំង មាន​ជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និង​លោកស្រី ខន ទន។ ចំណែក​ពីរ​នាក់​ទៀត ពួកគេ​ជា​តំណាង​សហគមន៍​កសិករ និង​សកម្មជន​ដីធ្លី រួម​មាន លោក ផុន សុផល និង​លោក សែម ចំណាន​។ តុលាការ​ចោទប្រកាន់​ពួក​គេ​ផ្សេងៗ​គ្នា ពី​បទ​ផ្ដើមគំនិត សមគំនិត និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់​តាំងពី​ចុងឆ្នាំ​២០២០ រហូតដល់​ខែមករា ឆ្នាំ​២០២១ ដោយសារ​រឿង​ពាក់អាវ​ដែល​មាន​ពាក្យ​ថា អរគុណ​សន្តិភាព​តែ​ត្រូវ​គោរព​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន នៅ​រាជធានី​ភ្នំពេញ អំឡុង​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា។

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​លោក អ៊ំ យ៉េត គឺ​អ្នកស្រី ងួន ផល្លា ថ្លែង​ថា ប៉ូលិស​បាន​បណ្តេញ​ពួក​លោក​ស្រី​ដែល​មាន​គ្នា​ប្រមាណ​៣០​នាក់​ចេញ​ពី​មុខ​តុលាការ ប៉ុន្តែ​តុលាការ​ក៏​បាន​អនុញ្ញាត​គ្រួសារ​ជនជាប់ចោទ​អាច​ចូល​ស្តាប់​សវនាការ​បាន​ម្នាក់​ក្នុង​មួយ​គ្រួសារ​ផង​ដែរ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ស្នើ​សុំ​ឱ្យ​តុលាការ​ទំលាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​ប្តី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​ឡើយ​។ ម្យ៉ាងវិញ​ទៀត ប្តី​លោកស្រី​ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​លើស​សម្ពាធ​ឈាម ជំងឺ​ក្រពះ ជំងឺ​សើ​ស្បែក ដែល​ត្រូវការ​យកចិត្តទុកដាក់​ពី​គ្រួសារ៖ «តាម​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ផ្ទាល់​ទទួល​មិន​បាន​ទេ ការចោទ​ប្រកាន់​គាត់​គ្មាន​កំហុស​ទេ​ញុះញង់​អីហ្នឹង ចា៎​ព្រោះ​អី​គាត់​មិន​ធ្វើ​អី​ឱ្យ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សង្គម​អីហ្នឹង​ផង ចា៎​ខ្ញុំ​ព្រួយបារម្ភ​មែនទែន​ព្រោះ​ឃើញ​ស្រក​សាច់​ច្រើនណាស់​នៅ​ពន្ធនាគារ​ហ្នឹង​គាត់​ឡើង​ឈាម​ធ្វើទុក្ខ​ក្រពះ​ចុក​ខ្លាំង កើត​រមាស់ អ៊ីចឹង​ហើយ​បើ​គាត់​រស់នៅ​ក្នុង​ពន្ធនាគារ​យូរ​សុខភាព​គាត់​មិនអាច​ទ្រាំទ្រ​បានទេ​គាត់​មាន​អាយុ​ច្រើន​ហើយ»

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ទាំង​មតិ​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក ករណីនេះ​គឺជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​។ លោក​បញ្ជាក់​ថា ការ​ចូលរួម​សកម្មភាព​នយោបាយ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ៖ «យើង​តែងតែ​ទទូច​ឱ្យ​តុលាការ​ទំលាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​ហ្នឹង ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ហ្នឹង​គឺ​ថា ងាក​ទៅ​រក​ការ​ចរចារ​ដោះស្រាយ​ជម្លោះ​នយោបាយ​ដើម្បី​សម្របសម្រួល​ខាង​ផ្លូវ​នយោបាយ​ហ្នឹង​ប្រសើរ​ជាង​យើង​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើការ​ករណី​ដែល​ពាក់ព័ន្ធ​នយោបាយ​បែប​ហ្នឹង ដែល​ធ្វើ​ឱ្យ​ការ​មើល​ឃើញ​ពី​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ហ្នឹង»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ មក​ដល់​ខែ​មិថុនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​សង្គម និង​ក្រុម​យុវជន​ចំនួន ជិត​៨០​នាក់​ហើយ​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ ញុះញង់ និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ ដែល​ជា​បទ​ចោទ​ពេញនិយម​របស់​ព្រះរាជអាជ្ញា ហើយ​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ជា​ការ​ចោទប្រកាន់​តាម​ទំនើងចិត្ត។

កាលពី​ឆ្នាំ​២០២០ តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ចំណែក​សកម្មជន​បក្ស​នេះ​នៅ​ខេត្ត​កណ្តាល​៤​នាក់ ខេត្ត​សៀមរាប ៣​នាក់ និង​ម្នាក់ទៀត​នៅ​ខេត្ត​កំពត ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​៥ ឆ្នាំ ក្នុង​បទ​ចោទ​ដូចគ្នា​នេះ​ដែរ​។ អ្នក​តាមដាន​ស្ថានការណ៍ ចាត់ទុក​ការ​ចាប់ខ្លួន​ការចោទប្រកាន់ និង​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​រដ្ឋាភិបាល​ឱ្យ​អស់​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល